កម្ពុជា-ច្បាប់

​រដូវ​ចរចា​ប្រាក់​ឈ្នួល​មក​ដល់ ​អ្នក​សហ​ជីព​ថា​អាច​មាន​ភាព​តាន​តឹង​ជាង​ឆ្នាំ​មុន ​ដោយ​សារ​បរិបទ​ខុស​គ្នា​

ប្រាក់រៀលខ្មែរ
ប្រាក់រៀលខ្មែរ @RFI

ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា នឹង​បើក​កិច្ច​ប្រជុំ​អាណត្តិ​ទី១ លើក​ទី១ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ស្អែក​នេះ ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០​២០​។ កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗរួម​មាន​ភាគី​សហជីព ភាគី​និយោ​ជក និង​ភាគី​ក្រសួង​ការ​ងារ​។ 

ផ្សាយពាណិជ្ជកម្ម

ការ​ជជែក​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០២០ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៩​ខែសីហា​ស្អែក​នេះ នឹង​មិន​ទាន់​មាន​ការ​កំណត់​តួលេខ​ពី​ភាគី​ទាំង​បី​ជាក់​លាក់​នៅ​ឡើយ​ទេ​។ ក៏​ប៉ុន្តែ​ភាគី​ពាក់​ព័ន្ធ​នឹង​ស្តាប់​នូវ​បទ​បង្ហាញ​របស់​ក្រសួង​ការ​ងារ ហើយ​ភាគី​២ផ្សេង​ទៀត​នឹង​ដក​ឃ្លា​ទៅ​ជជែក​រៀងៗ​ខ្លួន ដើម្បី​កំណត់​តួលេខ​សម្រាប់​ធ្វើ​ការ​ចរចា​នៅ​ជំនួប​លើក​ក្រោយ​។

ទោះ​ជា​មិន​ទាន់​បាន​ជជែក​គ្នា​ផ្ទៃ​ក្នុង​នៅ​ឡើយ​ក៏​ដោយ រវាង​ភាគី​សហជីព​គ្រប់​និន្នា​ការ ក៏​ប៉ុន្តែ​សម្រាប់​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​ជា​ប្រធាន​ស្ថាប័ន​នេះ បាន​ជ្រើស​រើស​តួលេខ​ផ្ទាល់​ខ្លួន​រួច​ហើយ គឺ​នឹង​គ្រោង​ស្នើ​ទៅ​កាន់​អង្គ​ប្រជុំ​នូវ​តួលេខ​២០​ដុល្លារ​។ គឺ​ជា​តួលេខ​ដែល​នឹង​មាន​ការ​ទាម​ទារ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​អប្បបរមា​១៨២​ដុល្លារ នៅ​ឆ្នាំ​២០១៩​នេះ​។

ជាមួយ​គ្នា​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ថ្លែង​ថា​សហជីព​របស់​លោក​បាន សម្រេច​ផ្ទៃ​ក្នុង​រួច​ហើយ​ថា នឹង​ធ្វើ​ការ​ទាម​ទារ​ឲ្យ​មាន​ការ​តម្លើង​១៥%នៃ​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន គឺ​ស្មើ​ប្រមាណ​ជា​២៧ដុល្លារ​។ ការ​លើក​ឡើង​របស់​មេដឹក​នាំ​សហ​ជីព​រូប​នេះ គឺ​ដោយ​សារ​តែ​ភាគី​កម្មករ បាន​បាត់​បង់​ផល​ប្រយោជន៍​កាល​ពី​ពេល​ថ្មីៗ​នេះ បណ្តាល​មក​ពី​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​។

ទោះ​យ៉ាង​ណា តួលេខ​រួម​ណា​មួយ ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​ត្រី​ភាគី ពី​ខាង​ភាគី​សហ​ជីព នៅ​មិន​ទាន់​បាន​កំណត់​ដោយ​កិច្ច​ប្រជុំ​រួម​របស់​អ្នក​សហ​ជីព​នៅ​ឡើយ​ទេ ខណៈ​ភាគី​សហ​ជីព​រំពឹង​ថា ការ​ជជែក​ស្តី​ពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៃ​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​ស្ថាន​ភាព​តឹង​តែង ខុស​ពី​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​ដែល​កម្ពុជា​មាន​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ព្យួរ​ភាព​អនុ​គ្រោះ​ពន្ធ​ពី​សហ​ជីព​អឺរ៉ុប(EBA) និង​ភាគី​និយោជក កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្អាក​ការ​ចរចា​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​។

សូម​រំឭក​ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​មក គឺ​ចាប់​ពី​៣០​ដុល្លារ រហូត​ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​។ បញ្ហា​នេះ ត្រូវ​គេ​លើក​ឡើង​ថា គឺ​បាន​មក​ពី​ការ​តស៊ូ និង​បាតុកម្ម​ស្វិត​ស្វាញ​ពី​សំណាក់​សហ​ជីព​ជំទាស់ និង​អតីត​បក្ស​ប្រឆាំង ដែល​បាន​ជួយ​ជម្រុញ​បញ្ហា​នេះ​។ ក្រោយ​មក​ក៏​មាន​យន្ត​ការ​ចរចា​ត្រី​ភាគី​។ ក៏​ប៉ុន្តែ​រដ្ឋា​ភិបាល​កម្ពុជា​វិញ បាន​ហៅ​ការ​ឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នេះ ថា​ជា​ឆន្ទៈ​និង​ជា​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​គាំពារ​កម្មករ និង​សង្គម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI