កម្ពុជា-សង្គម

​ការ​កែ​ប្រែ​មូល​​ដ្ឋាន​​គិត​​​ពន្ធ​លើ​ប្រាក់​បៀវ​ត្សរ៍​បាន​ប្រយោជន៍​ទៅ​លើ​អ្នក​មាន​ប្រាក់​ខែ​ទាប​

ប្រាក់រៀល
ប្រាក់រៀល @សហការី

រដ្ឋាភិបាល​កម្ពុជា​​ទើបតែ​កែប្រែ​មូល​ដ្ឋាន​គិត​ពន្ធ​លើប្រាក់បៀវត្សរ៍​របស់​​មន្ត្រីរាជការ និង​កម្មករ-និយោជិត​ ដោយកំណត់ចាប់ពី ១​ លាន​ ៣ ​សែន​រៀល​ឡើងទៅ ​ទើបត្រូវ​ជាប់​កាត​ព្វកិច្ច​បង់ពន្ធចាប់ពីខែកុម្ភៈនេះតទៅ ប៉ុន្តែកន្លងមក​ប្រាក់​បៀវត្សរ៍​ដែល​ត្រូវ​ជាប់​ពន្ធ​គឺ​មាន​ចាប់១លាន២សែនឬ៣០០ដុល្លារឡើងទៅ។ ការ​កែ​​ប្រែ​មូល​ដ្ឋាន​គិត​​ពន្ធ​លើ​​ប្រាក់​​ខែ​​នេះ ត្រូវបានគេមើល​ឃើញថា​​បាន​ផ្តល់​ប្រយោជន៍ទៅអ្នក​មាន​ប្រាក់​ខែទាប គឺរួចកាតព្វកិច្ច​បង់ពន្ធ។ 

ផ្សាយពាណិជ្ជកម្ម

​ដោយសារតែ​ប្រាក់​បៀវត្សរ៍​​មន្ត្រីរាជការត្រូវបាន​តម្លើង​នៅក្នុង​ឆ្នាំ២០២០នេះ​បាន​ធ្វើ​ឲ្យ​មូលដ្ឋាន​​គិត​​ពន្ធ​​លើ​ប្រាក់​ខែ​ក៏ត្រូវ​បាន​បង្កើន​ចំនួន១សែន​រៀល​បន្ថែម​ទៀត​ដែរ​។ នេះជាការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​​ លោក មាស សុខសេនសាន។ ដូច្នេះមានន័យថា ការ​កែ​ប្រែ​អត្រាគិត​ពន្ធ​លើ​ប្រាក់​បៀ​វត្សរ៍​នេះ​ គឺបាន​ផ្តល់​ផល​ប្រយោជន៍​ទៅ​លើ​​មន្ត្រី​រាជការ និង​កម្មករ- និយោជិត​ដែល​មានប្រាក់​ខែ​ទាប គឺ​មិនត្រូវជាប់​កាតព្វកិច្ច​បង់ពន្ធឡើយ។

បើតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​ ​អ្នកដែលមាន​ប្រាក់ខែ​​ចាប់ពី​ ១លាន​ ៣សែន​ ១​រយ​រៀល​ ដល់​ ២​លាន​រៀល ​នឹងត្រូវ​បង់ពន្ធ៥ ​ភាគរយ​។ ចំណែក​អ្នកមាន​ប្រាក់ខែ​ចាប់ពី ២​លាន​ ១រយ​រៀល​ដល់​ ៨លាន៥​សែន​រៀល​នឹង​ជាប់​កាត​ព្វ​កិច្ច​បង់ពន្ធ​​១០​ភាគរយ​ ខណៈ​អ្នកមាន​ប្រាក់ខែ​​ចាប់ពី ៨ ​លាន ៥​ សែន ១ ​រយ​រៀល​ដល់​ ១២ ​លាន ៥ ​សែន​រៀល​នឹងត្រូវ​​បង់ពន្ធ១៥ ​ភាគរយ។ ដោយឡែក​អ្នកដែលមាន​ប្រាក់បៀវត្សរ៍​​លើសពី​ ១២ ​លោន ៥ ​សែន​រៀល​ឡើងទៅ​នឹងត្រូវ​បង់ពន្ធ​ចូល​រដ្ឋ២០ ​ភាគរយ​។

ការ​កែប្រែ​អត្រាគិត​ពន្ធ​លើ​ប្រាក់​ខែនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ពន្យល់ថា ជា​ការធ្វើ​ឲ្យ​ប្រសើរ​​ឡើង​ដល់​​ជីវភាព​របស់មន្ត្រី​រាជការ​ក៏​ដូច​បុគ្គលិក​ដែលមាន​ប្រាក់​ខែទាប ហើយ​ទើប​តែ​ទទួល​បាន​ការដំឡើង​ប្រាក់ខែប្រចាំឆ្នាំនោះ​ ដើម្បី​កុំ​ឲ្យពួកគេជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូនរដ្ឋ​។ ម្យ៉ាងទៀត​ដោយសារតែ​រដ្ឋ​បាន​ប្រមូល​ប្រាក់ចំណូល​​លើស​ផែនការ​ ​ធ្វើឲ្យ​រដ្ឋ​សល់​ប្រាក់ខ្លះ ពីការចំណាយពី១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ទើបអ្នក​មាន​ប្រាក់បៀវត្សរ៍​ទាប​បំផុត​នោះ ​មិនតម្រូវឲ្យ​ជាប់​ពន្ធ​​ឡើយ។

សម្រាប់​​មន្ត្រីរាជការ​ដែល​ទទួលបាន​អត្ថប្រយោជន៍ពីការ​កែប្រែ​អត្រាគិតពន្ធ​លើ​ប្រាក់​ខែនេះ គឺភាគច្រើន​ក្នុង​វិស័យ​អប់រំ ដូចជា ​គ្រូ​បឋម ​ដែល​មាន​ប្រាក់បៀវត្សរ៍ត្រឹមតែ​ ១ ​លាន ២ ​សែនទៅ​ ១ ​លាន ៣ ​សែន​រៀលប៉ុណ្ណោះ ដែលពួកគេមិនត្រូវជាប់​កាតព្វកិច្ច​បង់ពន្ធឡើយ​។ជាមួយគ្នានោះ កម្មករ-និយោជិត​ដែល​មានប្រាក់​ខែ​ត្រឹម​៣០០ដុល្លារក៏មិនត្រូវបង់ពន្ធនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI