កម្ពុជា-សង្គម

​រដ្ឋា​ភិបាល​កម្ពុជា​នឹង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ខ្លះ ​ដើម្បី​យក​ចិត្ត​អ្នក​រក​ស៊ី​

អ្នកធ្វើចំការ នៅថ្ងៃឈប់សម្រាក (រូបតំណាង)
អ្នកធ្វើចំការ នៅថ្ងៃឈប់សម្រាក (រូបតំណាង) @REUTERS

ថ្ងៃ​សម្រាក​នៅ​កម្ពុជា​ដែល​មាន​ក្នុង​មួយ​ឆ្នាំ​ចន្លោះ​ពី​២៨ ទៅ​៣០​ថ្ងៃ នឹង​ត្រូវ​កាត់​បន្ថយ​ខ្លះ​ចាប់​ពី​ឆ្នាំ​២០២០​ត​ទៅ​។ នេះ​គឺជា​ការ​គូស​បញ្ជាក់​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៅ​ថ្ងៃ​ពុធ ទី​២៧​មីនា​នេះ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​គរុសិស្ស និង​គរុ​និស្សិត​បញ្ចប់​ការ​សិក្សា​ជិត​២​ពាន់​នាក់ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចាត់​ទុក​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ថា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​កុំ​ឲ្យ​អ្នក​រក​ស៊ី​រត់​ចោល​កម្ពុជា។ 

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​មាន​ថ្ងៃ​ឈប់​សម្រាក​​​ចន្លោះ​ពី​២៨​ទៅ​៣០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ច្រើន​លើស​ប្រទេស​សិង្ហបុរី ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ​​។ នេះ​គឺ ជា​ការ​កត់​សម្គាល់​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន អំពី​ថ្ងៃ​ឈប់​សម្រាក​នៅកម្ពុជា​។

សូមជម្រាប​ជូន​ថា កម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​គេ​បង្អស់​លើ​លោក បើ​ផ្អែក​តាម​គេហទំព័រ World Atlas ក្នុង​ឆ្នាំ​២០១៨​។ ថ្ងៃ​ឈប់​សម្រាក​របស់​កម្ពុជា ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា និង​ការ​រំលឹក​ដល់​ស្មារតី​នៃ​ទិវា​ជាតិ​ឬ​អន្ដរជាតិ​សំខាន់​ៗ​។

ដោយមិន​ចង់​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​រក​ស៊ី​ដោយ​សារ​តែ​ថ្ងៃ​ឈប់​សម្រាក​ដ៏​ច្រើន​នេះ លោក​នាយករដ្ឋ​មន្ដ្រី​បាន​អះអាង​ថា រដ្ឋាភិបាល នឹង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឈាន​ទៅ​​កាត់​បន្ថយ​ថ្ងៃ​សម្រាក​ខ្លះ​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០២០​។ សម្រាប់​លោក ហ៊ុន សែន ការ​កាត់​បន្ថយ​ថ្ងៃ​សម្រាក​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា EBA ឡើយ ប៉ុន្តែ​វា​ជា​ការ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​អ្នក​រក​ស៊ី​បែក​ចិត្ត​ពី​កម្ពុជា​។

លោក កាំង ម៉ូនីកា អ្នក​នាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​សម្ដែង​ការ​ស្វាគមន៍ចំពោះ​គម្រោង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នៅ​កម្ពុជា​ដូច្នេះ​។ លោក​ថា នេះ​គឺ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​នៅ​កម្ពុជា​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ​។ បើ​តាម​លោក កាំង ម៉ូនីកា អ្នក​វិនិយោគ​ចង់​ឲ្យ​កាត់​បន្ថយ​ថ្ងៃ​សម្រាក​ខ្លះ​ព្រោះ​ ការ​ឈប់​សម្រាក​ដ៏​ច្រើនដូច​នៅ​កម្ពុជា​សព្វ​ថ្ងៃ​​នេះ បាន​ផ្ដល់​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់សង្វាក់​ផលិតកម្ម និង​​ផលិតភាព​ការងារ​នៅ​តាមក្រុមហ៊ុន​ឯកជន​​។

ជា​ការ​កត់​សម្គាល់ ដើម្បី​សម្រួល​ដល់​អ្នក​រកស៊ី​នៅ​កម្ពុជា ​លោក​ ហ៊ុន សែន ​ក៏​មាន​គម្រោង​ធ្វើ​កំណែ​ទម្រង់​ជា​កញ្ចប់​លើ​បញ្ហា​ធុរកិច្ច​និង​ពាណិជ្ជកម្ម​ផង​ដែរ បន្ថែម​ពី​លើ​ការ​​កាត់​បន្ថយ​ថ្ងៃ​សម្រាក។ គម្រោង​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ជា​កញ្ចប់​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៩​មីនា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI