លោកជិន ម៉ាលីន ៖លោកស្រីរ៉ូណាស្មីតជជែកពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ តែមិនមានរបៀបវារៈនយោបាយទេ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងជំនួបមួយម៉ោងកន្លះរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រីរ៉ូណា ស្មីត ការជជែកគ្នាផ្តោតជាសំខាន់លើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ជាពិសេសគឺ ទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំណុំរឿងក្តីរបស់តុលាការ ការកាត់បន្ថយការឃុំខ្លួនបណ្តោះអាសន្ន និងការរៀបបទបញ្ញតិ្តស្តីពីការពពោះជំនួស។ នេះបើតាមអ្នកនាំពាក្យ។
នៅថ្ងៃទី១០ ខែសីហានេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកកាសែតថា ភាគីទាំងពីរបានលើកយកបញ្ហា៣សំខាន់មកជជែកគ្នា ហើយលោកបានលើកឡើងថាការជជែកគ្នានេះគឺជាជំនួបលក្ខណៈបច្ចេកទេសសុទ្ធសាធ និងមិនមានពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ចំណែកលោកស្រីរ៉ូណាស្មីត បញ្ជាក់យ៉ាងខ្លីថា ជំនួបជាមួយរដ្ឋមន្ត្រីយុត្តិធម៌នេះ គឺលោកស្រីបានធ្វើបច្ចុប្បន្នភាពមួយចំនួនលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា ការអនុវត្តប្រព័ន្ធយុត្តិធម៌កម្ពុជានាពេលកន្លងមក រួមទាំងការជជែកគ្នាពីដំណោះស្រាយមួយចំនួនទៀតទាក់ទងនឹងការឃុំខ្លួនបណ្តោះអាសន្នជាដើម។
លោកជិន ម៉ាលីបានឲ្យដឹងថាបច្ចុប្បន្នស្ថាប័នតុលាការកម្ពុជាកំពុងតែធ្វើទំនើបកម្មទាក់ទងនឹងការគ្រប់គ្រងសំណុំរឿងក្តីរបស់តុលាការ។ ការធ្វើទំនើបកម្មនេះ ដោយសារតែកន្លងមកការកត់ត្រាសំណុំរឿងធ្វើឡើងដោយដៃតែប៉ុណ្ណោះ។ ការវិវឌ្ឍថ្មីនេះបានជួយបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងសំណុំរឿងក្តីនៅក្នុងតុលាការ។ ជាការឆ្លើយតបលោកស្រីរ៉ូណាស្មីត បានស្វាគមន៍ចំពោះការរីកចម្រើននេះ។
ក្រៅពីនេះ អ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត ចង់ឲ្យមានការកាត់បន្ថយការឃុំខ្លួនបណ្តោះអាសន្ន និងចង់ឲ្យមានការអនុវត្តទោសនៅក្រៅពន្ធនាគារ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថាករណីនេះមិនអាចអនុវត្តបានទេ ដោយសារតែសង្គមកម្ពុជាមិនទទួលយក។
ចំពោះបញ្ហាពពោះជំនួសវិញ លោកស្រីរ៉ូណាស្មីត នឹងបន្តជួយកម្ពុជារៀបចំតាក់តែងច្បាប់នេះ។ នេះបើតាមលោកជិន ម៉ាលីន។
សូមបញ្ជាក់ថា នេះ គឺជាលើកទី៤ហើយ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួបលោកស្រីរ៉ូណា ស្មីត។ លោកស្រីរ៉ូណា ស្មីត មានគម្រោងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។
ក្នុងដំណើរទស្សនៈកិច្ចរយៈពេល៣ថ្ងៃមកនេះ ក្នុងប្រទេសកម្ពុជាលោកស្រីរ៉ូណាស្មីត បានជួបភាគីសំខាន់ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិល។ ក្នុងថ្ងៃបញ្ចប់នៃដំណើរទស្សនៈកិច្ចនេះ លោកស្រីនឹងធ្វើសន្និសីទសារព័ត៌មានមួយស្តីពីបេសកម្មរយៈពេល១០ថ្ងៃរបស់លោកស្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ