អានតួអត្ថបទ
កម្ពុជា

ឆ្នាំនេះ​ដំណាំ​ពោត​និង​សណ្តែក​ទទួល​ផលល្អ

គោឧសភរាជ​បរិភោគ​ពោត និង​សណ្តែក
គោឧសភរាជ​បរិភោគ​ពោត និង​សណ្តែក ©វណ្ណារ៉ា/RFI
ដោយ៖ គី សុខលីម
1 នាទី

ការ​ទស្សន៍ទាយ​ពី​ភោគផល​កសិកម្ម​ តាមរយៈ​គោ​ឧសភរាជ​​ បាន​បង្ហាញ​ថា ​នៅ​ឆ្នាំ​នេះ ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ល្អ​ សម្រាប់​ដំណាំ​ពោត​ និង​ទិន្នផល​បង្គួរ​ សម្រាប់​ដំណាំ​សណ្តែក។​​ ការ​ទស្សន៍ទាយ​នេះ​បាន​ធ្វើ​ឡើង​ ​កាល​ពី​ព្រឹក​មិញ​ នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ដែល​បាន​រៀបចំ​ឡើង​ នៅ​ក្នុង​ទឹកដី​អង្គរ​ នៃ​ខេត្ត​សៀមរាប។​​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

​នៅ​ក្នុង​ចំណោម​ចំណី​ទាំង​៧​មុខ (ស្រូវ​ សណ្តែក​​ ពោត​ ល្ង ​ស្មៅស្រស់​ ទឹក ​និង​ស្រា) ​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​ ​នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​កាល​ពី​ព្រឹកមិញ គោ​ឧសភរាជ​​​បាន​បរិភោគ​ពោត​និង​សណ្តែក ។ ​

 
តាមរយៈ​ការ​បរិភោគ​របស់​សត្វ​គោ​ឧសភរាជ ​កាល​ពី​ព្រឹកមិញ​នេះ ​​​​តំណាង​បាគូ​នៃ​ព្រះ​បរមរាជ​វាំង​បាន​ថ្លែង​ថា ​​ដំណាំ​ពោត ​នៅ​ឆ្នាំ​នេះ​ ទទួល​បាន​ផល​ល្អ​​ ហើយ​ដំណាំ​សណ្តែក​ទទួល​បាន​ផល​បង្គួរ។

​តំណាង​បាគូ​បាន​បន្ត​បញ្ជាក់​ទៀត​ថា ​ការ​ផ្សង​ប្រផ្នូល​ តាមរយៈ​គោ​ឧសភរាជ​ នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ ​មាន​តាំង​ពី​បុរាណ​កាល​មក​។​

​បន្ទាប់​ពី​គោ​ឧសភរាជ​បាន​បរិភោគ​រួច​ហើយ ​​តំណាង​បាគូ​បាន​បួងសួង​សូម​អោយ​អានុភាព​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក​ជួយ​អោយ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ចុះ​ តាម​រដូវ​កាល ​ធាតុ​អាកាស​ដើរ​ទៀតទាត់ ​និង​ជា​ពិសេស​សូម​អោយ​ប្រទេស​កម្ពុជា​ចៀស​ផុត​​​ពី​គ្រោះ​ធម្មជាតិ​ទាំងឡាយ ​ដែល​តាម​យាយី​ផល​ដំណាំ​កសិកម្ម​របស់​ប្រជាជន​ និង​ប្រទេស​ជាតិ​ទាំងមូល​។​
ការ​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង ​ស្របពេល​ដែល​រដូវ​វស្សា​ទើប​តែ​ចាប់​ផ្តើម​ដែរ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​

​​នៅ​ឆ្នាំ​នេះ ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង័្គល​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​រៀបចំ​ឡើង ​នៅ​ក្នុង​ទឹកដី​អង្គរ​ នៃ​ខេត្ត​សៀមរាម​ ក្រោម​ព្រះរាជ​អធិបតី ​នៃ​ព្រះ​មហាក្សត្យ​ នៃ​ព្រះរាជ​ណាចក្រ​កម្ពុជា​​ និង​សម្តេច​ហេង​ សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ ​នៃ​ប្រទេស​កម្ពុជា​។

ចាប់តាំង​ពី​ព្រឹក​ព្រលឹម​មក​ គេ​សង្កេត​ឃើញ​ប្រជាជន​ជា​ច្រើន​រយ​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​​នេះ។ ​តំណាង​ប្រជាជន​ ទាំង​២៤​ខេត្ត​-ក្រុង​ ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ចូលរួម​ក្នុង​ពិធី​សាសនា​ដ៏​មហោឡារិក​នេះ​។ ​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រលាន​ជល់​ដំរី ​ក្នុង​តំបន់​ប្រាសាទ​បាយ័ន​។​​​

​ព្រះអង្គម្ចាស់ ​ស៊ីសុវត្តិ ធម្មិកោ​ ទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ឪ​នរោត្តម ​ស៊ីហនុ ​បាន​មាន​បន្ទូល​ពន្យល់​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ​​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ នៅ​ទីក្រុង​សៀមរាប ​នៅ​ឆ្នាំ​នេះ​ គឺ​មាន​សារៈ​សំខាន់​ណាស់ ​ពីព្រោះ​ទីមួយ ​ដឹកដី​អង្គរ​គឺ​ជា​ទី​កន្លែង​សក្ការៈ​ និង​ជា​ទី​កន្លែង​ស័ក្តិសិទ្ធិ​ និង​ទីពីរ ​​​​អង្គរវត្ត​​​គឺ​ជា​និមិត្តរូប​នៃ​វប្បធម៌​ និង​អរិយធម៌​រុងរឿង​របស់​ខ្មែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ