ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យទន្លេលើកដំបូង បន្ទាប់ពីជម្លៀសជនជាតិវៀតណាមពីទន្លេមកលើគោកហើយ
ពិធីបុណ្យទន្លេលើកទី ៥ បានចាប់ផ្តើមជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៥ខែមីនានេះ រហូតដល់ថ្ងៃទី ១៧ខែមីនា ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យទន្លេ នៅឆ្នាំ ២០១៩នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។ ក្រសួងទេសចរណ៍ រំពឹងថានឹងមានពលរដ្ឋរហូតដល់ ៥០ម៉ឺននាក់ នឹងចូលរួមក្នុងពិធីបុណ្យទន្លេ រយៈពេល ៣ថ្ងៃនេះ។ ជាការកត់សម្គាល់ ពិធីបុណ្យទន្លេ នៅក្នុងខេត្តកំពង់ឆាំ្នងនេះ បានប្រារព្ធឡើងស្របពេលដែលអាជ្ញាធរខេត្ត បានបញ្ជាក់ពីការបម្លាស់ទីជនជាតិវៀតណាម ដែលរស់នៅលើទន្លេសាប មករស់នៅលើគោកវិញ។
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុក ពិធីបុណ្យទន្លេលើកទី ៥ ឆ្នាំ ២០១៩ បានចាប់ផ្តើមដំណើរការ នៅថ្ងៃទី ១៥ខែមីនានេះ ដោយមិនខុសពីសព្វដង ពិធីបុណ្យទន្លេឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តសិល្បៈ និងកីឡាប្រពៃណីជាតិជាច្រើន ដូចជាការតាំងបង្ហាញផលិតផល និងទំនិញផ្សេងៗ ដែលមានសក្កានុពលក្នុងស្រុក ការប្រគំតន្ត្រី រាំរបាំ បង្ហាញម៉ូតបែបបុរាណ សម័យ និងការលេងល្បែងប្រជាប្រិយខ្មែរ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ចូលរួមលេងជាមួយ។
ជាមួយគ្នានោះ ក៏មានការបង្ហាញកីឡាករប្រមាណជាង ១០ប្រភេទ រួមទាំងកីឡាប្រពៃណីរបស់ ខេត្តកំពង់ឆ្នាំង គឺចំបាប់បូរាណ ។ ក្រៅពីនេះ មានការប្រកួតប្រដាល់គុនខ្មែរ រយៈពេល ២ ថ្ងៃ ការប្រកួតទាញព្រ័ត្រ ការប្រកួតបាល់ទះ ការប្រកួត កីឡាវាយសី ការរត់កម្សាន្ត ចម្ងាយ ៣គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដែលពេលនេះ មានអ្នកចូលរួមរត់ចំនួន ជាង ២ ០០០នាក់ និងកីឡាជិះកង់កម្សាន្ត ដែលមានអ្នកចូលរួមជិះ ជាង ៥០០នាក់ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រំពឹងថា ការរៀបចំពិធីបុណ្យទន្លេលើក នៅខេត្តកំពង់ឆ្នាំងនេះ ជាឱកាសមួយសម្រាប់ឲ្យទីក្រុងកំពង់ឆ្នាំង បំផុសចលនាទាំងឡាយ ដែលអាចឈានទៅដល់ការដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ និងជួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិបន្ថែមទៀត។ សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ទីក្រុងបេក្ខភាពចំនួន៦ ចូលរួម ក្នុងការប្រកួតដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ ដោយក្នុងនោះរួមមាន ក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ ក្រុងកំពង់ឆ្នាំង ក្រុងតាខ្មៅ ក្រុងកំពត និងខណ្ឌដូនពេញ។ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២នេះ គ្រោងនឹងប្រកាសនៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នៅដើមខែមករា ឆ្នាំ២០២០ ក្នុងប្រទេសព្រុយណេ។
តាមលោក ថោង ខុន ទីក្រុងកំពង់ឆ្នាំង មានរចនាសម្ព័ន្ធល្អ មានវប្បធម៌ប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងសម័យអាណានិគមបារាំង។ ដូច្នេះ លោក ថោង ខុន បានសំណូមពរឲ្យអាជ្ញាធរខេត្ត ត្រូវតែពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អណាម័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើនសេវាកម្មទេសចរណ៍ ប្រកបដោយ «សេវា១ ស្តង់ដា១» ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជម្រុញឲ្យគិតគូរបន្ថែម លើការរៀបចំឲ្យមានផ្សាររាត្រី មណ្ឌលព័ត៌មានទេសចរណ៍ ចំណតទូកទេសចរណ៍ជាដើម។
ជាការកត់សម្គាល់មួយទៀតដែរ ការប្រារព្ធពិធីបុណ្យទន្លេ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាង ថា ជនជាតិវៀតណាម ដែលរស់នៅផ្ទះបណ្ដែតទឹក ក្នុងបឹងទន្លេសាបជាង ២០០០គ្រួសារ ត្រូវបានផ្លាស់ទីឡើងមករស់នៅលើគោកអស់ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ