ជប៉ុនសន្យាថានឹងបង្កើនចំនួនអ្នកវិនិយោគទុនជប៉ុននៅកម្ពុជានិងតំបន់អាស៊ាន!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីម្សិលមិញ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានឈ្មោះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្រិតតំបន់ RCEP។ ដោយឡែក ជប៉ុន សន្យាបង្កើនចំនួនអ្នកវិនិយោគទុនជប៉ុននៅកម្ពុជា ឲ្យកាន់តែច្រើន។
ដំបូងគួរជ្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្រិតតំបន់ ហៅកាត់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដែលបានត្រូវស្នើឡើង រវាងរដ្ឋសមាជិកទាំងដប់របស់អាស៊ាន។ មុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនៅពេលនេះ, គេត្រូវពិភាក្សាចរចាគ្នា អស់៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ គឺនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដូច្នេះនៅពេលនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្រិតតំបន់ គឺមានរដ្ឋសមាជិកអាស៊ានទាំង១០ ជាមួយប្រទេសដៃគូចំនួនប្រាំមួយផ្សេងទៀត គឺអូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, កូរ៉េខាងត្បូង និង ឥណ្ឌា។ ការសម្រេចបានកិច្ចព្រមព្រៀងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន ទាំង១០ បានទៅប្រជុំជជែកគ្នា ចំនួន៣ថ្ងៃ ពីថ្ងៃទី៦ ដល់ទី៨ មេសា នៅខេត្តអូសាកា ប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សា និងព្រមព្រៀងលើការអភិវឌ្ឍធនធានមនុស្ស, ការរៀបចំច្បាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានក្របខ័ណ្ឌពាណិជ្ជកម្មសេរីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ជប៉ុន ក៏រំពឹងថា នឹងអភិវឌ្ឍផែនការកិច្ចសហប្រតិបត្តិការ ផ្នែក SMEs ក្រុមហ៊ុនខ្នាតតូច និងមធ្យម នៅរដ្ឋសមាជិកអាស៊ាន។
គួរបញ្ជាក់ដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងជប៉ុន បានកើនដល់ ២៣៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥។ អាស៊ានបាននាំចេញចំនួន ១១៤ ពាន់លានទៅជប៉ុន។
ដោយឡែក បើនិយាយតែពី កម្ពុជានិងជប៉ុន ប្រទេសទាំងពីរ បានយល់ព្រមព្រៀងបង្កើតព្រឹត្តិការណ៍ជំរុញធរុកិច្ចថែមទៀតសម្រាប់វិស័យឯកជន។ នៅក្នុងជំនួបពិភាក្សាជាមួយ លោក Hiroyuki ISHIGE ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន JETRO និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា លោកទាំងពីរ បានព្រមព្រៀងបង្កើតឲ្យមានព្រឹត្តិការណ៍ជំរុញធរុកិច្ចកាន់តែច្រើន ដើម្បីផ្តល់ឱកាសដល់ធុរជនខ្មែរនិងជប៉ុន អាចធ្វើការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម និងបទពិសោធ ឲ្យគ្នាទៅវិញទៅមក។
ទន្ទឹមនេះ ជប៉ុនសន្យាថានឹងបង្កើនចំនួនវិនិយោគិនជប៉ុននៅកម្ពុជា ក៏ដូចជាការទាក់ទាញធរុកិច្ច និងការបណ្តាក់ទុនកាន់តែច្រើនពីប្រទេសជប៉ុន ព្រមទាំងប្រទេសនៅក្នុងតំបន់ ឲ្យមកកាន់ប្រទេសកម្ពុជា។ ថែមពីនេះ ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ថាគ្រោងនឹងរៀបចំ ដំណើរបេសកម្មវិស័យឧស្សាហកម្មម្ហូបអាហារ មកកាន់ស្រុកកម្ពុជា នាពេលខាងមុខផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ