មេបក្សកាន់អំណាចលើក៤ចំណុចដែលអាចឈ្នះការបោះឆ្នោតជាតិ តែបក្សប្រឆាំងថា អាស្រ័យលើពលរដ្ឋ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជានៅព្រឹកនេះ បានលើកឡើងនូវ៤ចំណុចក្នុងទម្រង់ជាសំណួរនិងចម្លើយដែលនាំឲ្យគណបក្សប្រជាជនកម្ពុជារឹងមាំ និង បន្តឈ្នះឆ្នោតនៅឆ្នាំ២០១៨។ ចំណុចទាំង៤នេះ អាចសង្ខេបខ្លីបានថា គឺបក្សប្រជាជន ជាអ្នករំដោះកម្ពុជាពីរបបប៉ុល ពត និងបាននាំសន្តិភាពមកឲ្យពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្រាប់បក្សប្រឆាំងវិញ ការឈ្នះឆ្នោតគឺវាអាស្រ័យលើប្រជាពលរដ្ឋប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
លោកហ៊ុន សែន បានចោទសួរជាចំណួរនិងឆ្លើយដោយខ្លួនឯងនៅលើទំព័រហ្វេសប៊ុកថា តើគណបក្សណាមួយដែលហ៊ានលះបង់គ្រប់យ៉ាងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និង ផ្តល់កំណើតទី២ដល់ពលរដ្ឋខ្មែរ? តើគណបក្សណាមួយដែលបាននាំមកនូវសន្តិភាពពេញលេញដល់កម្ពុជា? តើគណបក្សណាមួយដែលបានកសាងប្រទេសពីគំនរផេះផង់រហូតដល់កម្ពុជាបានរីកចម្រើនមកទល់សព្វថ្ងៃនេះ?ចម្លើយរួមនៃសំណួរទាំងបីនេះ លោកហ៊ុន សែនបានបញ្ជាក់ថា គឺគណបក្សប្រជាជនកម្ពុជា។
ចំណែកមួយសំណួរទៀត គឺថាតើមេដឹកនាំគណបក្សណាមួយដែលហ៊ានលះបង់សូម្បីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេសហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋតាំងពីប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមរហូតមកទល់សព្វថ្ងៃនេះ? ចម្លើយនៃសំណួរនេះ គឺសរសេរលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីថាគឺ “សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន”។ បើតាមលោកហ៊ុន សែន គឺចំណុចសំខាន់ទាំង៤នេះហើយដែលសរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រឹងមាំ និង បន្តឈ្នះឆ្នោតនៅឆ្នាំ២០១៨ទៀតនោះ។
សម្រាប់គណបក្សសង្រ្គោះជាតិវិញដែលជាគូរប្រកួតប្រជែងដ៏ស្រួចស្រាល់បំផុតរបស់គណបក្សកាន់អំណាច លោកយឹម សុវណ្ណដែលជាអ្នកនាំពាក្យបានគូសបញ្ជាក់ថា អ្វីៗទុកឲ្យប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតជាអ្នកសម្រេចចុះ។ លោកយឹម សុវណ្ណ បានបន្ថែមទៀតថា គណបក្សប្រឆាំងមិនចាំបាច់ផ្សព្វផ្សាយគោលនយោបាយដើម្បីឈានទៅរកជ័យជំនះនៅពេលនេះឡើយ ដោយលោកឲ្យរង់ចាំមើលនៅឆ្នាំ២០១៨តែម្តង។
ជាការកត់សម្គាល់ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតទាំងថ្នាក់ជាតិនិងក្រោមជាតិជាបន្តបន្ទាប់តាំងពីអាណត្តិទី២មកលើកលែងតែអាណត្តិ១ប៉ុណ្ណោះដែលគណបក្សមួយនេះបានចាញ់ឆ្នោតគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកនៅថ្មីៗនេះទៀត គណបក្សប្រជាជនកម្ពុជាក៏ឈ្នះសំឡេងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែរដោយទទួលបានតំណែងមេឃុំ ចៅសង្កាត់ច្រើនជាងគេ។ ចំពោះលោកហ៊ុន សែន នេះបញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺនឹងបន្តឈ្នះឆ្នោតទៀតនៅ ឆ្នាំ ២០១៨ ខាងមុខនេះ។
យ៉ាងណាក៏ដោយ បើទោះការបោះឆ្នោតជាតិឆ្នាំ២០១៨មិនទាន់មកដល់ក៏ពិតមែន ប៉ុន្តែមេបក្សកាន់អំណាចលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តែងតែបានបង្ហើរវោហាសាស្រ្តនៃលទ្ធភាពនៃការកើតមានសង្រ្គាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនបានគ្រប់គ្រងប្រទេស។ បើតាមលោកនាយករដ្ឋមន្រ្តី សង្រ្គាមនោះមិនមែនកើតចេញពីអាវុធទេ តែអាចកើតចេញពីបបូរមាត់របស់អ្នកនយោបាយបក្សប្រឆាំងតែម្តង។ សម្រាប់គណបក្សប្រឆាំងវិញ ថ្នាក់ដឹកនាំគណបក្សនេះក៏បានលើកឡើងជារើយៗតបទៅវិញដែរ ថានឹងមិនមានសង្រ្គាមណាមួយកើតឡើងទេនៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតគ្រប់គ្រងប្រទេសនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ