កម្ពុជា

សាលា​ក្រុង​ដាក់​ឲ្យ​ដំណើរ​ការ​តម្រាយ​ផ្លូវ​ថ្មី​នៃ​សេវា​រថយន្ត​ក្រុង

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបន្តធ្វើដំណើរតាមរថយន្តក្រុង
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបន្តធ្វើដំណើរតាមរថយន្តក្រុង RFI/ Nhim Sophal

ភ្លាមៗ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​កម្មករ កម្មការិនី​ទាំង​អស់ជិះ​រថយន្ត​ក្រុង​គ្រប់​ខ្សែ​ដោយ​មិន​គិត​ថ្លៃ​រយៈ​ពេល​២​ឆ្នាំ សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២០​សីហា​នេះ ក៏​បាន​ប្រកាស​ពី​ការ​កែ​សម្រួល​តម្រាយ​ផ្លូវ​នៃ​ខ្សែ​រត់​ចាស់ ព្រម​ទាំង​ដាក់ឲ្យ​ដំណើរ​ការ​ខ្សែ​រត់​ថ្មី​ផង​ដែរ។ ចង់​ដឹង​ថា ខ្សែ​រត់​ថ្មី​នៃ​សេវា​រថយន្ត​ក្រុង នោះ​ចេញដំណើរ​ពី​ណា ទៅ​ណា​ខ្លះ​?​

ផ្សាយពាណិជ្ជកម្ម

ផ្ដើម​ពី​ការ​កែ​សម្រួល​តម្រាយ​ផ្លូវ នៃ​ខ្សែ​រត់​ចាស់​ជា​មុន​សិន ចាប់​ពី​ថ្ងៃ​ទី​១​ខែ កញ្ញា គឺចេញ​ពី​ចំណត​រថយន្ត​ផ្សារ​អ៊ី​អន​២ តាម​ផ្លូវ​ឧកញ៉ា ម៉ុង ឬទ្ធី រង្វង់​មូល​កាំកូ​ស៊ីធី រង្វង់​មូលអង់​តែន​ទួល​គោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្ត​ភ្នំ ផ្លូវ​នរោត្តម ស្ពាន​អាកាស​ក្បាល​ថ្នល់ ផ្លូវ​ជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ ការ​កែសម្រួល​មួយ​ទៀត​ចំពោះ​ខ្សែ​រត់​ទី៣ ចេញ​ពី​ចំណត់​សួន​ច្បារ​ឬស្សី​កែវ ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី ផ្លូវ​កម្ពុជា​ក្រោម ស្ពានអាកាស​៧​មករា ផ្លូវ​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោម​ចៅ ផ្លូវ​ជាតិ​លេខ​៣ ដល់​ចំណុច​បុរីសន្តិ​ភាព​២។

បន្ទាប់​ពី​ការ​កែ​សម្រួល​សាលារាជធានី បាន​ដាក់​ឲ្យ​ដំណើរ​ការ​តម្រាយ​ផ្លូវ​ថ្មី​ដោយ​ចេញពី​ចំណត​សួន​ច្បារ​ឬស្សី​កែវ ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧​ វត្តភ្នំ ផ្លូវ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី ផ្លូវ​ហ្សាដឺ​ហ្គោល ស្តុប​នាង​គង្ហីង ស្តុប​អាង​ទឹក​អូឡាំពិក ផ្លូវ​ព្រះ​មុនី​រ៉េត កាត់​មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​វេង​ស្រេង ស្តុបអាង​ទឹក​កាណា​ឌីយ៉ា ផ្សារ​ទួល​ពង្រ ដល់​ចំណត​បុរី​សន្តិភាព​២។ មួយ​ខ្សែ​ទៀត​ឆ្លងកាត់​ទី​តាំង​ដូច​គ្នា​នេះ​ដែរ​ តែ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស។

ក៏​មាន​ដែរ​ខ្សែ​រត់​ចេញ​ពី​ចំណត​ផ្សារ​អ៊ី​អន​២​ តាម​ផ្លូវ​លេខ​១០០៣ បត់​ឆ្វេង​តាម​ផ្លូវ​លេខ​១៩៦៦ ឆ្ពោះ​ទៅ​ផ្លូវ​លេខ​៥៩៨ បត់​ស្ដាំ​តាម​ផ្លូវ​លេខ​៥៦៦ សាលា​បឋម​សិក្សា​ពៅ​អ៊ុំ​ទួល​គោក ផ្លូវ​គីម​អ៊ីល​សុង កាត់​ក្រោម​ស្ពាន​អាកាស​៥​មករា ផ្លូវ​ម៉ៅ​សេ​ទុង ស្តុប​បូក​គោ ស្ដុប​ជល​ផល ផ្លូវ​សុធា​រស ដល់​ចំណុច​ផ្សារ​អ៊ី​អន​១។

ចាប់​ពី​ថ្ងៃ​ទី​១​ខែ​តុលា ខ្សែ​រត់​ចេញ​ពី​ចំណត​ផ្សារ​បុរី​រុង​រឿង ផ្លូវ​ជាតិ​លេខ​៦ ស្ពាន​ជ្រោយ​ចង្វារ រង្វង់​មូល​កួច​កាណុង​ ផ្លូវ​លេខ​៧០ រង្វង់​មូល​អង់​តែន​ទួល​គោក រង្វង់​មូល​កាំ​កូ​ស៊ីធី ផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី ផ្លូវ​សម្ដេច​ជា ស៊ីម បត់​ឆ្វេង​តាម​ផ្លូវ​ឧកញ៉ា ទ្រី ហេង ដល់​ផ្លូវ​សហព័ន្ធ​រុស្សី បត់​ឆ្វេង​ឆ្ពោះ​ទៅ​ដល់​ចំណត​ផ្សារ​សេន​ជូរី​ផ្លាហ្សា។

បន្ថែម​ពី​លើ​នេះទៀត​ចេញ​ពី​ចំណត​គីឡូ​ម៉ែត្រ​លេខ៩ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពាន​​អាកាស​៧​មករា ផ្លូវ២៧១ បត់​តាម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េត ផ្លូវព្រះ​សីហនុ ផ្លូវ​សុធា​រស​ ដល់​ចំណត​ផ្សារ​អ៊ី​អន​១។ មួយ​ខ្សែ​ទៀត​ចេញ​ពី​ចំណត​គីឡូលេខ​៩ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​២៧១ កាត់​តាម​ស្ពានអាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ ស្តុប​ក្បាល​ថ្នល់​ ឆ្លង​កាត់​ស្ពាន​ព្រះមុនីវង្ស​ដល់​ចំណតច្បារអំពៅ។ ចុងក្រោយចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥​ កាត់ស្ពានព្រែក​ព្នៅ ផ្លូវ​ឧកញ៉ា លី យ៉ុងផាត់ ផ្លូវ​ជាតិ​លេខ​៦អា ដល់​ចំណត​ផ្សារ​បុរី រុង​រឿង។

សូម​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​សេវារថយន្ត​ដោយ​មិន​មាន​ការ​បង់​ថ្លៃ កម្មករ កម្មការិនី​គ្រាន់​តែ​បង្ហាញ​កាត​ធ្វើ​ការងារ​នឹង​ទទួល​បាន​សេវា​នេះ​ភ្លាម។ នេះ​បើ​យោង​ទៅ​លើសេច​ក្ដី​​ជូន​ដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០​សីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI