កម្ពុជា

លោក សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​ឈ្នះ​មិន​សំខាន់...សំខាន់​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​តាម​បែប​ប្រជាធិបតេយ្យ

លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

សារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស​ប៊ីប៊ីស៊ី (BBC)នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ចាក់​ផ្សាយ​បទ​សម្ភាសន៍​ទាំង​ស្រុង​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន។ ក្នុង​ការ​ផ្សាយ​លោក សម រង្ស៊ី បាន​ឆ្លើយ​ទៅ​កាន់​អ្នក​សម្ភាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​មិន​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​ គឺ​ការ​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​គណបក្ស​ប្រឆាំង គឺ​ជា​ល្ខោន​ ដែល​មិន​អាច​ទុក​ចិត្ត​បាន​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា​គណបក្ស​នឹង​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ ប៉ុន្តែ​ការ​ឈ្នះ​ឆ្នោត​ គឺ​មិន​មាន​ជា​រឿង​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ការ​ធានា​នូវ​ការ​ផ្លាស់​ប្តូរ​តាម​បែប​ប្រជាធិបតេយ្យ។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​​ចក្រ​ភព​អង់គ្លេស​ ដែល​បាន​សម្ភាសន៍​លោក​តាំង​ពី​ថ្ងៃ​ទី​ ២៣ កញ្ញា​មក​ម្ល៉េះ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​អត្ថាធិប្បាយ​នោះ​ថា គឺ​ល្ខោន​នៃ​ល្បិច​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​និយាយ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ។

ក្នុង​កិច្ច​សម្ភាសន៍​ប្រមាណ​ ៣០​នាទី លោក សម រង្ស៊ី ដែល​កំពុង​បន្ត​វណ្ឌករ​ដោយ​បណ្តឹង​ និង​កំពុង​រត់​គេច​ខ្លួន បាន​បន្ត​ថា ការ​បោះឆ្នោត​ខាង​មុខ​នឹង​ដំណើរ​ការ​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ ​ត្បិត​អី គណៈកម្មាធិការ​បោះឆ្នោត​ល្អ​ប្រសើរ។ យ៉ាងណា​ក៏​ដោយ​លោក សម រង្ស៊ី ក៏​មិន​ភ្លេច​ឡើយ​ការ​រិះគន់ និង​ហៅ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ថា ជា​របប​ផ្តាច់​ការ។ របប​ផ្តាច់​ការ​ ដែល​ដឹង​ត្រូវ​បញ្ចប់​ក្រោយ​ការ​កាន់​អំណាច​ជាង​៣០​ឆ្នាំ ហើយ​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​ការ​ដឹកនាំ​ល្អ។

វា​មិន​មាន​ជា​រឿង​ប្លែក​ទេ​ ដែល​លោក​សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង​ ៤អាណត្តិ​រូប​នេះ បន្ត​វាយ​ប្រហារ​ឥត​សំចៃ​មក​លើ​ដៃគូ​បដិបក្ខ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​ការ​បង្ហាញ​ជំហរ​ដូច​ជា​ផ្ទុយ​គ្នា​រវាង​លោក សម រង្ស៊ី និង​លោកកឹម សុខា។ លោក​កឹម សុខា ដែល​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ដល់​សមាជិក​របស់​គ្រប់​តំបន់​គ្រប់​លំដាប់​ថ្នាក់​ចៀសវាង​ការ​វាយ​ប្រហារ​ ឬ​ពាក្យ​សំដី អសុរោះ ដែល​នឹង​នាំ​ឱ្យ​បរិយាកាស​នយោបាយ​តាន​តឹង​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្យ និង​បរិយាកាស​នយោបាយ​យូរ​អង្វែង​ទៅ​មុខ​ទៀត។ ត្រង់​ចំណុច​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា មេបក្ស​ប្រឆាំង​ទាំងពីរ ដែល​ច្របាច់​បក្ស​ចូល​គ្នា​នេះ​ គឺ​មិន​ដែល​មាន​បំណង​សុទ្ធ​បង្រួប​បង្រួម​គ្នា​នោះ​ទេ។

សូម​បញ្ជាក់​ថា ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ក្តៅ​ងុំ​ដដែល ភាគី​នីមួយ​ៗ​នៅ​តែ​បែរ​ខ្នង​ដាក់​គ្នា និង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចរចា។ យ៉ាង​ណា​ក៏​ដោយ ក្នុង​កិច្ច​សម្ភាសន៍​នោះ លោក​សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រកប​ដោយ​សន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI