អ្នករាយការណ៍ពិសេសថ្មីជាក្តីសង្ឃឹមបង្កប់ដោយក្តីព្រួយបារម្ភនៅឡើយ
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី រ៉ូណា ស្មីត បានបិទបញ្ចប់ទស្សនកិច្ចដំបូងរបស់លោកស្រីជាងមួយសប្តាហ៍ហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសប្រចាំប្រទេសកម្ពុជា ដោយអង្គការសហប្រជាជាតិ។ នៅក្នុងអាណត្តិរបស់សាស្ត្រាចារ្យរូបនេះ ត្រូវគេមើលឃើញថានឹងមានភាពជឿនលឿនច្រើន ចំពោះការធ្វើឲ្យប្រសើរឡើងពីស្ថានភាពនៃអ្នករាយការណ៍សិទ្ធិមនុស្ស ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
លោកស្រី រ៉ូណា ស្មីត ជាស្ត្រីទី១ហើយ ដែលបានកាន់ការងារជាអ្នកសរសេររបាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រីស្មីត គឺជាសាស្ត្រាចារ្យ ច្បាប់ ជនជាតិអង់គ្លេស ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមិនា ជំនួសលោកសូរិយ៉ា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ចាស់ ដែលបានផុតអាណត្តិ។
គេអាចនៅចាំបានថាក្នុងចំណោម អ្នករាយការណ៍ពិសេស និងតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន៥រូបកន្លងមកដែលបានចាប់ផ្តើមអាណត្តិការងារបន្ទាប់គ្នាកាលពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៥ រួមមានលោក Michael Kirby (ជនជាតិអូស្ត្រាលី)លោក Thomas Hammarberg (ជនជាតិស៊ុយអែដ) លោក Peter Leuprecht (ជនជាតិអូទ្រីស) លោក Yash Ghai (ជនជាតិកេនយ៉ា) និងលោក Surya Surberdi (ជនជាតិនេប៉ាល់) សុទ្ធតែត្រូវបានរងនូវការរិះគន់យ៉ាងចាស់ដៃពីរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីរបាយការណ៍របស់អ្នកទាំងនោះមិនត្រូវបានស្វាគមន៍។
នៅក្នុងអាណត្តិរបស់ លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ដែលជាមនុស្សទី៦ត្រូវសរសេររបាយការណ៍ស្តីពីបច្ចុប្បន្នភាពសិទ្ធិមនុស្សនៃប្រទេសកម្ពុជាដែរនោះ តើនឹងអាចមានវាសនាដូចអ្នកមុនៗឬយ៉ាងណានោះ? មិនទាន់មានចំលើយច្បាស់នៅឡើយទេ ដោយសារលោកស្រីទើបតែចាប់ផ្តើមណែនាំខ្លួនប៉ុណ្ណោះនៅក្នុងបេសកកម្មលើកដំបូងរយៈពេល៩ថ្ងៃនៅកម្ពុជាហើយត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ទោះយ៉ាងនេះក្តីរបៀបរបបធ្វើការរបស់លោកស្រីស្មីត ប្រហែលជាមិនខុសគ្នាពីអ្នករាយការណ៍មុនៗប៉ុន្មានទេ ដោយសារតែ អង្គការសហប្រជាជាតិមានបទដ្ឋានការងារមួយដែលចាំបាច់ត្រូវឲ្យអ្នកតំណាងរបស់ខ្លួនប្រកាន់យកគោលការណ៍នោះ។
នៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានបង្ហាញពីតួនាទីរបស់ខ្លួនថាជាមនុស្សឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ និងបំរើការងារក្នុងសមត្ថភាពជាបុគ្គលលោកស្រីផ្ទាល់។ អាណត្តិការងាររបស់លោកស្រីជាតួនាទីមួយដែលមានមុខងារចំនួនបីគឺ ផ្តល់ប្រឹក្សាយោបល់ ឃ្លាំមើល និងរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមរយៈការលើកឡើងនេះ អ្នករាយការណ៍ពិសេសមុនៗរបស់អង្គការសហប្រជាជាតិក៏មិនបានដើរឆ្ងាយពីបន្ទាត់នេះដែរ។
នៅក្នុងចំណោមអង្គការសង្គមស៊ីវិលនៅកម្ពុជា មានទស្សនៈយល់ឃើញជាច្រើនដែលបង្ហាញពីការព្រួយបារម្ភផង និងការអបអរផងចំពោះវត្តមានរបស់អ្នករាយការណ៍ពិសេសថ្មីស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ព្រួយបារម្ភដោយសារថា លោកស្រីស្មីត គឺជាសាស្ត្រាចារ្យដូចជាលោកសូរិយ៉ា ស៊ូប៊ែឌី ដែរ ដូច្នេះរបៀបធ្វើការងារប្រហែលជាមិនមានអ្វីខុសគ្នាទេ។ ការលើកឡើងបែបនេះក៏ព្រោះតែសង្គមស៊ីវិលក្នុងស្រុកមួយចំនួនកំពុងប្រឈមនឹងការតវ៉ាមិនបានផលទាក់ទងទៅនឹងការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។
ដោយឡែកការអបអរវិញ គឺមានការយល់ថាលោកស្រីស្មីតអាចនឹងមានយុទ្ធសាស្ត្រធ្វើការងារ ខុសពីអ្នករាយការណ៍មុនៗ ដោយសារលោកស្រីមានប្រភពចេញមកពីប្រទេសប្រជាធិបតេយ្យជឿនលឿន មានសមត្ថភាពខ្ពង់ខ្ពស់ខាងវិទ្យាសាស្ត្រនយោបាយ ដែលអង្គការសហប្រជាជាតិផ្តល់ការទុកចិត្តនៅក្នុងតំណែងដ៏មានកិត្តិយសមួយនេះ។ យ៉ាងហោចណាស់ក៏អាចកាត់បន្ថយការឲ្យតម្លៃទាបពីប្រទេសនៅក្នុងអាណត្តិរបស់ខ្លួនទៅលើអ្នករាយការណ៍សិទ្ធិមនុស្ស។
ងាកទៅមើលរដ្ឋាភិបាលវិញ នៅមិនទាន់មានប្រតិកម្មយ៉ាងណាច្បាស់លាស់នៅឡើយទេ ខណៈដែលអ្នករាយការណ៍មុនៗសុទ្ធតែបានប៉ះទង្គិចគ្នា។ ជាទូទៅរដ្ឋាភិបាលកម្ពុជាតែងមិនទទួលយកនូវសេចក្តីរាយការណ៍ណាមួយដែលធ្វើឡើងដោយអ្នករាយការណ៍ពិសេសមុនៗ ដោយមានការចោទប្រកាន់ថារបាយការណ៍ត្រូវបានធ្វើឡើងមិនគ្រប់ជ្រុងជ្រោយ មើលឃើញតែម្ខាង។
ក៏ប៉ុន្តែសម្រាប់លោកស្រីរ៉ូណា ស្មីត ជំនួបដំបូងជាមួយមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ និងមន្ត្រីរដ្ឋាភិបាលនានាហាក់បង្ហាញពីសញ្ញាវិជ្ជមាន ដែលមើលទៅអាចធ្វើការស៊ីសង្វាក់គ្នាបាន។ ទោះយ៉ាងនេះក្តី លោកស្រីស្មីត ប្រហែលជាមិនរងព្យុះភ្លៀងខ្លាំងដូចជាអ្នករាយការណ៍មុនៗទេ ខណៈដែលអាណត្តិលោកស្រី ត្រូវបានត្រួសត្រាយ និងកាត់បន្ថយនូវភាពចំរូងចំរាស់អស់ជាច្រើន ដែលការប្រឈមមុខដាក់គ្នាក្នុងរឿងនយោបាយគឺជាប្រភពនៃការរំលោភសិទ្ធិមនុស្ស។ ហើយរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សគឺជាចំណុចរស៊ើប ដែលចាំបាច់ត្រូវតែមានប្រតិកម្មតបតពីរដ្ឋដែលទទួលរងនូវសេចក្តីរាយការណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ