កាកបាទក្រហមកម្ពុជាប្រមូលបានថវិកាជាង១៣លានដុល្លារ ពីទិវាពិភពលោកកាកបាទក្រហមខួបលើកទី១៥២
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី៨ឧសភាឆ្នាំ២០១៥នេះ គឺជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ខួបលើកទី១៥២។ នៅកម្ពុជា កាកបាទក្រហមកម្ពុជា បានប្រារព្ធទិវានេះយ៉ាងមហោឡារឹកនៅឯទីស្នាក់ការកណ្តាល ក្រោមប្រធានបទ «កម្លាំងមនុស្សធម៌៖ គោលការណ៍គ្រឹះនៅក្នុងសកម្មភាព»។ ការប្រារព្ធទិវាកាកបាទក្រហមពិភពលោកនៅឆ្នាំនេះ កាកបាទក្រហមកម្ពុជា ប្រមូលថវិកាបានជាង១៣លានដុល្លាអាមេរិក។
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ខួបលើកទី១៥២ ថ្ងៃទី៨ឧសភាឆ្នាំ២០១៥នេះ បានប្រារព្ធ ធ្វើឡើងយ៉ាងមហោឡារឹកនៅឯទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត អ្នកឧកញ៉ា ព្រមទាំង សប្បុរសជនជាតិនិងអន្តរជាតិសរុបជាង៥០០០នាក់។ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហមឆ្នាំនេះ បានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «កម្លាំងមនុស្សធម៌៖ គោលការណ៍គ្រឹះនៅក្នុងសកម្មភាព»។
កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាជាជំនួយការអាជ្ញាធរសាធារណៈ ក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ក្នុងរយៈពេល៦០ឆ្នាំមកនេះ កាកបាទក្រហមកម្ពុជា បានបំពេញការងារមនុស្សធម៌របស់ខ្លួនបានជាច្រើន ដោយគោរពទៅតាមគោលការណ៍គ្រឹះទាំង៧ចំណុច ដែលរួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព សមស្របទៅនឹងការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ដើម្បីបំរើឱ្យគោលដៅមនុស្សធម៌។
ចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា បានជួបនឹងឧបសគ្គមួយចំនួន ក្នុងការបំពេញបេសកម្មរបស់ខ្លួន។ តួយ៉ាងនៅក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង ហើយអសនៈរបស់កាកបាទក្រហមកម្ពុជានៅឯមហាសន្និបាតសហព័ន្ធអន្ដរជាតិ ត្រូវទុកឱ្យ នៅទំនេរ។ លុះចាប់តាំងពីឆ្នាំ១៩៩៤មក កាក បាទក្រហមកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាលនៃការអភិវឌ្ឍស្ថាប័ននេះ រួមទាំងការធ្វើកំណែទម្រង់ផងដែរ។ បច្ចុប្បន្នកាកបាទក្រហមកម្ពុជាមាន លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ភរិយារបស់នាយករដ្ឋមន្ត្រីជាប្រធាន។
ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ខួបលើកទី១៥២ឆ្នាំ២០១៥នេះ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជននានាសរុបជាង១៣លានដុល្លារអាមេរិក (១៣.២៦៦.២៨៦ដុល្លារ) ថវិកាភាគច្រើនបានមកពីក្រុមអភិជននៅកម្ពុជាដូចជា អ្នកឧកញ៉ាជាដើម។ ការទទួលថវិកានៅមិនទាន់បញ្ចប់នៅឡើយទេ ដែលគេរំពឹងថា ជំនួយឧបត្ថម្ភនឹងកើនដល់ជាង១៤លានដុល្លារ ដែលចំនួននេះ ប្រហាក់ប្រហែលនឹងជំនួយឧបត្ថម្ភដែលកាកបាទក្រហមកម្ពុជាទទួលបានកាលពីឆ្នាំ២០១។ បច្ចុប្បន្នកាកបាទក្រហមកម្ពុជា មានសមាជិកជាង១២ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ