កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ថាមិនតក់ស្លុតតែបារម្ភពីសុវត្ថិភាពក្រោយឡើងបំភ្លឺនៅតុលាការថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានចេញពីតុលាការវិញហើយនៅម៉ោង១២ថ្ងៃត្រង់នេះ បន្ទាប់បានចូលឆ្លើយសំណួររបស់តំណាងអយ្យការប្រមាណជិតមួយម៉ោង។ អតីតចៅសង្កាត់រូបនេះ គឺស្ថិតក្នុងចំណោមសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូបដែលត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃនេះ ខណៈសកម្មជន២រូបទៀតត្រូវចូលបំភ្លឺនៅពេលរសៀល។ ប៉ុន្តែតំណាងអយ្យការនៅមិនទាន់សម្រេចយ៉ាងណាចំពោះជោគវាសនារបស់សកម្មជនអតីតបក្សប្រឆាំងទាំងនោះនៅឡើយ។
ក្រោយចេញពីរបងតុលាការភ្លាម កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេតអតីតចៅសង្កាត់រូបនេះ ត្រូវបានអ្នកគាំទ្ររាប់សិបនាក់អមដំណើរដោយថ្មើរជើងទៅកាន់ផ្ទះរបស់នាងដែលលក់នំបញ្ចុកនៅមិនឆ្លាយប៉ុន្មានពីតុលាការខេត្តបាត់ដំបង។ តុលាការខេត្តបាត់ដំបងដែលមានកម្លាំងសមត្ថកិច្ចបានរារាំងក្រុមអ្នកគាំទ្រ មន្ដ្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន មិនឲ្យចូលទៅឈរនៅបរិវេណខាងមុខតុលាការឡើយ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេតដែលពូកែខាងសំដីផងនោះ បានថ្លែងថានាងមិនមានការតក់ស្លុតចំពោះការហៅសាកសួររបស់តុលាការទេ ប៉ុន្តែនាងមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ បារម្ភពីសុវត្ថិភាពព្រោះជាញឹកញយតែងមានមនុស្សមួយក្រុមក្នុងអាការៈស្រវឹងស្រាបានមកឈប់នៅមុខហាងនំបញ្ចុករបស់នាងដោយជេរប្រមាថរូបនាងនិងលោក សម រង្ស៊ី។នេះជាការអះអាងរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍គឺមានអតីតចៅសង្កាត់ និងក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិចំនួន ៤រូប បានចូលឆ្លើយបំភ្លឺ មាន លោក ឌឹម សារឿន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លោក ម៉ក រ៉ា និង លោក ខាន់ ប៊ុនផេង។ចំណែកលោក ឃួន ចំរើន និងលោក យួម ដូង ចូលបំភ្លឺនៅពេលរសៀល។
គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ គឺមានសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០នាក់ក្នុងចំណោមមនុស្សចំនួន ២៦នាក់បានចូលឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការខេត្តបាត់ដំបងជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពប្រឆាំងសាលដីការបស់តុលាការកំពូលដែលការរំលាយគណបក្សសង្រ្គោះជាតិប៉ុន្តែតំណាងអយ្យការនៅមិនទាន់សម្រេចយ៉ាងណាចំពោះជោគវាសនារបស់សកម្មជនអតីតបក្សប្រឆាំងទាំងនោះនៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ