កម្ពជា

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទាម​ទារ​ឲ្យ​រៀប​ចំ​វេទិកា​សាធារណៈ​មុន​ការ​អភិវឌ្ឍ​

@Kimhong

នៅ​ព្រឹក​​ថ្ងៃ​​ច័ន្ទ​​នេះ ​​ពល​រដ្ឋ​​ជាង​​១០០​​នាក់​​ មក​​ពី​​សហគមន៍​​ចំនួន​​៨​​ ដែល​​រស់​​នៅ​​បណ្ដោយ​ផ្លូវ​​រទេះ​​ភ្លើង​​ បាន​​ជួប​​ជុំ​​គ្នា​​លើក​​បដា ទាម​ទារ​​នៅ​​មុខ​​ក្រសួង​សាធារណៈការ ​​និង​​ដឹក​​ជញ្ជូន​​ ទាម​ទារ​​ឲ្យ​​រៀប​​ចំ​​វេទិកា​សាធារណៈ​​មួយ​​ ដើម្បី​ជម្រាប​ពួក​គេ​ ពី​ផល​​ប៉ះពាល់​នៃ​​គម្រោង​​អភិវឌ្ឍ​​ផ្លូវ​​ល្បឿន​លឿន​នេះ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ក្រសួង​សាធារណៈការ​បដិសេធ​សំណើរ​នេះ​ ដោយ​បាន​បញ្ជាក់​ថា មិន​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ចាប់​ផ្តើម​ពី​ផ្លូវ​រថ​ភ្លើង​រ៉ាចាស់​ឬ​រាជាយស្ម័យ​យាន ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​មាន​ប្រវែង​ប្រហែល​ជាង​ ៩គីឡូម៉ែត្រ​ត្រូវ​បាន​ស្នើ​ឲ្យ​ពន្យា​ពេល ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​នៅ​បណ្ដោយ​ផ្លូវ​រទេះ​ភ្លើង​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ ដោយ​ពួក​គេ​ស្នើ​ឲ្យ​មាន​រៀប​ចំ​វេទិកា​សាធារណៈមុន​មាន​ការ​អភិវឌ្ឍ​។

លោក នូ សារិន តំណាង​ពលរដ្ឋ​លើក​ឡើង​ថា តាំង​ពី​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​​​លឿន​នេះ​មក​ពួក​គេ​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​គម្រោង​នេះ​ឡើយ​ពោល​គឺ​ទើប​តែ​ក្រោយ​ការ​ប្រកាស​ដាក់​ចេញ​របស់​ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៥​មករា មក​ក៏​បាន​ប្រទះ​ឃើញ​តំណាង​ក្រុមហ៊ុន​ចិន​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​នៅ​ម្ដុំ​ទីតាំង​របស់​ពួក​គាត់​រស់​នៅ​។

លោក នូ សារិន បន្ត​ថា ពួក​គាត់​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទេ​ តែ​សុំ​តែ​ម្យ៉ាង​គឺ​ផ្ដល់​វេទិកាសាធារណៈ​ជួប​ជជែក​គ្នា​ដែល​មាន​ការ​ចោទ​ឆ្លើយ​រវាង​ពលរដ្ឋ​រង​គ្រោះ​និង​ក្រសួង​សាធារណៈការ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្លាច​ការ​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ​បន្ត​អូស​បន្លាយ​ដូច​បញ្ហា បុរី​កីឡា​និង​បឹង​កក​ជា​ដើម​ដែល​អាជ្ញាធរ​មិន​ព្រម​ផ្ដល់​ដំណោះស្រាយ​និង​សំណង់សមរម្យ​។

តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​លិខិត​ស្នើ​សុំ​របស់​សហគមន៍​ទាំង​ប្រាំ​បី​ត្រូវ​បាន​ចារ​ត្រឡប់​មក​វិញ​ដោយ​បញ្ជាក់​ថា ការ​បើក​វេទិកាសាធារណៈ​មិន​មែន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​នោះ​ទេ។ ប៉ុន្តែ​ក្រសួង​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​វិញ ។ ហើយ​ក្រសួង​នឹង​ចាត់​តំណាង​ឲ្យ​ទៅ​ចូល​រួម​តាម​ក្រោយ​។ បើ​តាម លោក នូ សារិន ពលរដ្ឋ​រង​គ្រោះ​ធ្លាប់​ដាក់​សំណើរ​រៀប​ចំ​វេទិកា​សាធារណៈ​នេះ​មក​កាន់​ក្រសួង​ម្ដង​រួច​មក​ហើយ​តែ​មិន​មាន​ការ​ឆ្លើយ​តប​។

ទាក់​ទង​បញ្ហា​នេះ​សាលារាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ញត្តិ​មក​ដោយ​ផ្ទាល់​នៅ​សាលា​រាជធានី​ដើម្បី​មាន​ពេល​ពិចារណា​លើ​សំណើរ​នេះ​។​ ក្នុង​នោះ​តម្រូវ​ឲ្យ​តំណាង​ពល​រដ្ឋ​តែ​ប្រាំ​នាក់​ទៅ​ប្រាំនាក់​ប៉ុណ្ណោះ​យក​ញត្តិ​ទៅ​ដាក់​។

សូម​បញ្ជាក់​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ជា​ផ្នែក​មួយ​ជួយ​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ថា​ ការ​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​ការ​បង់​ប្រាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI