សាលាក្រុងផ្ដើមជួសជុលផ្លូវខូចខាតដោយចំណាយថវិកា១០លានដុល្លារខណៈសង្គមស៊ីវិលស្នើឲ្យគិតគុណភាពផ្លូវ
សាលាក្រុងភ្នំពេញនឹងប្រើប្រាស់ទឹកប្រាក់១០លានដុល្លារនៅក្នុងការជួសជុលផ្លូវដែលកំពុងរងការខូចខាតខ្លាំងនៅក្នុងរាជធានីភ្នំពេញ ចំនួន៥៧ខ្សែ ដែលមានប្រវែងជាង៦០គីឡូម៉ែត្រ។ តែសម្រាប់សង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍនៅរាជធានីភ្នំពេញស្នើឲ្យគិតគូរពីគុណភាពផ្លូវជាសំខាន់។
ចុះផ្សាយនៅថ្ងៃ៖
ការស្ដារនិងជួសជុលផ្លូវឡើងវិញនេះនឹងប្រើពេលបីខែដោយបញ្ចប់មុនមុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ថ្លែងប្រាប់វិទ្យុបារាំង លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញលើកឡើងថា យុទ្ធនាការជួសជុលនិងស្ដារផ្លូវឡើងវិញធ្វើឡើងបន្ទាប់ពីសាលាក្រុងភ្នំពេញពិនិត្យឃើញផ្លូវរងនូវការខូចខាតខ្លាំងដោយសារតែផ្លូវមួយចំនួនមានអាយុកាលចាស់ទ្រុឌទ្រោមណាស់ទៅហើយដូចជាផ្លូវ២៧១ ផ្លូវ២៧៣ ផ្លូវ៧០ ផ្លូវ៣១៥ ផ្លូវម៉ៅសេងទុងនិងផ្លូវសំបុកមាន់ជាដើម។
ក្រៅពីអាយុកាលនៃផ្លូវលោក ឃួង ស្រេង បានទទួលស្គាល់ថា ការធ្វើចរាចរណ៍របស់រថយន្តដឹកធ្ងន់លើសចំណុះនិងការលិចលង់ផ្លូវនារដូវវស្សាក៏ជាមូលសំខាន់មួយនាំឲ្យផ្លូវរងការខូចខាតផង។ លោក ឃួង ស្រេង អះអាងថា ការជួសជុលនិងស្ដារផ្លូវឡើងវិញនៅក្នុងខណ្ឌទាំង៩នេះនឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
ដើម្បីឱ្យការងារស្ថាបនា ផ្លូវទាំង៥៧ខ្សែ ធានាបានទាំងគុណភាព និងសម្រេចបាន តាមផែនការលោក ឃួង ស្រេង ចង់ឲ្យមានការចូលរួមនិងតាមដានត្រួតពិនិត្យពីប្រជាពលរដ្ឋក្រុមមន្ត្រីជំនាញបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីកុំឱ្យក្រុមហ៊ុនទទួលម៉ៅការអនុវត្តន៍ខុសពីបទដ្ឋានបច្ចេកទេស។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានស្វាគមន៍យុទ្ធនាការនៃការជួសជុលផ្លូវរបស់សាលារាជធានីភ្នំពេញ ប៉ុន្តែលោកបានស្នើឲ្យការជួសជុលនោះត្រូវគិតគូរពីគុណភាពផ្លូវជាសំខាន់។ លោកក៏បានរិះគន់ការធ្វើផ្លូវនៅភ្នំពេញនាពេលកន្លងមកថា ផ្លូវជួសជុលស្អាតហើយទើបជីកលូដាក់តាមក្រោយដែលជាផ្នែកមួយលោកយល់ឃើញថា នាំឲ្យខាតបង់ថវិកាជាតិ។
សម្រាប់លោកសៀ ភារម្យ ការអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ផ្លូវចរាចរណ៍នៅភ្នំពេញក្រៅពីស្ទះចរាចរណ៍ហើយក៏ជាផ្នែកមួយបណ្ដាលឲ្យផ្លូវរងការខូចខាតផង។ ជាយោបល់លោកថា សាលាក្រុងគួរតែសាងសង់ផ្លូវមួយផ្សេងសម្រាប់រថយន្តធុនធ្ងន់ធ្វើចរាចរណ៍ដើម្បីកុំឲ្យប៉ះពាល់ដល់គុណភាពផ្លូវនៅទីប្រជុំជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ