សហព័ន្ធស្រូវអង្ករ៖ ពីរខែដើមឆ្នាំ២០១៩ អង្ករខ្មែរនាំទៅចិនច្រើនជាងអឺរ៉ុប
រយៈពេលពីរខែដើមឆ្នាំ២០១៩នេះ អង្ករខ្មែរជាង៥ម៉ឺនតោន បាននាំចេញទៅក្រៅប្រទេស។ក្នុងនោះចិនជាទីផ្សារធំដែលអង្ករខ្មែរនាំទៅច្រើនជាងគេរហូតជាង៤ម៉ឺនតោន ខណៈទីផ្សារអឺរ៉ុបជាង១ម៉ឺនតោន។ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងនៅថ្ងៃនេះថា បរិមាណនៃការនាំចេញដើមខែនេះមានការកើនឡើងបន្តិច បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងរយៈពីរខែនៃឆ្នាំ២០១៩ ការនាំមុខក្នុងការនាំចេញអង្ករខ្មែរទៅទីផ្សារចិន៤០ភាគរយដោយគិតជាបរិមាណប្រហែលជាង៤ម៉ឺនតោន ដោយសារតែការបន្ថែមកូតានាំចូលអង្កររបស់រដ្ឋាភិបាលចិន៤០ម៉ឺនតោន។ ក្នុងនោះការនាំអង្ករទៅកាន់ទីផ្សារអឺរ៉ុប គិតជាបរិមាណជាង១ម៉ឺនតោនដែលចំនួននេះបានថយបន្តិច បើធៀបនឹងពេលពីរខែដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារការយកពន្ធអង្ករពីកម្ពុជា។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៨មីនានេះ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាគូសបញ្ជាក់ថា ទោះជាអង្ករខ្មែរដែលនាំទៅអឺរ៉ុបទាបជាងនាំទៅចិនក៏ដោយតែនេះពុំមែនជារឿងមួយគួរឲ្យបារម្ភឡើយ។ មិនបារម្ភព្រោះថា អង្ករដែលនាំទៅអឺរ៉ុបហើយត្រូវបានគិតពន្ធនោះជាប្រភេទអង្ករដើមគ្រាប់វែង ខណៈដែលអង្ករប៉ុន្មានប្រភេទផ្សេងទៀតដូចជា អង្ករក្រអូបប្រណិត អង្ករក្រអូបធម្មតា និងអង្ករសធម្មតា មិនត្រូវបានគិតពន្ធលើការនាំចូលឡើយ។
តាមរយៈការនាំចេញអង្ករជាបន្តបន្ទាប់មិនថា ទីផ្សារចិន អឺរ៉ុប ឬក៏ទីផ្សារតំបន់អាស៊ាន ទើបធ្វើឲ្យសន្ទុះនៃការបារម្ភពីការធ្លាក់ចុះតម្លៃស្រូវពីសំណាក់ពលរដ្ឋបានស្ងប់ស្ងាត់នៅមួយរយៈពេលចុងក្រោយនេះ។ តែយ៉ាងណាមិញ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា ការណ៍ដែលតម្លៃស្រូវលែងចោទជាបញ្ហាសម្រាប់កសិករនោះ ដោយសារតែវិស័យឯកជនបានប្រមូលស្រូវទិញស្តុកទុក និងការចូលមកទិញស្រូវពីសំណាក់ឈ្មួញវៀតណាមជាដើម។
សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបានជាង១០លានតោន។ ក្នុងនោះការប្រើប្រាស់ក្នុងស្រុកអស់ប្រមាណជាជិត៤លានតោន ហើយស្រូវដែលសល់ពីនេះប្រមាណជា៦០ភាគរយ កម្ពុជានឹងកែច្នៃដើម្បីនាំចេញក្នុងឆ្នាំ២០១៩នេះ។ តែអ្វីដែលគួរបារម្ភក្នុងឆ្នាំ២០១៩នេះ ការដាំដុះស្រូវអាចពិបាកបន្តិចត្រង់ថា កម្ពុជាគ្មានទឹកគ្រប់គ្រាន់ព្រោះរដូវប្រាំងឆ្នាំនេះអូសបន្លាយយូរ។ នេះបើតាមលោក ហ៊ុន ឡាក់។
គួររំឭកថា អង្ករកម្ពុជាជាង៦០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ដោយក្នុងឆ្នាំដដែលនោះអង្ករកម្ពុជានៅតែនាំចិនក្នុងកម្រិតមួយខ្ពស់ ។ ជាថ្មីទៀតអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារំឭកដល់ ក្រុមហ៊ុនដែលនាំអង្ករទៅចិននិងទីផ្សារផ្សេងទៀត ត្រូវគិតឲ្យបានល្អិតល្អន់លើបញ្ហាតម្លៃនិងស្តង់ដាគុណភាពអង្ករទើបរក្សាបានទីផ្សារប្រកួតប្រជែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ