មេធាវី លោក កឹម សុខា ថាគួរតែអនុញ្ញាតឲ្យមានជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត
ចុះផ្សាយនៅថ្ងៃ៖
មេធាវីការពារក្តីឲ្យ លោក កឹម សុខា បានលើកឡើងថា គេគួរតែអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោកស្រី រ៉ូណា ស្មីត បានជួបសួរសុខទុក្ខលោក កឹម សុខា។ ចំណែក លោកស្រី រ៉ូណា ស្មីត បានប្រាប់អ្នកសារព័ត៌ថា គាត់ត្រូវមានសិទ្ធិជួបនិងពិភាក្សាជាមួយលោក កឹម សុខា ជាសម្ងាត់ ក្នុងនាមជាអ្នកជំនាញឯករាជ្យ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស។
បើទោះជាចៅក្រមស៊ើបសួរបដិសេធជាលើកទី៣ មិនឲ្យលោកស្រី រ៉ូណា ស្មីត ជួប លោក កឹម សុខា ក៏ដោយ តែទាំងមេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សជំទាស់នេះ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា យល់ឃើញដូចគ្នាថា គេគួរតែអនុញ្ញាតឲ្យមានជំនួបមួយ ដើម្បីសួរសុខទុក្ខ។
លោក ផែង ហេង ជាសហមេធាវីការពារក្តីលោក កឹម សុខា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា លោកស្រី ស្មីត ជាមន្រ្តីឯករាជ្យដែលធ្វើការតំណាងឲ្យសិទ្ធិមនុស្សជាសកល ដូចនេះគេគួរតែអនុញ្ញាតឲ្យជួបសួរសុខទុក្ខ លោក កឹម សុខា ព្រោះលោកស្រីមិនមែនជាអ្នកនយោបាយឡើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការដែលតុលាការ មិនអនុញ្ញាតឱ្យលោកស្រី ស្មីត ជួប លោក កឹម សុខា ព្រោះសំណុំរឿងនេះចៅក្រមកំពុងដំណើរការស៊ើបសួរ។
ប៉ុន្តែលោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី នៅថ្ងៃទី៣០មេសាថា «វាជារឿងអកុសលក្នុងនាមជាអ្នកជំនាញឯករាជ្យ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រីគួរតែមានសិទ្ធិចូលគ្រប់កន្លែងឃុំឃាំងនិងជួបគ្រប់អ្នកជាប់ឃុំឃាំងទាំងអស់។ ហើយលោក កឹម សុខាកំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ បើទោះជាលោកមិនជាប់ឃុំនៅក្នុងពន្ធនាគារដោយផ្ទាល់ក៏ដោយ ក៏សេរីភាពរបស់លោកត្រូវបានដាក់កំហិត។ ដូច្នេះជារួម លោកស្រី គិតថា គាត់ត្រូវមានសិទ្ធិជួបនិងពិភាក្សាជាមួយលោក កឹម សុខា ជាសម្ងាត់»។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ