លោក សម រង្ស៊ី ត្រូវបានក្រុមហ៊ុនយន្តហោះថៃមិនអនុញ្ញាតឲ្យឡើងយន្តហោះ នៅវិនាទីចុងក្រោយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចការគ្រោងទុក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានរៀបចំវ៉ាលីឡើងយន្តហោះពីប្រទេសបារាំងមកកាន់ប្រទេសថៃនៅថ្ងៃទី ០៧ វិច្ឆិកានេះ ក៏ប៉ុន្តែត្រូវបានក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងជិះយន្តហោះឡើយ។
បើតាមសេចក្តីរាយការណ៍ លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ព្រលានយន្តហោះ Charles De Gaulle ប្រទេសបារាំងនាល្ងាចថ្ងៃទី ០៧ វិច្ឆិកានេះ ដោយមានអ្នកហែរហមរាប់សិបនាក់។ ប៉ុន្តែបន្ទាប់ពីការជូនពរពីអ្នកគាំទ្រ ក្នុងនោះរួមមានទាំងព្រះសង្ឃផង លោក សម រង្ស៊ី ដែលហៀបនឹងឡើងយន្តហោះទៅហើយនោះ ត្រូវបានភាគីខាងក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ប្រាប់ថា មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងជិះយន្តហោះឡើយ។ នៅក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះក្នុងប្រទេសបារាំង លោក សម រង្ស៊ី បានថ្លែងថា ក្រុមហ៊ុនយន្តហោះថៃ មិនអនុញ្ញាតឲ្យលោកឡើងយន្តហោះនោះឡើយ ដោយសារមានគំនាប។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនៅតែប្តេជ្ញាចិត្តវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនាពេលខាងមុខ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គួរជំរាបជូនថា បើតាមគម្រោង លោក សម រង្ស៊ី ត្រូវចេញដំណើរពីទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី០៧ វិច្ឆិកានេះ ហើយត្រូវទៅដល់ប្រទេសថៃ នៅថ្ងៃសុក្រ ទី០៨ វិច្ឆិកា ដើម្បីត្រៀមចូលមកប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី០៩ វិច្ឆិកា ចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាបានចុះផ្សាយថា លោក សម រង្ស៊ី បានប្តូរជើងហោះហើររបស់ខ្លួន ពីថ្ងៃទី ០៧ ទៅថ្ងៃទី ០៩ វិច្ឆិកា វិញ ដោយហោះចេញពីទីក្រុងប៉ារីស ទៅកាន់ប្រទេសថៃ។ ទាក់ទងនឹងព័ត៌មាននេះ លោក សម រង្ស៊ី បានច្រានចោលទាំងស្រុង ប៉ុន្តែគេហទំព័រក្រុមហ៊ុន Thai Airways បានបង្ហាញពីការផ្លាស់ប្ដូរកាលបរិច្ឆេទនៃការធ្វើដំណើររបស់លោក សម រង្ស៊ី ដូចការចុះផ្សាយរបស់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាមែន។
ពីខាងរដ្ឋាភិបាលកម្ពុជាវិញ មន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍ស៊ីវិលកម្ពុជា បានព្រមានក្រុមហ៊ុនអាកាសចរណ៍ ឬអ្នកបើកយន្តហោះណាម្នាក់ ដែលហ៊ានដឹកលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា នឹងត្រូវចោទប្រកាន់ពីបទសមគំនិតផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ