លោក សម រង្ស៊ីបញ្ជាក់ថា ខ្លួននៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសបានសរសេរលើបណ្តាញផ្សព្វផ្សាយសង្គម (Twitter) បញ្ចប់ការសង្ស័យថា លោកនៅតែជាប្រធានក្រុមសំឡេងមតិភាគតិចនៅក្នុងរដ្ឋសភា ចំណែកលោក កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។ ការចេញមកអះអាងរបស់លោក បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា លោក កឹម សុខា ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្របានឆក់យកតួនាទីរបស់លោកនៅក្នុងរដ្ឋសភា។
ចុះផ្សាយនៅថ្ងៃ៖
គឺនៅមួយថ្ងៃក្រោយពីការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុក និងការបកស្រាយខុសពីមហាជនទូទៅ ជុំវិញការកែសម្រួលសមាសភាពដឹកនាំរបស់គណបក្សប្រឆាំងនៅក្នុងយន្តការរដ្ឋសភានោះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស បានចេញមកសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គម (Twitter)ថា ខ្លួននៅតែជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភាដដែល ហើយដៃគូសន្ទនារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចេញមកបញ្ជាក់របស់លោក សម រង្ស៊ី នៅពេលនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានសម្រេចស្នើរសុំឲ្យរដ្ឋសភាជាតិ ដាក់បេក្ខភាពលោក កឹម សុខា ប្រធានស្តីទីគណបក្ស ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ធ្វើជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋសភា ដោយមានលោក យឹម សុវណ្ណ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញឫទ្ធិ ជាសមាជិក។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានពន្យល់ថា ការស្នើសុំផ្លាស់ប្តូរសមាសភាពនេះ គឺធ្វើឡើងដោយមានការឯកភាពពីលោក សម រង្ស៊ី ហើយការផ្លាស់ប្តូរនេះ គឺដោយសារស្ថានភាពនយោបាយ។ ប៉ុន្តែប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភា គឺនៅតែជារបស់ លោក សម រង្ស៊ី ដដែល។ ដូចគ្នាអញ្ចឹងដែរ លោក សម រង្ស៊ី បានបញ្ជាក់តាមរយៈបណ្តាញសង្គម (Twitter)ថា ខ្លួននៅតែមានតួនាទីជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា និងជាដៃគូសន្ទនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោក កឹម សុខា ក្នុងនាមជាប្រធានស្តីទីគណបក្ស នឹងក្លាយជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋសភា ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង ជាដៃគូសន្ទនា។
គួរជំរាបជូនថា តាមជំពូកទី១២ថ្មីប្រការ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបានចែងថា ប្រធានក្រុមមតិភាគតិច គឺជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាលទាក់ទងនឹងបញ្ហាប្រទេសជាតិ ហើយប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រគណបក្សកាន់អំណាចបានលើកឡើងថា ទោះក្នុងតំណែងប្រធានក្រុមតំណាងរាស្ត្រគណបក្សក្រៅរដ្ឋាភិបាល ឬក្នុងតំណែងជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភាក្តី ក៏លោក សម រង្ស៊ី គ្មានបុព្វសិទ្ធិដែរ។ បើតាមលោក សុខ ឥសាន, លោក សម រង្ស៊ី ពេលនេះ បានបាត់បង់បុព្វសិទ្ធជាតំណាងរាស្ត្រទៅហើយ។
ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិការអនាគតដែលជាអង្គការសិក្សាគោលនយោបាយនៅកម្ពុជាបានកត់សំគាល់ថា ការចេញមកប្រកាសរបស់លោក សម រង្ស៊ី គឺបង្ហាញពីការព្រួយបារម្ភរបស់លោកលើឋានានុក្រមនៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សប្រឆាំង។ លោក អ៊ូ វីរៈ បានព្រមានថា បើលោក សម រង្ស៊ី នៅតែបន្តនិរទេសខ្លួននៅក្រៅប្រទេសទៀត ការដឹកនាំទាំងឡាយនឹងធ្លាក់លើដៃរបស់លោក កឹម សុខា ទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ