គ.ជ.បៈ ចំនួនការិយាល័យនិងបុគ្គលិក មិនអាចកាត់បន្ថយបានទេខណៈអាណត្តិទី៦ចំនួនការិយាល័យ កើនជាង១ពាន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចំនួនការិយាល័យបោះឆ្នោត ដែលត្រៀមនឹងរៀបចំនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខនេះនឹងកើនឡើងប្រមាណជាង១ពាន់ការិយាល័យ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នាថ្ងៃអង្គារនេះ អ្នកជំនាញបរទេសនានា ជាពិសេសជប៉ុនបានផ្តល់អនុសាសន៍ចង់ឲ្យមានការកាត់បន្ថយចំនួនការិយាល័យបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប ថាមិនអាចធ្វើទៅបាននោះទេ។
តាមការប៉ាន់ប្រមាណ ចំនួនការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ នឹងកើនដល់ ២៣ ៤៧០ ការិយាល័យ ពោលគឺលើសចំនួនការិយាល័យបោះឆ្នោត កាលពីនីតិកាលទី៥ ចំនួន១៣២២ការិយាល័យ។ តាមការកំណត់របស់ច្បាប់ មួយការិយាល័យមានអ្នកបោះឆ្នោតរហូតដល់៧៥០នាក់ ខណៈដែលកន្លងមកការិយាល័យខ្លះមានអ្នកបោះឆ្នោតប្រមាណពី៣០០ទៅ៤០០នាក់ប៉ុណ្ណោះ។ ហេតុដូច្នេះ អ្នកជំនាញជប៉ុន បានស្នើឲ្យមានការកាត់ បន្ថយចំនួនការិយាល័យបោះឆ្នោត ឲ្យមកនៅតិចជាងនេះ បើអាចធ្វើទៅបាន ដើម្បីចំណេញថវិកា។
សម្រាប់ការលើកឡើងនេះ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទាំងអង្គការសង្គមស៊ីវិល យល់ថាមិនអាចធ្វើបែបនោះបានទេ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា គ.ជ.ប ក៏ចង់បានដូចការស្នើរបស់ជប៉ុនដែរ ដោយសារមានការពិបាកក្នុងការជ្រើសរើសមន្ត្រីបំពេញការងារតាមការិយាល័យនីមួយៗ។ ក៏ប៉ុន្តែទិដ្ឋភាពច្បាប់ និងការងារជាក់ស្តែងមិនអាចធ្វើទៅបានទេ។ ណាមួយគេមិនអាចយកចំនួនសន្លឹកឆ្នោតក្នុងការិយាល័យពីខេត្តមួយទៅបូកជាមួយខេត្តមួយផ្សេងទៀតបានទេ។ នេះបើតាមលោក ហង្ស ពុទ្ធា។
ជាមួយគ្នានេះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា(និកហ្វិក) ក៏មើលឃើញដូចគ្នាដែរថា ទាល់តែធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ប្រសិនបើចង់កាត់បន្ថយចំនួនការិយាល័យ ខណៈដែលចំនួនអ្នកបោះឆ្នោតមានការកើនឡើង។ ផ្ទុយទៅវិញ លោក គន្ធាមី ចង់ឲ្យមានការកាត់បន្ថយចំនួនបុគ្គលិកការិយាល័យរបស់គ.ជ.ប តែចំណុចនេះត្រូវបដិសេធដោយ គ.ជ.ប ដោយលោក ហង្ស ពុទ្ធា លើកឡើងថាចំនួនបុគ្គលិក ដែលគ.ជ.ប ដាក់ពង្រាយតាមការិយាល័យនីមួយៗ មានគ្នា៦នាក់ ដើម្បីប្រសិទ្ធភាពការងារនិងចៀសវាងការិះគន់ មិនអាចក្រោមចំនួននេះបានទេ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ គ.ជ.ប បានប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរចំនួនជាង១,៤លាននាក់ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី។ ក្នុងចំណោមពលរដ្ឋខ្មែរ ១៥,៨លាននាក់ មានអ្នកគ្រប់អាយុចាប់ពី១៨ឆ្នាំឡើងទៅអាចបោះឆ្នោតបាន គិតដល់ថ្ងៃបោះឆ្នោតចំនួន ជាង ៩,៧លាននាក់។
ដោយឡែកការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៧។ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦វិញនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ