សំណុំអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី៖ តុលាការបើកសវនាជំនុំជម្រះនៅចុងខែកក្កដា
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះបើតាមលិខិតរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១កក្កដា។ សូមជម្រាបថា គម្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបសួរ បានបិទបញ្ចប់កាលពីចុងខែកុម្ភៈកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖
បទចោទប្រកាន់ចំនួនពីរ លើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី នឹងត្រូវលើកយកទៅជំនុំជម្រះក្នុងថ្ងៃតែមួយតែម្ដង គឺនៅព្រឹកថ្ងៃទី២៦កក្កដា ឆ្នាំ២០១៩។ បទចោទប្រកាន់ទាំងពីរនោះ រួមមាន បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ និងបទផលិតនិងកាន់កាប់រូបភាពអាសអាភាស។ លិខិតដាច់ដោយឡែកចំនួនពីរ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរំឭកឲ្យជនជាប់ចោទទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចូលរួមសវនាការជំនុំជម្រះឲ្យបានទាន់ពេលវេលា និងត្រូវយកលិខិតផ្សេងៗដែលទាក់ទងនឹងដំណើររឿងទៅជាមួយផង។
លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា បានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ចូលរួមសវនាការ នៅថ្ងៃទី២៦កក្កដាខាងមុខ។ ដោយបន្តអះអាងពីភាពស្អាតស្អំរបស់ខ្លួន អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីរូបនេះសង្ឃឹមថា តុលាការនឹងធ្វើការជំនុំជម្រះប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។
លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និងលោក អ៊ួន ឈិន ដែលជាអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធរខ័ណ្ឌមានជ័យចាប់ខ្លួនកាលពីថ្ងៃទី ១៤វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ។ អ្នកទាំងពីរ ត្រូវរងការចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ និងបទចោទមួយករណីទៀតពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស។
មេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប បានចាត់ទុកការចោទប្រកាន់មកលើកូនក្តីខ្លួន ថាមានភាពអយុត្តិធម៌។ អយុត្តិធម៌ ព្រោះផ្អែកតាមចម្លើយសារភាពរបស់កូនក្តីរបស់លោកគឺមិនមានធាតុផ្សំណាមួយស៊ីសង្វាក់គ្នានឹងបទចោទប្រកាន់នេះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ