កម្ពុជា

រដ្ឋាភិបាល​ប្រកាស​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​គិតគូ​ចុះ​ថ្លៃ

អគ្គិសនី​កម្ពុជា
អគ្គិសនី​កម្ពុជា @EDC Facebook

រដ្ឋាភិបាល​ តាមរយៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ប្រកាស​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ ​ធ្វើ​សេវាកម្ម​អគ្គិសនី​ ក្នុង​ប្រទេស​កម្ពុជា​ នៅ​តំបន់​ផ្សេង​ៗ​ ក្រៅ​ពី​តំបន់​របស់​អគ្គិសនី​កម្ពុជា​ ត្រូវ​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​អគ្គិសនី​ផ្ទាល់​ជូន​បន្ទប់​ជួល​ឲ្យ​កម្មករ​ កម្មការនី​ ព្រម​ទាំង​ប្រជាពល​រដ្ឋក្រីក្រ​ ដែល​ប្រើ​អគ្គិសនី​តិច​ ដើម្បី​ឲ្យ​គេ​អាច​ទទួល​បាន​អត្រា​ថ្លៃ​អគ្គិសនី​ ដែល​កំណត់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ តាម​តំបន់​នីមួយៗ​។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក៏​បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​២០១៦​ នៅ​តំបន់​ផ្គត់ផ្គង់​របស់​សេវាករ​ឯកជន​ទាំងអស់​ ដែល​ភ្ជាប់​ពី​ប្រភព​បណ្តាញ​ជាតិ​រួច​ នឹង​ត្រូវ​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​ មក​ត្រឹម​ ៨០០ រៀល​ ក្នុង​ ១ គីឡូវ៉ាត់ម៉ោង​ ហើយ​បន្ទប់​ជួល​ឲ្យ​កម្មករ​-កម្មការនី​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​ប្រើប្រាស់​អគ្គិសនី​ មិន​លើស​ពី​ ១០ គីឡូវ៉ាត់​ម៉ោង​ ក្នុង​ ១ ខែ ​នឹង​ត្រូវ​បង់​ថ្លៃ​តែ​ ៤៨០​ រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

ផ្សាយពាណិជ្ជកម្ម

ជានយោបាយ​ថ្មី​មួយ​ទៀត​ របស់​រដ្ឋាភិបាល​ ក្នុងការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ នៅ​ទូទាំង​ប្រទេស។ ​នោះ​គឺ​រដ្ឋាភិបាល​ បាន​ជូន​ដំណឹង​ទៅ​ អ្នក​កាន់​អាជ្ញាប័ណ្ណ​ ធ្វើ​សេវាកម្ម​អគ្គិសនី​ នៅ​ទូទាំង​ប្រទេស​ ឲ្យ​គិតគូ​ បញ្ចុះ​តម្លៃ​អគ្គិសនី​ ដល់​បន្ទប់​ជួល​ ពិសេស​កម្មករ​កម្មការនី​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែល​ប្រើ​អគ្គិសនីតិច​។

ក្នុងលិខិត​ចុះ​ថ្ងៃ​ទី​៤កុម្ភៈ​ ចុះ​ហត្ថលេខា​ដោយ​លោក​ ទី នរិន្ទ ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​បង្ហាញ​ថា​ បច្ចុប្បន្ន អគ្គិសនី​កម្ពុជា​ បាន​ចាប់​ផ្តើម​អនុវត្ត​យ៉ាង​សស្រាក់​សស្រាំ ​ក្នុងការ​បន្ត​ចរន្តផ្ទាល់​ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ជូន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្រីក្រ ​ផ្ទះជួល ​និង​បន្ទប់ជួល​ ជា​ពិសេស​បន្ទប់​ជួល​ឲ្យកម្មករ​កម្មការនី​ ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​នានា។ ​ដូចគ្នា​នេះ​ដែរ​ អ្នក​កាន់​អាជ្ញាប័ណ្ណ​ទាំងអស់​ ដែល​កំពុង​ធ្វើ​សេវាកម្ម​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ផ្សេង​ៗ​ក្រៅ​ពី​តំបន់​របស់​អគ្គិសនី​កម្ពុជា​ មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​អគ្គិសនី​ផ្ទាល់​ ជូន​បន្ទប់​ជួល​ឲ្យ​កម្មករ​កម្មការនី​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែល​ប្រើអគ្គិសនី​តិច​ ដើម្បី​ឲ្យ​គេ​អាច​ទទួល​បាន​អត្រា​ថ្លៃ​អគ្គិសនី​ ដែល​កំណត់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ តាម​តំបន់​នីមួយៗ​។

ក្នុង​លិខិត​ដដែល​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៦ ​នៅ​តំបន់​ផ្គត់ផ្គង់​របស់​សេវាករ​ឯកជន​ទាំងអស់​ ដែល​ភ្ជាប់​ពី​ប្រភព​បណ្តាញ​ជាតិ​រួច​ នឹង​ត្រូវ​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​ មក​ត្រឹម​ ៨០០ រៀល ​ក្នុង​ ១ គីឡូវ៉ាត់ម៉ោង​ ហើយ​បន្ទប់​ជួល​ឲ្យកម្មករ​-កម្មការនី​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែល​ប្រើប្រាស់​អគ្គិសនី​ មិន​លើស​ពី​ ១០ គីឡូវ៉ាត់​ម៉ោង​ ក្នុង​ ១ ខែ ​នឹង​ត្រូវ​បង់ថ្លៃ​តែ​ ៤៨០ ​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក៏​បាន​ប្រកាស​ថា​ នឹង​ធ្វើការ​ត្រួត​ពិនិត្យ​បន្ថែម​ និង​ទទួល​នូវ​ការ​តវ៉ានានា​ ដែល​អ្នក​ប្រើប្រាស់​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​បញ្ហា​ថ្លៃ​លក់​ ថ្លៃ​ភ្ជាប់​ចរន្ត ​និង​ប្រាក់កក់​។ ការ​ខកខាន​ ឬការ​បណ្តាល​ឲ្យ​មាន​ករណី​មិន​ប្រក្រតី​នៅ​ក្នុង​តំបន់​ផ្គត់ផ្គង់​អគ្គិសនី​របស់​សេវាករ​ឯកជន​ណាមួយ​ ត្រូវ​ចាត់​ទុកថា​ បាន​រំលោភ​លើ​លក្ខខណ្ឌអាជ្ញាប័ណ្ណ ​ដែល​ត្រូវ​ដាក់​ពិន័យ​តាម​ការ​កំណត់​របស់​ច្បាប់​ស្តី​ពី​អគ្គិសនី​នៃ​ព្រះរាជាណាចក្រកម្ពុជា​។

លិខិត​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ស្តីពី​ករណី​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ជូន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​​ក្រីក្រ ​ផ្ទះជួល​ និង​បន្ទប់​ជួល​ នៅ​តំបន់​ផ្សេងៗ​ក្រៅ​ពី​តំបន់​របស់​អគ្គិសនី​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គិសនី​កម្ពុជា ​EDC ​បាន​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែន​ លើ​ការ​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​ នៅ​បន្ទប់​ជួល​ នៅភ្នំពេញ ​តម្លៃ​ត្រឹមតែ ​៦១០ រៀល ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ សម្រាប់​អ្នក​ប្រើប្រាស់​ក្រោម​ ៥០ ​គីឡូវ៉ាត់ ​ក្នុង​មួយ​ខែ។ ​ចាប់​ពី​ថ្ងៃ​ទី​២៩មករា​ អគ្គិសនី​កម្ពុជា​បាន​អនុវត្ត​ជំហាន​ទី១ ​ក្នុង​ការ​តភ្ជាប់​ចរន្ដ​ជូន​កម្មករ​-កម្មការនី ​ដែល​ជួលផ្ទះជួល​បន្ទប់​ ក្នុង​ខណ្ឌអាទិភាព​៣​ គឺខណ្ឌ​ឬស្សីកែវ​ ខណ្ឌដង្កោ ​និង​ខណ្ឌ​មានជ័យ។ ​ជា​លទ្ធផល​ គិតចាប់​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា ​មកដល់​ល្ងាច​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​អគ្គិសនី​កម្ពុជា ​បាន​តភ្ជាប់​បណ្ដាញ​ចរន្ដ​ជូន​បន្ទប់​ជួល​បាន​ប្រមាណ​ជាង ​៤ ​ពាន់​បន្ទប់។ ​អាជ្ញាធរ​ ប្រកាស​ថា​ ការងារ​តបណ្ដាញ​ទឹក ​ក៏នឹង​ត្រូវ​ចាប់​ផ្តើម​ នា​ពេល​ឆាប់​ៗខាង​មុខ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI