សមាជិកនៃសហគមន៍ផលិតអំបិលចង់ឲ្យក្រសួងលូកដៃដើម្បីបន្តដំណើរទៅមុខ
តាមគម្រោងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ សហគមន៍ផលិតអំបិលនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដើម្បីជជែកទៅលើការបន្តនិរន្តភាពសហគមន៍ផលិតអំបិល។ ការត្រៀមជជែកនេះ បន្ទាប់ពីសហគមន៍ផលិតអំបិល ជូនដំណឹងពីការរំលាយខ្លួនឯងចោល ក្រោមហេតុផលមួយចំនួន កាលពីពេលថ្មីៗ។ ប៉ុន្តែសមាជិកខ្លះ នៃសមាគមន៍ផលិតអំបិលចង់ឲ្យក្រសួងជំនាញលូកដៃ ធ្វើយ៉ាងណាឲ្យសហគមន៍មួយនេះ បន្តដំណើរទៅមុខទៀត។
ចុះផ្សាយនៅថ្ងៃ៖
លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពតកែប-បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា មូលហេតុដែលសហគមន៍ផលិតអំបិលចង់រំលាយខ្លួនឯងចោលដោយសារតែបញ្ហាផ្ទៃក្នុង តាមរយៈសមាជិកមួយចំនួនក្នុងចំណោមសមាជិក២០០ក្រុម ចង់ដើរចេញពីសហគមន៍ មកបង្កើតអាជីវកម្មអំបិលផ្ទាល់ខ្លូន។ បើតាមប្រធានសហគមន៍អ្នកផលិតអំបិលកំពត កែប នេះជាហេតុផលចំបង ដែលសំខាន់ជាងកត្តាអាកាសធាតុ។
ប៉ុន្តែយ៉ាងមិញ លោក ប៊ុន បារាំង ចង់ឲ្យក្រសួងឧស្សាហកម្មនិងសិប្បកម្មនិងអភិបាលខេត្តកែបនិងកំពត លូកដៃក្នុងបញ្ហានេះដើម្បីធ្វើយ៉ាងណាបន្តនិរន្តភាពនៃសហគមន៍ផលិតអំបិល។ បើសហគមន៍ផលិតអំបិលរំលាយគឺ អំបិលឡើងថ្លៃ កង្វះនៃការផ្គត់ផ្គង់អំបិលក្នុងស្រុកនឹងកើតមានឡើង។ បន្ថែមលើនេះ នឹងគ្មានតួអង្គណាចេញមុខនាំចូលអំបិលពីក្រៅយកមកផ្គត់ផ្គង់ក្នុងស្រុកឡើយ ក្នុងករណីដែលអំបិលផលិតមិនបានដូចឆ្នាំ២០១៨ ជាឧទាហរណ៍។
ប្រឈមបញ្ហានេះ លោក ប៊ុន បារាំង បានចេញមុខអំពាវនាវឲ្យសមាជិកនៃសហគមន៍ផលិតអំបិលពួតដៃគ្នាផលិតអំបិលឡើងវិញ ពោលគឺកុំបោះបង់ខ្លួនឯងចោល ក្នុងគ្រាដែលកម្ពុជាមានធនធានធម្មជាតិស្រាប់ក្នុងការកែច្នៃអំបិល។ ឆ្លៀតឱកាសនេះ ខាងសហគមន៍ផលិតអំបិលបដិសេធពាក្យចចាមអារ៉ាមដែលថា មានការវិនិយោគនានាពីក្រុមចិននៅលើទីតាំងរបស់ខ្លួនទើបធ្វើឲ្យវិស័យឯកជនផលិតអំបិលមួយនេះជួបភាពរង្គោះរង្គើ។ មែនទែនទៅតំបន់ផលិតអំបិលត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់អភិរក្សសម្រាប់តែការផលិតអំបិលប៉ុណ្ណោះ។
គិតមកដល់បច្ចុប្បន្ន សហគមន៍ផលិតអំបិលមានអាយុកាល១៥ឆ្នាំ ដែលមានស្រែអំបិល៤៨០០ហិកតា នៅក្នុងខេត្តកែបនិងកំពត ដោយមានសមាជិក២០០គ្រួសារ។ សម្រាប់ការផលិតអំបិលដើម្បីផ្គត់ផ្គង់ក្នុងឆ្នាំ២០១៩បានចាប់ផ្ដើមដំណើរការផលិត។ សូមបញ្ជាក់ថា មុនប្រកាសពីការរំលាយសហគមន៍អំបិល នៅក្នងឆ្នាំ២០១៨ កម្ពុជាបានជួបវិបត្តិអំបិល ហើយក្នុងនោះសហគមន៍អំបិលបាននាំអំបិល៣ម៉ឺនតោនពីក្រៅយកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្នុងនោះទិញពីចិន២ម៉ឺនតោន និងថៃ១ម៉ឺនតោន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ