អានតួអត្ថបទ
កម្ពុជា

វិស័យ​ឯកជន​៖ កម្ពុជា​ត្រូវ​ការ​ទុន​៥០០​លាន​ដុល្លារ​ដើម្បី​សម្រេច​ការ​នាំ​ចេញ​១​លាន​តោន​សម្រាប់​ផែន​ការ​ប្រាំ​ឆ្នាំ​បន្ត

លោ​ក សុខ ​ពុទ្ធីវុធ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ថ្លែង​​ក្នុង​​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៩។​
លោ​ក សុខ ​ពុទ្ធីវុធ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ថ្លែង​​ក្នុង​​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៩។​ សហការី
ដោយ៖ អេង គីមហុង
១៧ នាទី

គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ត្រូវ​បាន​បរាជ័យ​ដោយ​ សារ​កត្តា​មួយ​ចំនួន។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​បោះបង់​មហិច្ចតា​នៃ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នោះ​ទេ សម្រាប់​ផែនការ​ប្រាំ​ឆ្នាំ​បន្ត​ទៀត​ដោយ​ផ្ដើម​ចេញ​ពី​ឆ្នាំ​២០១៦-២០២០។ ទន្ទឹម​នឹង​នេះ​វិស័យ​ឯកជន​បាន​ប្រមើ​ទុក​ថា ដើម្បី​ឲ្យ​ផែនការ​នេះ​ជោគជ័យ​គឺ​កម្ពុជា​ត្រូវ​ការ​ទុន​៥០០​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

លោក តាំង ឈុនងី តំណាង​ក្រុមហ៊ុន LBN Angkar ដែល​ជា​សមាជិក នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ទុន​៥០០​លាន​ដុល្លារ​នេះ​គ្រាន់​តែ​ការ​ប្រើ​ទុក​សិន​តែ​ប៉ុណ្ណោះ​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នឹង​ជួយ​ឲ្យ​សម្រេច​បាន​ផែន​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​នៅ​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត។

បើ​តាម លោក តាំង ឈុនងី គម្រោង​នៃ​ការ​ប្រមូល​ទុន​ឲ្យ​បាន​៥០០​លាន​ដុល្លារ​នៅ​ពុំ​ទាន់​រក​បាន​ដៃគូរ​សហការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ជំហាន​ដំបូង​នឹង​ធ្វើ​ការ​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ត្រៀម​កញ្ចប់​ថវិកា។ ជា​ដំណោះ​ស្រាយ​ចំពោះ​មុខ​ប្រសិន​បើ​ទុន​៥០០​លាន​ដុល្លារ​ប្រមូល​បាន​ដូច​ការ​គ្រោង​ទុក​មែន​នោះ ទុន​ទាំង​នេះ​នឹង​យក​ទៅ​ពង្រឹង​វិស័យ​ដាំដុះ​ឲ្យ​មាន​គុណភាព, សាងសង​ឃ្លាំង​សម្រាប់​ស្តុក​ស្រូវ, តម្លើង​ឡ​សម្ងួត,បង្កើន​ម៉ាស៊ីន​កិន​ស្រូវ​និង​ទិញ​ស្រូវ​ស្តុក​បន្ថែម​ជា​ដើម។ កត្តា​ទាំង​នេះ​ហើយ​ដែល​លោក តាំង ឈុនងី ចាត់​ទុក​ថា​ជា​គ្រឹះរឹងមាំ​ដើម្បី​ប្រមូល​ផល​ពី​កសិករ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី​វេទិកា​ស្រូវ​អង្ករ​លើក​ទី​០៥​ នា​សណ្ឋាគារ​សុខា​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​មករា លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​ថា សហព័ន្ធ​កំពុង​សិក្សា​លើ​ទុន​៥០០​លាន​ដុល្លារ​នេះ​ដើម្បី​សង្គ្រោះ​ស្រូវ​អង្ករ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា ទុន​នេះ​មិន​ប្រាកដ​ថា​គ្រាប់​គ្រាន់​សម្រាប់​ជា​ផ្នែក​មួយ​ជួយ​សម្រេច​ផែន​ការ​នៃ​ការ​នាំ​ចេញ​នោះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​៥៣​ម៉ឺន​តោន​ដែល​ផ្ទុយ​ពី​បំណង​នាំ​ចេញ​ឲ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥។

បើ​តាម​ការ​ពន្យល់​របស់ ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កាល​ពី​ពេល​កន្លង​មក មាន​កត្តា​សំខាន់​ពីរ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា ​បរាជ័យ​ចំពោះ​មុខ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥។ ​សំខាន់​ទី​១ ​គឺ កត្តា​អត្តនោម័ត៖ ​ដោយសារ​តែ​កម្ពុជា​ខ្វះខាត​ម៉ាស៊ីន​កិនស្រូវ ​ឃ្លាំង​ស្តុក​ស្រូវ ​និង​ប្រាក់​កាស ​ទើប​ការ​ប្រមូល​ទិញ​ស្រូវ​មិន​អាច​ធ្វើ​ឡើងបា​ន​ច្រើន​ឡើយ។​ ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ បញ្ហា​ម៉ាស៊ីន​កិន​ស្រូវ ​នឹង​លែង​ចោទ​ឡើង​ទៀត​ហើយ​នៅ​ឆ្នាំ​២០១៦​ ខណៈ​ដែល​ការ​វិនិយោគ​សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ ​ឡើង​ជា​បន្ត​បន្ទាប់​។ លោក​ថា ម៉ាស៊ីន​កិន​ស្រូវ​ដែល​បាន​នឹង​​កំពុង​វិនិយោគ ​នឹង​មាន​លទ្ធភាព​កិន​ស្រូវ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ។​ ទន្ទឹម​គ្នា​នេះ ​កត្តា​សត្យា​នុម័ត​ ក៏​ជា​មូលហេតុ​សំខាន់​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​សម្រេច​បាន​គោល​ដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ មួយ​លាន​តោន​ក្នុង​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ