អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប​ប្រាប់​លោក​ស្រី​រ៉ូណាស្មីត​ថា បន្ទប់​ស្ថានការណ៍​ត្រូវ​តែ​ចុះ​បញ្ជី​សិន​ទើប​អាច​បន្ត​សកម្មភាព​ទៀត​បាន

លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)។
លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)។ @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

ព្រឹក​មិញ​នេះ លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វារ​២​ម៉ោង​ជាមួយ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។ ក្នុង​ចំណោម​ប្រធាន​បទ​ជា​ច្រើន​នៃ​ជំនួប​នេះ បញ្ហា​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ក៏​ត្រូវ​បាន​លោក​ស្រី​រ៉ូណា ស្មីត​លើក​ឡើង​ផង​ដែរ។ ថ្នាក់​ដឹក​នាំ​គ.ជ.ប​បាន​បញ្ជាក់​ប្រាប់​ទៅ​លោក​ស្រី​រ៉ូណា ស្មីត​វិញ​ថា បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នេះ ត្រូវ​តែ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​សិន​ទើប​អាច​បន្ត​សកម្មភាព​ទៀត​បាន​នៅ​ឆ្នាំ​២០​១៨។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ជាមួយ​លោក​ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត លោក​ស្រី​រ៉ូណា ស្មីត បាន​សួរ​នាំ​ពួក​គេ​អំពី​ភាព​ស្រប​ច្បាប់​នៃ​បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ស៊ិក ប៊ុនហុក បាន​គូស​បញ្ជាក់​ថា ពេល​ធ្វើ​សកម្មភាព​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ កន្លង​ទៅ បន្ទប់​ស្ថានការណ៍​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទេ។ នៅ​ត្រង់​ចំណុច​នេះ បើ​តាម​លោក​ស៊ិក ប៊ុនហុក គ.ជ.ប ក៏​ធ្លាប់​បាន​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ទៅ​កាន់​បន្ទប់​ស្ថានការណ៍​ឲ្យ​អនុវត្ត​ទៅ​តាម​ច្បាប់ គឺ​ទៅ​ចុះ​បញ្ចី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​បន្ទប់​ស្ថានការណ៍​នេះ​មិន​ធ្វើ​តាម​ទេ តែ​ធ្វើ​សកម្មភាព​យក​តែ​ម្តង។ យ៉ាង​ណា​ក៏​ដោយ​ចុះ ប្រធាន​គ.ជ.ប បាន​ចង្អុល​បង្ហាញ​ថា បន្ទប់​ស្ថានការណ៍​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​សិន​ទើប​អាច​បន្ត​សកម្មភាព​ទៀត​បាន។

គួរ​បញ្ជាក់​ថា បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​និង​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ពី​ភាព​ស្រប​ច្បាប់​នៃ​បណ្តុំ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​ថែម​ទៀត។ នេះ ​គឺ​ដោយ​សារ​តែ​បន្ទប់​ស្ថានការណ៍​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​កន្លង​ទៅ​ថា មិន​ទាន់​សេរី និង​យុត្តិធម៌​ពេញ​លេញ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​ដែរ។

ក្រៅ​ពី​បញ្ហា​បន្ទប់​ស្ថានការណ៍​នេះ លោក​ស្រី​រ៉ូណា ស្មីត ក៏​បាន​សួរ​នាំ​អំពី​បញ្ហា​ពលករ​នៅ​ក្រៅ​ស្រុក​អាច​បោះ​ឆ្នោត​បាន​ដែរ​ឫ​យ៉ាង​ណា? លោក​ស៊ិក ប៊ុនហុក បាន​សង្កត់​ធ្ងន់​ថា ពលករ​ចំណាក​ស្រុក​មិន​បាន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​នោះ​ទេ គឺ​ពួក​គេ​អាច​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​កាល​កំណត​របស់​គ.ជ.ប​បាន។ ប៉ុន្តែ​ត្រង់​ថា ចង់​ឲ្យ​មាន​ការ​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​តាម​ជាយ​ដែន និង​នៅ​តាម​ស្ថាន​ទូត​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ច្បាប់​មិន​អនុញ្ញាត​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​រ៉ូណា ស្មីត បាន​គូស​បញ្ជាក់​ប្រាក់​ថ្នាក់​ដឹក​នាំ​គ.ជ.ប​ថា អព្យាក្រិត​ភាព​របស់​ឝ.ជ.ប​ពិត​ជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​សន្តិសុខ និង​ជៀស​វាង​អំពើ​ហិង្សា​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប នៅ​ក្រោយ​ជំនួប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ