លោក រ៉ុង ឈុន ប្រកាសផ្អាកបាតុកម្មទាមទារដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី
លោករ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង ជាប្រធានសហភាពសហជីពកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសលើកពេលធ្វើបាតុកម្ម ដើម្បីទាមទារឱ្យដោះលែងលោកកឹម សុខា និង លើកលែងទោសលោកសម រង្ស៊ី។ ជាបាតុកម្ម ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ សីហាខាងមុខនេះ។ ជាការកត់សម្គាល់ ការប្រកាសលើកពេលនេះ ធ្វើឡើងក្រោយពីសាលារាជធានីភ្នំពេញបដិសេធសំណើសុំធ្វើបាតុកម្មរបស់លោក រ៉ុង ឈុន។ ប៉ុន្តែ លោករ៉ុង ឈុន បានអះអាងថា ការលើកពេលនេះ គឺដោយសារតែថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានបេសកកម្មត្រូវបំពេញ។
ចុះផ្សាយនៅថ្ងៃ៖
ជាដំបូង លោករ៉ុង ឈុន ដែលជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកការមិនអនុញ្ញាតឱ្យក្រុមរបស់លោកធ្វើបាតុកម្មពីសំណាក់សាលារាជធានីភ្នំពេញនេះថា ជាការបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និង ប្រាស់ចាកពីកត្តិកាសញ្ញាស្តីពីសិទ្ធិមនុស្សសាកល។ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក រ៉ុង ឈុន ថែមទាំងសម្តែងនូវសោកស្តាយថែមទៀតចំពោះទង្វើរបស់សាលារាជធានីភ្នំពេញនេះ។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃ០១ ខែសីហា បានប្រកាសមិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការជួបជុំគ្នាទេនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែសីហា។ ថ្ងៃទី១៥ ខែសីហា ដែលសមាគមបង្រៀនកម្ពុជាឯករាជ្យនេះគ្រោងធ្វើបាតុកម្ម ដើម្បីទាមទារឱ្យតុលាការដោះលែងលោកកឹម សុខា និង លើកលែងទោសលោកសម រង្ស៊ី ក្នុងគោលបំណងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ សម្រាប់សាលារាជធានីភ្នំពេញ សកម្មភាពជួបជុំគ្នានេះ គឺប្រឆាំងនឹងសាលដីការបស់តុលាការកំពូល និង រំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការដែលមិនអាចឱ្យធ្វើទៅបាន។
ក៏ប៉ុន្តែ លោករ៉ុង ឈុន បានគូសបញ្ជាក់ថា ការជួបជុំរបស់ក្រុមលោក គឺមិនមានចេតនាប្រឆាំងនឹងសាលដីកា ឬបំពានតុលាការ និង ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការធ្វើបាតុកម្មនេះ គឺជាការរួមចំណែកក្នុងការការពារ និង រក្សាការងារដល់កម្មករ កម្មការិនីខ្មែរតាមរយៈការជំរុញកុំឱ្យមានការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP។ តែទោះបីជាយ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញ បានព្រមានទុកជាមុនថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើសិនក្រុមលោក រ៉ុង ឈុន នៅតែមានការជួបជុំគ្នា។
ប្រឈមមុខនឹងបញ្ហានេះ លោក រ៉ុង ឈុន បានប្រកាសរក្សាជំហរធ្វើបាតុកម្មដដែល ប៉ុន្តែលើកពេលធ្វើដោយមិនកំណត់ពេល។ តាមលោក រ៉ុង ឈុន ការលើកពេលនេះមិនមែនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគោរពធ្វើតាមសាលារាជធានីភ្នំពេញនោះទេ ពោល គឺថ្នាក់ដឹកនាំសមាគមនេះមានបេសកកម្មដែលត្រូវបំពេញមិនអាចខកខានបាន។ ជាមួយនឹងការលើកពេលនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យតាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបើកចំហរសិទ្ធិសេរីជួបប្រជុំសម្តែងមតិ និង ស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងដោះលែងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងផងដែរ ដើម្បីថែរក្សាផលប្រយោជន៍ប្រជាពលរដ្ឋ និង ជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ