អានតួអត្ថបទ
កម្ពុជា-សង្គម

​ទស្សន​កិច្ច​ថ្ងៃ​ទី១​៖ សង្គម​ស៊ីវិល​ប្រាប់​លោក​ស្រី​រ៉ូណា ស្មីត​ពី​ការ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជួប​ជុំ​នៅ​កម្ពុជា​

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា @OHCHR
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២៩ ខែ​មេសា​នេះ លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​។ នៅ​ថ្ងៃ​ទីមួយ​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ លោក​ស្រីរ៉ូណា ស្មីត​បាន​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រាយ​ការណ៍​ប្រាប់​លោក​ស្រីរ៉ូណា ស្មីត​ពី​បញ្ហា​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

លោកនី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស និង ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា នៅ​ក្នុង​ជំនួប​ជា​ថ្មី​ជាមួយ​លោក​ស្រីរ៉ូណា ស្មីត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា១០ បាន​រាយ​ការណ៍​ប្រាប់​លោក​ស្រី​ពី​បញ្ហា​ចម្បងៗ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរី​ភាព​នៅ​កម្ពុជា​។ ទីមួយ ពួក​គេ​បាន​ប្រាប់​លោក​ស្រីរ៉ូណា ស្មីត​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ចំពោះ​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​ជួប​ជុំ​នៅ​តាម​មូល​ដ្ឋាន​។ បើ​តាម​លោក​នី សុខា បើ​ទោះ​បី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​បើក​ទូលាយ​ដល់​ការ​ជួប​ជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏​ដោយ ក៏​ការ​ជួប​ជុំ​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​ដែល​ខ្លះ​ស្លៀក​ពាក់​ជា​ស៊ីវិល​ក៏​មាន​ដែរ​។

ទីពីរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​បញ្ហា​ក្រុម​អតីត​គណបក្ស​ប្រឆាំង ជា​ពិសេស អ្នក​នៅ​តាម​មូល​ដ្ឋាន គឺ​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​អាជ្ញាធរ គ្មាន​សេរីភាព​ក្នុង​ការ​ជួប​ជុំ​បញ្ចេញ​មតិ និង ខ្លះ​ទៀត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ថែម​ទៀត​។ ទីបី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​រាយ​ការណ៍​ប្រាប់​លោក​ស្រីរ៉ូណា ស្មីត ពី​ការ​រឹត​ត្បិត​លំហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង រិះគន់​ទៅ​លើ​រដ្ឋា​ភិបាល​។ លោក​នី សុខា បាន​គូស​បញ្ជាក់​ថា អ្នក​រិះគន់​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ និង​រិះ​គន់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​។ សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ទាំង​អស់​នេះ ធ្វើ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ និង​រិះ​គន់​លើ​បញ្ហា​អ្វី​មួយ​។

ចំពោះ​បញ្ហា​ទាំង​អស់​នេះ លោក​ស្រីរ៉ូណា ស្មីត មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​ស្រី​គ្រាន់​តែ​កត់​ត្រា​ទុក​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឱ្យ​លោក​ស្រីរ៉ូណា ស្មីត លើក​យក​បញ្ហា​ទាំង​អស់​នេះ​ទៅ​ជជែក​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​កម្ពុជា​ដែល​លោក​ស្រី​គ្រោង​នឹង​ជួប​នា​ពេល​ខាង​មុខ​។ តាម​គម្រោង នៅ​ថ្ងៃទី៣០ ខែ​មេសា​ស្អែក​នេះ លោក​ស្រី​រ៉ូណា ស្មីត នឹង​ជួប​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក​កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។

សូម​បញ្ជាក់​ថា អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត នឹង​ស្នាក់​នៅ​កម្ពុជា​រយៈ​ពេល​១១​ថ្ងៃ​ចាប់​ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៩ ខែ​ឧសភា​។ បេសក​កម្ម​របស់​លោក​ស្រី​នៅ​កម្ពុជា​លើក​នេះ គឺ ផ្តោត​សំខាន់​ទៅ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្សនា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ពិនិត្យ​ទៅ​លើ​វិស័យ​សិទិ្ធ​មនុស្ស​ទាក់​ទង​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ លោក​ស្រី​គ្រោង​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​កម្ពុជា និង​សមាជិក​សហគមន៍​ការ​ទូត​នា​នា ក្រោយ​ពី​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ ប៉ុន្តែ​លើក​ដូច​នេះ​ក៏​ដូច​លើក​មុន​ដែរ លោក​ស្រីរ៉ូណា ស្មីត បាន​បរាជ័យ​ក្នុង​ការ​ស្នើ​សុំ​ជួប​ជាមួយ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ