អានតួអត្ថបទ
កម្ពុជា

លោក​ស្រី រ៉ូណាស្មីត នឹង​ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​បន្ទាប់​ពី​មាន​អំពើ​ហិង្សា

លោកស្រី រ៉ូណាស្មីត នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមានអំពើហិង្សា
លោកស្រី រ៉ូណាស្មីត នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមានអំពើហិង្សា
ដោយ៖ វ៉ា សំណព្វ
២១ នាទី

បើ​គ្មាន​ការ​ប្រែប្រួល​ទេ លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គ្រោង​នឹង​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​រសៀល​ថ្ងៃ​នេះ។ ជំនួប​ដែល​ធ្វើ​ឡើង នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ និង​ខណៈ​ដែល​លោក​ស្រី​កំពុង​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​ ៣​ នៅ​កម្ពុជា​ដោយ​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

របៀបវារៈ​នៃ​ជំនួប​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) ជាមួយ​លោក កែម រ៉េម៉ី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា (CHRC) នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​អំពើ​ហិង្សា​ ដែល​កើត​ទៅ​លើ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ លោក អំ សំអាត ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ទំនង​ជា​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​នេះ។ នេះ​បើ​តាម​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​មួយ កាល​ពី​ថ្ងៃ​ទី ​១០​តុលា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦០ បាន​ទទួច​ដល់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ​ឲ្យ​លើក​ឡើង​ពី​បញ្ហា​កា​រ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្នុង​ការ​គាប​សង្កត់​មក​លើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​ការប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​នេះ។

អ្នក​ស្រី​ ចក់​ សុភាព ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​​មាន​ប្រសាសន៍​ថា​៖ ​“ការ​វាយ​ដំ​លើ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​សម្គាល់​អត្ត​សញ្ញាណ​ ដោយ​គ្រាន់​តែ​បំពេញ​ការ​ងារ​របស់​ខ្លួន​ត្រូវ​បាន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ គឺ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ​។​ ចំណែកអ្នកស្រី ណាលី​ ពីឡូក​ នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា៖​ “នេះ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ ​ដែល​សន្តិសុខ​ត្រូវ​​បាន​​ពង្រាយ​សម្រាប់​ប្រើ​អំពើហិង្សា​ដើម្បី​រារាំង​ការ​ប្រមូលផ្ដុំ ​ដែល​ជា​យុទ្ធសាស្រ្ត​របស់​អាជ្ញាធរ​សម្រាប់​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​សិទ្ធ​”។​

សូម​បញ្ជាក់​ថា លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​ ៣ នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ២០ តុលា ឆ្នាំ​២០១៦​នេះ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​ទូទៅ​នៅ​កម្ពុជា និង​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​ការ​រើស​អើង ពិសេស​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​នៃ​សិទ្ធិ​មនុស្ស និង​ការ​តាមដាន​ការ​អនុវត្ត​អនុសាសន៍​នានា ដែល​ផ្តល់​ជូន​រដ្ឋាភិបាល​នា​ពេល​កន្លង​មក។ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី ត្រូវ​បាន​ស្វាគមន៏​ដោយ​ការ​វាយ​ដំ​ទៅ​លើ​លោក អំ សំអាត ដោយ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ និង​ខណៈ​ដែល​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​មក។

យោង​តាម​កាល​វិភាគ​របស់​លោក​ស្រី​នៅ​ថ្ងៃ​នេះ ក្រៅពី​ជួប​ជាមួយ​លោក កែម រ៉េម៉ី នៅ​វេលា​ម៉ោង​ ១ រសៀល​នេះ លោក​ស្រី រ៉ូ ណាស្មីត នឹង​បន្ត​ជួប​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស និង​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បន្ទាប់​ពី​លោក​ស្រី​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រួច​មក។ កាល​ពី​ថ្ងៃ​ទី​ ១០ តុលា ម្សិលមិញ លោក​ស្រី​ក៏​បាន​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពិសេស​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប និង​មន្រ្តី គជប ម្នាក់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ