វត្តមានរបស់លោក Duterte នៅកម្ពុជាខ្លី តែមានអត្ថន័យវែង លើការស្តារទំនាក់ទំនងឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥២
លោកប្រធានាធិបតីហ្វីលីពីនទី១៦ Rodrigo Duterte ដែលទើបនឹងឡើងកាន់អំណាចកាលពីដើមឆ្នាំ ២០១៦ កន្លងទៅនេះ បានមកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៣ និងទី ១៤ធ្នូ។ តាមការគ្រោងទុក បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រកម្ពុជា លោក Duterte នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន មុននឹងហោះហើរបន្តទៅកាន់ប្រទេសសិង្ហបុរី។
ហ្វីលីពីន និងកម្ពុជាកន្លងមកអាចចាត់ទុកថាជាសមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដែលមានទំនាក់ទំនងគ្នាបែបរយាលទាំងនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម យោធា និងវប្បធម៌។
និយាយពីទំនាក់ទំនងនយោបាយ កម្ពុជានិងហ្វីលីពីន តែងមើលមុខគ្នាមិនសូវចំជាច្រើនឆ្នាំមកហើយ បើទោះណាជាប្រទេសទាំងពីស្ថិតនៅក្នុងសហគមន៍អាស៊ានតែមួយ វាសនាតែមួយក៏ដោយ។ ការមើលមុខគ្នាមិនចំរវាងកម្ពុជា និងហ្វីលីពីន ដែលមានការកត់សម្គាល់ខ្លាំងនោះ គឺលើប្រធានបទសមុទ្រចិនខាងត្បូង។ នៅឆ្នាំ២០១២ កម្ពុជាក្នុងថានៈជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបានបង្កើតសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង(DOC)កាលពីឆ្នាំ ២០០២ មិនអាចចេញសេចក្តីប្រកាសរួមស្តីពីបញ្ហាសមុទ្រចិនខាងត្បូងបាន។
ម្យ៉ាងទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែកញ្ញាឆ្នាំ២០១៦ ថ្មីៗនេះ កម្ពុជាបានជំទាស់ទៅនឹងការធ្វើសេចក្តីថ្លែងការណ៍រួម ដែលដាក់បញ្ចូលបញ្ហាសមុទ្រចិនខាងត្បូងទៅក្នុងរបៀបវារៈ។ គេដឹងហើយថា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ជាសមាជិកអាស៊ាន ដែលមានជម្លោះស្រួចស្រាល់ជាមួយចិន លើបញ្ហាអធិបតេយ្យភាពដែនទឹក ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់របស់ពិភពលោក។
ដូច្នេះចង់មិនចង់កម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ហ្វីលីពីន និងប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត។ ក៏ប៉ុន្តែភាពតានតឹង ដែលបានបង្ហាញឡើងច្បាស់ៗ គឺរវាងកម្ពុជា និងហ្វីលីពីន ដែលកាលណោះប្រទេសទាំងពីរបានប្រើភាសាក្រោតគ្រាតដាក់គ្នា ដោយសារតែជំហររបស់កម្ពុជាអព្យាក្រិត គឺរុញឲ្យហ្វីលីពីន ដោះស្រាយទ្វេរភាគីជាមួយចិន និងកម្ពុជាមិនចង់ឃើញប្រទេសអាស៊ានទាំង១០ មានសម្លេងតែ១ប្រឆាំងចិន ដែលជាមិត្តស៊ីជម្រៅ កម្រិតខ្ពស់របស់កម្ពុជា។
វិលមកហ្វីលីពីនរបស់លោក Duterte វិញ ជាហ្វីលីពីនថ្មី ដែលគេគិតថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមាត់ឆៅ សំលាប់ឆៅរូបនេះ អាចនឹងសាងទំនាក់ទំនងនយោបាយ និងការទូតល្អជាមួយកម្ពុជាឡើងវិញ ដោយសារហ្វីលីពីន បានសម្របសម្រួលកាលពីខែកន្លងទៅជាមួយចិនលើវិវាទសមុទ្រចិនខាងត្បូង ហើយកម្ពុជាតែងគាំទ្រចិនលើដំណោះស្រាយដ៏សំខាន់នេះ។ ដើម្បីផ្សារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បញ្ហាសមុទ្រចិនខាងត្បូងអាចនឹងមិនត្រូវលើកឡើងក៏ថាបាន នៅក្នុងឱកាសទស្សនកិច្ចថ្ងៃនេះរបស់លោក Duterte នៅកម្ពុជា។
ក្រៅពីនេះកម្ពុជានឹងហ្វីលីពីន ជាប្រទេសដែលមានទំហំពាណិជ្ជកម្មទាប គឺប្រមាណជា ២៧លានដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០១៥ ដោយកម្ពុជានាំចូលស្មើនឹង ២ដងទៅហ្វីលីពីនធៀបនឹងហ្វីលីពីននាំចូលកម្ពុជា។ ពោលគឺការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តិចជាងបណ្តាប្រទេសអាស៊ានដទៃទៀត ដោយសារតែកម្ពុជានិងហ្វីលីពីនមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគ្នា។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាត្រូវគេរំពឹងថាកើតមានឡើងផងដែរ នៅក្នុងទស្សនកិច្ចរបស់លោក Duterte នាថ្ងៃនេះ។
គម្លាតទំហំពាណិជ្ជកម្ម កម្ពុជា-ហ្វីលីពីន ធៀបទៅនឹងសមាជិកអាស៊ានដទៃទៀត ក្រៅពីហេតុផលនយោបាយ អាចបណ្តាលមកពីកត្តាភូមិសាស្ត្រដែរ ដោយប្រទេសទាំងពីរមានព្រំដែនមិនជាប់គ្នា។ ដោយឡែកទំនាក់ទំនងលើវិស័យដទៃទៀត ដូចជាប្រពៃណី វប្បធម៌ ភាសា អក្សរសាស្ត្រជាដើម កម្ពុជានិងហ្វីលីពីនមិនមានភាពស្រដៀងគ្នាឡើយ ដោយភាគច្រើននៃជនជាតិខ្មែរកាន់សាសនាព្រះពុទ្ធ តែប្រជាជនហ្វីលីពីនភាគច្រើនកាន់សាសនាគ្រឹស្ត។
លើវិស័យការងារ ពលរដ្ឋហ្វីលីពីនបានចូលមកប្រជែងការងារកម្ពុជារាប់ពាន់នាក់ ជាពិសេសបម្រើការងារជាវិស្វករ អ្នកបច្ចេកទេស អ្នកជំនាញ និងអ្នកគ្រប់គ្រង តាមសហគ្រាសឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា និងមានច្រើនដែរអ្នកបំពេញតួនាទីជាអ្នកបម្រើសាសនាគ្រឹស្ត។ ដោយឡែកកម្ពុជាវិញ មានពលរដ្ឋតិចតួចបំផុតទៅបម្រើការងារនៅហ្វីលីពីន។
ដូច្នេះ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Rodrigo Duterte នៅកម្ពុជាពេលនេះ គេសង្ឃឹមថាបញ្ហានយោបាយ ពាណិជ្ជកម្ម និងការងារ អាចនឹងត្រូវលើកឡើងផងដែរ ដើម្បីឲ្យមានភាពប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ