អ្នកកាសែតគ្មានព្រំដែន ៖ សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះ៤លេខ!
នៅថ្ងៃពុធនេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានចេញរបាយការណ៍ថ្មី ដែលបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា គឺធ្លាក់ចុះ ៤ លេខ បើធៀបនឹងឆ្នាំមុន។ ពោលគឺសម្រាប់ឆ្នាំ ២០១៧នេះ កម្ពុជា បានលេខ ១៣២។ ការសិក្សានេះ គឺចេញនៅមុនពេល ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលនឹងមកដល់ពេល១សប្តាហ៍ទៀតតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមប្រទេស១៨០ នៅទូទាំងពិភលោក កម្ពុជា បានជាប់ចំណាប់ថ្នាក់ លេខ១៣២ គឺធ្លាក់ចុះ ចំនួន៤លេខ ខុសពីឆ្នាំមុន! ឆ្នាំ២០១៦ ដែលជាប់បានលេខ ១២៨។ នេះគឺជារបាយ ការណ៍សិក្សាវាយតម្លៃជាថ្មី ទៅលើសេរីភាពសារព័ត៌មាន ចេញផ្សាយមួយឆ្នាំម្តងរបស់អង្គការអ្នកកាសែតគ្មានព្រំដែន។ អង្គការនេះ មានមូលដ្ឋាននៅប្រទេសបារាំង។
ការធ្លាក់ចុះចំណាត់ថ្នាក់របស់កម្ពុជានៅឆ្នាំនេះ ត្រូវអង្គការអ្នកកាសែតគ្មានព្រំដែន ពន្យល់ថា គឺមកពីរដ្ឋាភិបាលខ្មែរ បានធ្វើទុក្ខបុកម្នេញចំពោះកាសែតឯករាជ្យ នៅក្នុងឆ្នាំ២០១៦កន្លងទៅ។ លើសពីនេះ អ្នកកាសែតស្រុកខ្មែរ ត្រូវប្រឈមមុខនឹងហានិយភ័យ នៅពេលចុះយកព័ត៌មាន សម្ភាសន៍ និងស៊ើបអង្កេត ចំពោះរឿងឧក្រិដ្ឋកម្មធនធានធម្មជាតិ ការជួញដូរ និងកាប់បំផ្លាញព្រៃឈើ រួមទាំងបទល្មើសនេសាទ ជាដើម។
ជាក់ស្តែង ក្រោយការបាញ់សម្លាប់ បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ, អ្នកកាសែតក្នុងស្ថាប័នព័ត៌មានឯករាជ្យ មានតួយ៉ាង កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែត Cambodia Daily ជាដើម ត្រូវរងការរិះគន់ដោយសំណេរនិងសម្តីធ្ងន់ៗពីសំណាក់ក្រុមគ្រួសារលោកនាយក រដ្ឋមន្ត្រី និងត្រូវរងការគំរាមកំហែងពីសំណាក់ជនអនាមិក ហើយក៏អាចជាកម្មវត្ថុនៃអំពើហិង្សាណាមួយផងដែរ។ នេះបើតាមរបាយការណ៍របស់ អ្នកកាសែតគ្មានព្រំដែន។
តាមការសង្កេតរបស់អង្គការអ្នកកាសែតគ្មានព្រំដែន, អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវងាយរងការចោទប្រកាន់តាមផ្លូវតុលាការ ពីបទ«បរិហារកេរ្តិ៍» និង«ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឬប៉ះពាល់មុខមាត់ប្រទេសជាតិ»។ មិនតែប៉ុណ្ណោះ សេរីភាពសារព័ត៌មាន គឺជាចំណុចរសើប ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្តោបក្តាប់អំណាច ប្រមានជាង ៣០ឆ្នាំ ហើយដែលលោក មានទំនាក់ទំនងជិតស្និទខ្លាំងជាមួយម្ចាស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ទន្ទឹមនេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានគូសបញ្ជាក់ លទ្ធិប្រជាធិបតេយ្យអាចត្រូវដួលរលំ ដោយសារតែវត្តមាននៃបុរសខ្លាំង។
យ៉ាងណាក៏ដោយចុះ បើគេនិយាយពីសេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ាន ទាំង១០ ប្រទេស កម្ពុជានៅតែរក្សាតំណែងបានល្អ។ ពោលគឺចាញ់តែបីប្រទេស ក្នុងកម្រិតលេខតិចតួចតែប៉ុណ្ណោះ នោះគឺ ឥណ្ឌូនេស៊ី (១២៤) ហ្វីលីពីន (១២៧) និង ភូមា (១៣១) លើសកម្ពុជា១លេខ។ ចំណែក ឡាវ (១៧០) និងវៀតណាម (១៧៥) គឺស្ទើរតែស្ថិតនៅបាតតារាង ហើយស្ថិតក្នុងបញ្ជីខ្មៅផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ