កន្លងផុតមួយខែ៖ លោក សម រង្ស៊ី នៅតែអះអាងពីភាពជោគជ័យនៃមាតុភូមិនិវត្តន៍ថ្ងៃទី០៩ វិច្ឆិកា
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី០៩ ខែវិច្ឆិកា-ថ្ងៃទី០៩ ខែធ្នូនេះ គឺរយៈពេលមួយខែហើយនៃការប្រកាសចូលស្រុកវិញរបស់លោកសម រង្ស៊ី។ ប៉ុន្តែពេលនោះ លោកសម រង្ស៊ី មិនបានចូលមកដល់ប្រទេសកម្ពុជាដូចការគ្រោងទុកឡើយ។ ទោះជាបែបនេះក្តី នៅថ្ងៃចន្ទនេះ តាមរយៈទំព័រហ្វេសប៊ុក លោកសម រង្ស៊ី នៅតែអះអាងថា មាតុភូមិនិវត្តន៍ថ្ងៃ០៩ វិច្ឆិកា គឺជាជោគជ័យមួយរបស់ក្រុមលោក។ សម្រាប់រដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាវិញ នេះ គឺជាបរាជ័យ ដែលបង្ហាញពីការបោកប្រាស់លើអ្នកគាំទ្ររបស់លោក សម រង្ស៊ី។
បើទោះបីកន្លងផុតទៅមួយខែទៅហើយក៏ដោយ ក៏ដំណើរមាតុភូមិនិវត្តន៍ថ្ងៃទី០៩ វិច្ឆិកា នៅតែត្រូវបានលោកសម រង្ស៊ី និង សហការីរបស់លោកលើកមកនិយាយជាបន្តបន្ទាប់ទាំងនៅតាមបណ្តាញសង្គម សារព័ត៌មាន និង នៅពេលជួបជាមួយជាអ្នកគាំទ្រនៅក្រៅប្រទេស។ គឺជាការនិយាយពីភាពជោគជ័យៗ ដែលលោកសម រង្ស៊ី សំដៅដល់ការជោគជ័យចិត្តសាស្រ្ត នយោបាយ និង ជោគជ័យលើសមរភូមិសារព័ត៌មាន។ លោកសម រង្ស៊ី បានហៅការជោគជ័យនេះថា ជាជោគជ័យធំណាស់ ព្រោះមានអ្នកការទូត អ្នកវិភាគនយោបាយអន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិធំៗបាននិយាយ និង បានជជែកពីដំណើរមាតុភូមិនិវត្តន៍របស់លោកនេះ។
ក៏ប៉ុន្តែ សម្រាប់រដ្ឋាភិបាលកម្ពុជា និង គណបក្សកាន់អំណាច ដំណើរមាតុភូមិនិវត្តន៍ថ្ងៃ០៩ វិចិ្ឆកានេះ គឺជាការបរាជ័យដ៏អាម៉ាស់បំផុតរបស់លោកសម រង្ស៊ី។ បរាជ័យ គឺនៅត្រង់ថា លោកសម រង្ស៊ី មិនបានចូលមកកាន់ប្រទេសកម្ពុជាបានដូចការគ្រោងទុករបស់លោក។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា បើទោះបីជាបរាជ័យបែបនេះទៅហើយ ក៏ក្រុមលោកសម រង្ស៊ី មិនឈឺក្បាលដែរ ដោយធ្វើមិនដឹងមិនឮ ហើយនៅតែបន្តបោកប្រាស់មហាជនដដែល។
ចំពោះលោកសម រង្ស៊ី វិញ គឺគ្មានឡើយការបរាជ័យ និង ការខកចិត្តចំពោះការមិនបានចូលមកកម្ពុជាវិញដូចការគ្រោងទុកនេះ។ ផ្ទុយទៅវិញ គឺលោកមានការហួសចិត្ត។ ហួសចិត្ត ដែលរដ្ឋាភិបាលកម្ពុជាខ្លាចការវិលចូលស្រុកវិញរបស់លោក។ តាមលោក សម រង្ស៊ី រដ្ឋាភិបាលកម្ពុជាបានរារាំងលោកមិនឱ្យចូលស្រុកវិញដោយហាមមិនឱ្យយន្តហោះណាដឹករូបលោក ហើយបានទាក់ទងរដ្ឋាភិបាលថៃមិនឱ្យរូបលោកឆ្លងកាត់ថៃ និង បានដាក់ពង្រាយកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីរារាំងលោកមិនចូលមកកម្ពុជា។
ក៏ប៉ុន្តែ លោកសុខ ឥសាន ហៅការលើកឡើងរបស់លោក សម រង្ស៊ី នេះ ថាគ្រាន់តែជាលេសតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកសុខ ឥសាន ក៏ថែមទាំងចំអកដាក់លោកសម រង្ស៊ី ទៀតថា ផែនការមកចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺឥតបានការអ្វីបន្តិចទេ ព្រោះជាក់ស្តែងលោកហ៊ុន សែន នៅតែកាន់អំណាចយ៉ាងរឹងមាំ ហើយប្រទេសកម្ពុជានៅតែមានសន្តិភាពស្ថិរភាពនយោបាយល្អ។ រីឯ ប្រជាជនកម្ពុជាវិញ នៅតែរស់នៅសុខសប្បាយជាធម្មតា គ្មានអ្នកណាភ្ញាក់ផ្អើលនឹងថ្ងៃ៩វិច្ឆិកានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ