អានតួអត្ថបទ
កម្ពុជា

សហជីព​ចូលរួម​ សហការ​ជាមួយ​ EDC​ ក្នុង​ការ​រៀបចំ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ថ្មី​ដល់ផ្ទះ​ជួល

ខ្សែភ្លើង​អគ្គិសនី​តភ្ជាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​រាជធានី​ភ្នំពេញ។​
ខ្សែភ្លើង​អគ្គិសនី​តភ្ជាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​រាជធានី​ភ្នំពេញ។​ ©ម៉េងហួរ/RFI
ដោយ៖ ញឹម សុផល
១៨ នាទី

មេដឹកនាំ​សហជីព​បាន​ចាប់​ផ្តើម​ចុះ​ពន្យល់​ណែនាំ​ដល់​កម្មករ​ ជា​ពិសេស​ផ្នែក​កាត់ដេរ​ ពី​ចំណាត់​ការ​របស់​អគ្គិសនី​កម្ពុជា​(EDC)​នៅ​ពេល​ខាង​មុខ​នេះ ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​ផ្ទះ​ជួល​ដែល​នឹងមាន​តម្លៃ​ថោក​ជាង​តម្លៃ​បច្ចុប្បន្ន។ ​ខណៈ​ដែល​ EDC​ កំពុង​កម្មង់​ទិញ​កុងទ័រ​ភ្លើង​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្រៅ​ប្រទេស​ ក្រុម​មន្ត្រី​សហជីព​​និង​ EDC ​បាន​ជួប​ជជែក​គ្នា​ពី​ការ​សម្របសម្រួល​ ជាមួយ​កម្មករ​ និង​ផ្តល់​ព័ត៌មាន​ជាក់លាក់​ស្តីពី​ការ​ចុះ​ថ្លៃ​អគ្គិសនី​នេះ​ រហូត​ត្រឹម​​៦១០រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។​ជាមួយ​គ្នា​នេះ​ដំណោះស្រាយ​ផ្សេងៗ​ជាមួយ​នឹង​ម្ចាស់​ផ្ទះជួល​ ក៏ត្រូវ​លើក​ឡើង​ផងដែរ​នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ផ្សាយពាណិជ្ជកម្ម

ក្រុម​មេដឹកនាំ​សហជីព​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិក​របស់ខ្លួន​ នៅ​តាម​បណ្តា​រោងចក្រ​ពី​ដំណឹង​ដែលថា​ អគ្គិសនី​កម្ពុជា​(EDC)​នឹង​ចុះ​តភ្លើង​ដោយ​ផ្ទាល់​ឲ្យ​ពួកគេ​ព្រមទាំង​បញ្ចុះ​តម្លៃ​ដល់​៦១០រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ទៀតផង​ ចំពោះ​ការ​ប្រើប្រាស់​ក្រោម​៥០គីឡូវ៉ាត់​ក្នុង​មួយ​ខែ។

លោក​ ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ទី១៧​ មករា​នេះ​ថា​ លោក​បាន​ចាប់​ផ្តើម​ចុះ​ពន្យល់​សមាជិក​របស់​ខ្លួន​ ដែល​មាន​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជា​៣ម៉ឺន​នាក់​ កំពុង​បំរើការ​នៅ​តាម​វិស័យ​ការងារ​នានា។​ការ​ពោល​ បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​សហជីព​ជា​ច្រើន​ក្រុម​ បាន​ចូលជួប​ជាមួយ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។

ផ្តើម​ចេញ​ពី​ជំនួប​នេះ​ លោក​ ប៉ាវ ស៊ីណា​ ឲ្យ​ដឹង​ទៀត​ថា ​EDC​បាន​ស្នើ​ឲ្យ​អ្នក​សហជីព​ សហការ​សម្របសម្រួល​ជាមួយ​កម្មករ​ ដោយ​EDC ​ស្នើ​ឲ្យ​មាន​ការ​ដាក់​ប្រាក់​កក់​ចំនួន​ ៦១៥០០រៀល​ សម្រាប់​កម្មករ​មួយ​បន្ទប់​ជួល​ដែល​ស្នាក់នៅ​រួមគ្នា។ ​ក៏ប៉ុន្តែ​ការ​ដាក់​ប្រាក់​កក់​នេះ​ត្រូវ​បាន​ស្នើសុំ​ដោយ​សហជីព​ឲ្យ​ទម្លាក់​តម្លៃ​មក​ត្រឹម​ ៣០៥០០រៀល​វិញ​ ដោយ​សំអាង​ថា​បន្ទប់​ជួលនីមួយ​ៗ​កម្មករ​ប្រើ​មិន​ដល់​៥០គីឡូវ៉ាត់​ម៉ោង​នោះ​ទេ​ ក្នុង​មួយ​ខែ។​ក៏ប៉ុន្តែ​ចំពោះ​តម្លៃ​ប្រាក់​កក់​នេះ​ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ។

តាម​យន្តការ​ការងារ​តភ្ជាប់​បណ្តាញ​ដល់​បន្ទប់​ជួល​កម្មករ​នេះ​ EDC​ តម្រូវ​ឲ្យ​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជា​ច្រើន​នាក់​ នៅ​ក្នុង​បន្ទប់​ជួល​រួម​មួយ​ដែល​មាន​ឯកសារ​ច្បាស់លាស់​ ជា​តំណាង​ បំពេញ​បែបបទ​ជាមួយ​ EDC។ ​នៅ​ពេល​ដែល​កម្មករ​ឈប់​ជួល ​ពួកគេ​អាច​ដក​ប្រាក់​កក់​ដែល​រៃអង្គាស​គ្នា​នោះ​បាន​វិញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នេះ​បើ​តាម​អ្នក​សហជីព។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​រាជធានី​ក៏​មាន​គំរោង​ឆាប់ៗ​ផងដែរ​ ជួប​ប្រជុំ​ជាមួយ​ម្ចាស់​ផ្ទះជួល​ទាំង​អស់​ ទាក់ទង​ទៅនឹង​ចំណាត់​ការ​របស់​ EDC ។ ​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ដដែល​ អាជ្ញាធរ​    អគ្គិសនី​កម្ពុជា​ ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ នឹងធ្វើ​ការ​ផ្តាច់​ចរន្ក​ចំពោះ​ផ្ចាស់​ផ្ទះជួល​ណា​ ដែល​មិន​គោរព​តាម​គោលការណ៍​ថ្មី​នេះ​ ដោយសារ​តម្លៃ​អគ្គិសនី​មិនមែន​ម្ចាស់​ផ្ទះ​ជួល​ជា​អ្នក​ដាក់​ទេ គឺ​មាន​តែ​អគ្គីសនី​កម្ពុជា​តែមួយ​គត់​ជា​អ្នក​កំណត់​តម្លៃ​ទូទៅ។
សូម​បញ្ជាក់​ថា​ តម្លៃ​ភ្លើង​សម្រាប់​កម្មករ​ដែល​ម្ចាស់​ផ្ទះ​ជួល​បច្ចុប្បន្ន​ គិត​តម្លៃ​ពី​កម្មករ​ជួល​បន្ទប់​ស្នាក់​នៅ​ពី​១៥០០រៀល​ ទៅ​២៥០០រៀល​ ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ