កម្ពុជា

គ.​ជ.​ប ​ទាត់​ចោល​ការ​លើក​ឡើង​ពី​ភាព​មិន​ស្រប​ច្បាប់​និង​ប្តេជ្ញា​រៀប​ចំ​បោះឆ្នោត​នា​ពេល​ខាង​មុខ​តាម​ច្បាប់

កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
ដោយ៖ ញឹម សុផល
១៣ នាទី

បន្ទាប់​ពី​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ចោទ​ប្រកាន់​នានា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ទាត់​ចោល​ការ​លើកឡើង​ដែល​ថា​ស្ថាប័ន​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់​។ ​ជាមួយ​គ្នា​នេះ ​គ​.ជ​.ប ​នៅ​តែ​អះអាង​ថា​ស្ថាប័ន​កំពូល​រៀបចំ​ការ​បោះឆ្នោត​នេះ ​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់ ​និង​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​ឲ្យ​ខាង​តែ​បាន​។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.ជ.​ប​) ​តាម​រយៈ​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​ខ្លួន ​បាន​អះអាង​ថា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ស្រប​ទៅតាម​ច្បាប់​ដោយ​ឯករាជ្យ ​និង​អព្យាក្រឹត ​ដើម្បី​ធានា​ថា​ការ​បោះឆ្នោត​មួយ​លើក​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌​។

ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​បែបនេះ ​គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការរិះគន់ ​និង​លើកឡើង​ដែល​មិនទាន់​អស់​ចំហាយ​នៅ​ឡើយ​ថា ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ នា​ពេល​ខាងមុខ​នឹង​មិន​មាន​ភាព​ស្របច្បាប់​ឡើយ ​បើ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចូលរួម​។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​នេះ​ដែរ ​គ.​ជ.​ប ​បាន​អះអាង​ថា​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គឺ​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ​និង​ប្រជាជន​កម្ពុជា ​មិនមែន​ជា​របស់​គណ​បក្ស​ណា ​ឬ​នរណា​មួយ​ឡើយ​ ប៉ុន្តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ ពហុបក្ស ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​ លិខិត​ដដែល​វាយ​តម្លៃ​ថា​ការ​លើកឡើង​ពី​អព្យាក្រឹត​ភាព​នឹង​ភាព​ត្រឹមត្រូវ​របស់​គ.​ជ.​ប ​វា​ជា​ការ​ធ្វើ​បុរេ​វិនិច្ឆ័យ​នៅពេល​ដែល​ការ​បោះឆ្នោត​នៅ​មិនទាន់​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ​។

សូម​រំលឹក​ថា ​ចាប់តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ​ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ ​ចាប់តាំងពី​តុលាការ​កំពូល​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​ មនុស្ស​សំខាន់​ៗ​អតីត​គណបក្ស​ប្រឆាំង​១១៨​នាក់​និង​ចាប់តាំង​ពី​សមាជិក​គ.​ជ​.ប ​ចំនួន​៣​នាក់​ដែល​មកពី​កូតា​អតីត​គណបក្ស​ប្រឆាំង ​លាលែង​ពី​តំណែង​សមាជិក​គ.​ជ.​ប ​ការ​រិះគន់​ពី​ភាពស្រប​ច្បាប់ ​ពី​សំណាក់​អតីត​មន្ត្រី​និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ព្រមទាំង​អ្នក​តាមដាន​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​កើត​ឡើង​ឥត​ឈប់ឈរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI