កម្ពុជា-សង្គម

​លោក​ស្រី រ៉ូណា ស្មីត ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​ការ​គោរព​សេរី​ភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី​

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ @OHCHR

លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ទី៧​នៅ​កម្ពុជា​ហើយ កាល​ពី​ម្សិល​មិញ​នេះ​។ មុន​ឡើង​យន្ត​ហោះ​ចាក​ចេញ​ពី​កម្ពុជា លោក​ស្រីរ៉ូណា ស្មីត បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ និង ការ​អំពាវ​នាវ​លើ​បញ្ហា​មួយ​ចំនួន​។ ក្នុង​នោះ លោក​ស្រី​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ពង្រឹង​ការ​គោរព​សេរីភាព​ជូប​ប្រជុំ​ដោយ​សន្តិវិធី​របស់​អង្គការ​សង្គម​ស៊ីវិល និង ប្រជា​ពលរដ្ឋ​។ 

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​កម្រាស់​១៤​ទំព័រ​របស់​ខ្លួន លោកស្រីរ៉ូណា ស្មីត បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​សមាគម និង អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មួយ​ចំនួន​ដែល​មិន​ទទួល​បាន​នូវ​សេរីភាព និង សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ប្រតិ​បត្តិ​ការ​សកម្មភាព​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​។ លោក​ស្រី​ក៏​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ផង​ដែរ​ចំពោះ​ការ​បំពេញ​ការងារ និង ការ​តស៊ូ​មតិ ដើម្បី​លើក​កម្ពស់ និង ការពារ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​គេ​បន្ត​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​គណបក្ស​ប្រឆាំង ឬ​មាន​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅ​វិញ​។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចង់​ឱ្យ​ការ​រៀប​ចំ​វេទិកា​របស់​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​អនាគត ផ្តល់​នូវ​ការ​កសាង​ទំនុក​ចិត្ត ការ​គោរព និង ការ​សន្ទនា​គ្នា​រវាង​រដ្ឋា​ភិបាល និង សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​នានា រួម​ទាំង​អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​តស៊ូ​មតិ​ផង​ដែរ ដើម្បី​ឱ្យ​ស្រប​នឹង​សេចក្តី​ថ្លែង​ការណ៍ និង សេចក្តី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃស្តី​ពី​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ជាមួយ​សង្គម​ស៊ីវិល​។

ជា​ការ​ឆ្លើយ​តប លោកស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ពួក​គេ​។ លោក​ស ខេង បញ្ជាក់​ដូច​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ស្រីរ៉ូណា ស្មីត កាល​ពីថ្ងៃ​ទី០៨ ឧសភា ដោយ​បន្ថែម​ថា ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ឡើង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល គឺ​មិន​មែន​ជា​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទេ​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ស ខេង បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លើក​យក​បញ្ហា​មិន​ប្រក្រតី​នា​នា​មក​ពិភាក្សា​ដោយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​ខាង​ក្រសួង​មហាផ្ទៃ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​ដែល​ធ្វើ​ឡើង​រាល់​៦ខែ​ម្តង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​គ្នា​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​រ៉ូណា ស្មីត បាន​ស្នើ​លោក​ស ខេង ពង្រឹង​សារ​របស់​លោក​ស្តី​ពី​បរិយាកាស​ដែល​អង្គការ​សង្គម​ស៊ីវិល​អាច​មាន​លទ្ធភាព​ធ្វើ​ការងារ​បាន​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។ មិន​តែ​ប៉ុណ្ណោះ លោក​ស្រី​ក៏​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​ធានា​ថា រាល់​ការ​ប្រព្រឹត្ត និង ការ​អនុ​វត្ត​ណា​មួយ​ដែល​មិន​ត្រឹម​ត្រូវ ត្រូវ​តែ​ទទួល​នូវ​ការ​ស៊ើប​អង្កេត ដាក់​ទណ្ឌ​កម្ម និង ការ​ទប់​ស្កាត់​ក្នុង​លក្ខណៈ​សម​ស្រប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI