កម្ពុជា

ក្រសួងអប់រំ៖​សិស្ស​មាន​បញ្ហា​សុខភាព​មិន​ទទួល​បាន​ការ​អនុ​គ្រោះ​ឡើយ

រូបភាព​៖ ​បេក្ខជន​ដែល​មាន​បញ្ហា​សុខ​ភាព​ក្នុង​ថ្ងៃ​ប្រឡង​នៅ​ថ្ងៃ​ទី​២១​សីហា​ឆ្នាំ​២០១៧
រូបភាព​៖ ​បេក្ខជន​ដែល​មាន​បញ្ហា​សុខ​ភាព​ក្នុង​ថ្ងៃ​ប្រឡង​នៅ​ថ្ងៃ​ទី​២១​សីហា​ឆ្នាំ​២០១៧ @FB

ថ្ងៃ​ទី​១​នៃ​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​ដំណើ​ការ​នៃការ​ប្រឡង​គឺ​មាន​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​​សិស្ស​២១​នាក់​មាន​បញ្ហា​សុខភាព។ ប្រឈម​​បញ្ហា​នេះ​ក្រសួង​អប់​រំយុវជន និង​កីឡា​គ្មាន​គោលការណ៍ អនុ​គ្រោះ​ចំពោះ​ពួកគេ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ ក្រសួង​ជំរុញ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​សូត្រ និង​ថែរក្សា​សុខភាពដើម្បី​ចូល​រួម​ប្រឡង​នា​ឆ្នាំ​ក្រោយ​វិញ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ហង់ ជួន​ណារ៉ុន។

ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តី​បាន​ពន្យល់​ថា បើ​កាល​ណា​មាន​គោលការណ៍​អនុគ្រោះ​ចំពោះ​សិស្សដែល​មាន​បញ្ហា​សុខភាព​គឺ ពួក​គេ​អាច​យក​បញ្ហា​សុខភាព​ធ្វើ​ជាមូល​ហេតុ​ប្រឡង​មិនកើត​មាន​ដើម្បី​ទទួល​បាន​ការ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ។ តែ​ក្នុង​ចំណោម​បេក្ខជន​មានបញ្ហា​សុខភាព​ចំនួន​២១​នាក់​នេះ​គឺ​២​នាក់​ប្រឡង​បាន​ធម្មតា​វិញ។

ក្រៅ​តែ​ពី​បញ្ហា​សុខភាព​របស់​បេក្ខជន​ហើយ ដំណើរ​ការ​ប្រឡង​ថ្ងៃ​ដំបូង​ជួប​ភាព​មិន​ប្រ​ក្រ​តី​​ចំនួន​៦​ករណី​ផ្សេង​ទៀត។ ចម្លង​ពី​សំណៅ​ដើម​២​ករណី លួច​ចម្លង​គ្នា​៤​ករណី។ដំណោះ​​ស្រាយ​ចំពោះ​បញ្ហា​នេះ ក្រសួង​អប់រំ​នឹង​ដោះ​ស្រាយ​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​អប់រំ​ដែល​មាន​ស្រាប់។ ក៏​មាន​ដែរ​បញ្ហា​កើត​ឡើង​ចំពោះ​គ្រូ​អនុរក្ស​ដែល អនុវត្ត​ខុស​បទ​បញ្ជា​នា​អំឡុង​ពេល​ប្រឡង។ នោះ​គឺ​ការ​ឲ្យ​គ្នា​មក​ប្រចាំ​ការណ៍​ជំនួស ដែល​ចំណុច​នេះ​ក្រសួង​​មើល​ឃើញ​ថា បាន​ធ្វើ​ខុស​នឹង​វិន័យ។

បើ​តាម​ការ​កត់​សម្គាល់​ពី​លោក ហង់ ជួនណារ៉ុន បេក្ខជន​ប្រឡង​នៅ​ឆ្នាំ​នេះ​ពួក​គេ​បាន​កាត់​បន្ថយ​ខ្លាំង​មែន​ទែន ក្នុង​ការ​យក​សំណៅ​ឯកសារ ឬ​ទូរសព្ទ​ដៃ​ចូល​បន្ទប់​ប្រឡង។ ដែល​ចំណុច​នេះ​លោក​ចាត់​ទុក​ថា ដំណើរ​ការ​ប្រឡង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ភាព​ល្អ​ប្រសើរ។

ដោយ​ឡែក​ចំពោះ​បញ្ហា​អាកាសធាតុ​វិញ​លោក ហង់ ជួនណារ៉ុន បន្ត​អះ​អាង​ថា មិនបាន​រំខាន​ដល់​ដំណើរ​ការ​ប្រឡង​ទេ ទោះ​ជា​នៅ​ខេត្ត​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ចំ​ថ្ងៃ​នេះ​ក៏ដោយ​។ ពាក់​ព័ន្ធ​បញ្ហាអាកាស​ធាតុនេះដែរ ក្រសួងបានអនុគ្រោះ ប្រសិន​បើ​មាន ភ្លៀង​ធំ គណៈ​មេ​ប្រយោគ ប្រធាន​មណ្ឌល និង​អនុរក្ស អាច​ពន្យារ​ពេល​ចែក​ក្រដាស​វិញ្ញាសា​សរសេរ​រយៈ​៣០​នាទី​ក្រោយ​សំឡេង​ជួង​ចាប់ផ្ដើម ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល ប្រមូល​វិញ្ញាសា​នីមួយៗ​ឡើយ។ ចំណែក​បេក្ខជន​អាច​ទៅ​យឺត​យ៉ាង​យូរ​បំផុត ១៥​នាទី ក្រោយ​ជួង​ចាប់​ផ្ដើម​វិញ្ញាសា​សរសេរ។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​១​នៃ​ដំណើរ​ការ​ប្រឡង​នេះ បេក្ខជន​មួយ​ពាន់​ប្រាំ​រយ​នាក់​បាន​អវត្ត​មាន​ពេល​ប្រឡង។ ភាគ​ច្រើន​នៃ​នាក់​អវត្ត​មាន​នេះ​ពួក​គេ​គឺ​ជា​បេក្ខជន​ស្វ័យរិន។ ចំនួន​អវត្ត​មាន​នេះ គឺ​មាន​ការ​ថយ​ចុះ​ខ្លាំង​បើ​ធៀប​នឹង​ការ​ប្រឡង​ជំនាន់​កំណែ​ទម្រង់​ដំបូង​ឆ្នាំ​២០១៤ ដែល​មាន​បេក្ខជន​អវត្ត​មាន​រហូត​ដល់​ទៅ​ជាង​៥​ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI