កម្ពុជាត្រៀមនាំអង្ករ២០ម៉ឺនតោនទៅចិនក្នុងឆ្នាំថ្មី ដោយក្រុមហ៊ុនចំនួន ១៨ជាអ្នកនាំផ្លូវ
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជាបានត្រៀមខ្លួនរួចហើយនៅក្នុងការនាំអង្ករ ២០ម៉ឺនតោនទៅចិន ដែលស្របទៅនឹងការចុះកិច្ចព្រមព្រៀងរួមគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីអំឡុងដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង ប្រធានាធិបតីចិននាពាក់កណ្ដាលខែតុលាឆ្នាំ២០១៦កន្លងមកនេះ។ ការនាំអង្ករទៅចិននេះជាផ្នែកមួយ ដែលកម្ពុជាយល់ថា នឹងចូលរួមស្កាត់តម្លៃស្រូវធ្លាក់ចុះ ដែលអាចកើតមានម្ដងទៀតក្នុងឆ្នាំ២០១៧។
ការត្រៀមខ្លួននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយរៀបចំឡើងសហព័ន្ធស្រូវអង្ករកម្ពុជាជាមួយក្រុមហ៊ុនចំនួន ១៨ ដែលទទួលបានសិទ្ធិក្នុងការនាំចេញអង្ករទៅប្រទេសចិនកាលពីថ្ងៃទី ២២ធ្នូ ក្រោយភាគីទាំងពីរទើបត្រឡប់មកពីទស្សនកិច្ចក្នុងប្រទេសចិនកាលពីសប្ដាហ៍មុន។
កិច្ចប្រជុំនេះបានជជែកពីម៉ូដែលផ្សេងៗរួមមាន គុណភាព បរិមាណ និងតម្លៃប្រកួតប្រជែងអង្ករ ដើម្បីទទួលបានការគាំទ្រពីចិនក្នុងចំណោមអ្នកនាំចេញផ្សេងទៀត ខណៈដែលការអនុវត្តអនុស្សរណៈរវាងកម្ពុជា និងចិនស្ដីពីការនាំចេញអង្ករ ២០ម៉ឺនតោននឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០១៧ ខាងមុខដ៏ខ្លីនេះរហូតដល់ដំណាច់ឆ្នាំ២០១៧។
តាមគម្រោងក្រសួងកសិកម្មបានបញ្ជូនឈ្មោះក្រុមចំនួន ២៧ ដើម្បីនាំអង្ករចេញទៅចិន។ ប៉ុន្តែសម្រេចសម្រួលទៅភាគីចិនជ្រើសយកក្រុមចំនួន ១៨សិនសម្រាប់ការនាំចេញជាជំហានដំបូង ព្រោះថាក្រុមហ៊ុនទាំងនេះធ្លាប់បាននាំអង្ករទៅចេញរួចមកហើយកាលពីមិនទាន់ចុះកិច្ចព្រមព្រៀងរួមគ្នា។ ហើយក្រុមហ៊ុន ដែលនៅសេសសល់ពួកគេនឹងទទួលបានការអនុគ្រោះក្នុងការនាំចេញអង្ករនៅជំហ៊ានបន្តបន្ទាប់ទៀតអាស្រ័យលើការត្រួតពិនិត្យតម្លៃ និងគុណភាព។ តែយ៉ាងណាមិញសម្រាប់តម្លៃជារួមនៅក្នុងការនាំចេញអង្ករទៅចិននេះនៅមិនទាន់មានការឯកភាពជារួមនៅឡើយទេ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា នីតិវិធីនៃការនាំចេញគឺចិនបានស្នើឲ្យកម្ពុជាកំណត់តម្លៃអង្ករក្នុងរយៈពេលបីខែនាំចេញម្ដងពោលគឺធ្វើឡើងជាដំណាក់កាល។ ក្នុងនោះអង្ករកម្ពុជាបីប្រភេទត្រូវបាននាំចេញរួមមាន អង្ករធម្មតា អង្ករក្រអូប និងអង្ករប្រណិតដែលជាប្រភេទអង្ករផ្កាម្លិះ។
ទោះយ៉ាងណាលោក ហ៊ុន ឡាក់ មិនទាន់ហ៊ានធ្វើការសន្និដ្ឋានបានទេថា នៅខែមករាក្នុងឆ្នាំ ២០១៧ កម្ពុជានឹងនាំអង្ករជាជំហ៊ានដំបូងទៅចិនប៉ុន្មានតោននោះទេ។ តែលោកហ៊ុន ឡាក់ ជឿជាក់ថា កម្ពុជានឹងនាំអង្ករចេញគ្រប់ផែនការ ២០ម៉ឺនតោន ដែលបានកំណត់។ ហើយលោកបង្ហាញជំនឿទៀតថា ប្រសិនបើអង្ករកម្ពុជារក្សាបានគុណភាពនិងតម្លៃប្រកួតប្រជែងបាន នោះចិននឹងបន្តទិញអង្ករកម្ពុជាជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីកណ្ដាលខែតុលាការកន្លងទៅនេះក្រៅពីចុះកិច្ចព្រមព្រៀងទិញអង្ករកម្ពុជា ២០ម៉ឺនតោនហើយចិននឹងជួយកម្ពុជាឲ្យប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ