ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេល​វេលា​​កាន់​តែ​​តិច​​សម្រាប់​​ជីវិត​​នយោបាយ​​របស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស នៅ​តែ​មិន​ទាន់​កំណត់​ពេល​វេលា​ពិត​ប្រាកដ ដើម្បី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។ វត្តមាន​របស់​លោក សម រង្ស៊ី អាច​ចាត់​ទុក​ថា មិន​សំខាន់​ទេ ខណៈ​កិច្ច​ការងារ​ជា​ច្រើន​បាន​ធ្លាក់​ទៅ​លើ​ប្រធាន​ស្តីទី។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ វត្តមាន​របស់​លោក នៅ​ក្នុង​ប្រទេស​ពិត​ជា​សំខាន់ ហើយ​ថា លោក សម រង្ស៊ី មិន​អាច​ប្រើ​សេណារីយោ​ឆ្នាំ​២០១៣ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ទៀត​នោះ​ទេ។

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

ម្តង​ជា​ពីរ​ដង លោក សម រង្ស៊ី បាន​ត្រឹម​តែ​ប្រកាស​ថា នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​មុន ឬ​ជិត​ដល់​ពេល​បោះឆ្នោត។ ពោល​គឺ​ដូច​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​បាន​ធ្វើ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣​ដូច្នោះ​ដែរ។ កាល​ណោះ គេ​នៅ​ចាំ​បាន​ថា មាន​មនុស្ស​រាប់​សិប​ម៉ឺន​នាក់ បាន​ទទួល​លោក សម រង្ស៊ី តាំង​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ រហូត​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ ជា​ទី​កន្លែង​ដែល​ក្រុម​សកម្មជន អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង រាប់​ម៉ឺន​នាក់ នៅ​ចាំ​ទទួល​ទី​នោះ។ ​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ឆ្នាំ​២០១៣ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​និង​អ្នក​តាមដាន​នយោបាយ​កម្ពុជា មិន​សសើរ​មិន​បាន​ចំពោះ​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​របស់​លោក សម រង្ស៊ី ដែល​គេ​មិន​គួរ​ឲ្យ​ជឿ។

ជា​ការ​ពិត គេ​មិន​អាច​បដិសេធ​បាន​ទេ​ថា ការ​កើន​ឡើង​ចំនួន​កៅអី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ពី​២៥​កៅអី​របស់​គណបក្ស​សមរង្ស៊ី និង​៣​កៅអី​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០០៨ បាន​ឡើង​ទៅ​ដល់​៥៥​កៅអី​នៅ​ក្នុង​ឆ្នាំ​២០១៣។ នោះ​មួយ​ផ្នែក គឺ​ពិត​ជា​បាន​មក​ពី​ប្រជាប្រិយភាព​របស់​លោក សម រង្ស៊ី និង​បាន​មក​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង ក្រោយ​ពី​ការ​រួបរួម​គ្នា​រវាង​អ្នក​ប្រជាធិបតេយ្យ ខណៈ​ដែល​គណបក្ស​កាន់​អំណាច​នៅ​ឆ្នាំ​២០១៣ បាន​ជិះ​សេះ​លែង​ដៃ ហើយ​បាន​បន្សល់​ទុក​នូវ​ភាព​ខ្វះ​ចន្លោះ​ជា​ច្រើន។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បរិបទ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​មិន​ដូច​ស្ថានភាព​នយោបាយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​នោះ​ទេ។ ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដំបូង នៃ​ការ​រួប​រួម​របស់​អ្នក​ប្រជាធិបតេយ្យ ហើយ​ក៏​ជា​ឆ្នាំ ដែល​លោក សម រង្ស៊ី បាន​បញ្ចប់​ការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​៤​ឆ្នាំ ដើម្បី​គេច​ចេញ​ពី​ដីការ​ចាប់​ខ្លួន​របស់​តុលាការ​កម្ពុជា ក្នុង​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ឆ្នាំ​២០១៣ ក៏​ជា​ឆ្នាំ​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​រួបរួម​គ្នា​ផង​ដែរ។ ហើយ​ឆ្នាំ​២០១៣ ក៏​ជា​ឆ្នាំ​ដែល​គណបក្ស​កាន់​អំណាច​ បាន​ជិះ​សេះ​លែង​ដៃ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ខណៈ​ដែល​ខ្លួន​គ្រប់គ្រង​ដល់​ទៅ​៩០​អាសនៈ។ ក៏​ប៉ុន្តែ​ផ្ទុយ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​នេះ​ទៅ​ហើយ គណបក្ស​កាន់​អំណាច​ បាន​នឹង​កំពុង​ខិតខំ​ធ្វើ​កំណែ​ទម្រង់ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ អម​ជាមួយ​នឹង​ការ​ផ្តល់​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដែល​ជា​ការ​ផ្តល់​នូវ​តំរូវ​ការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ ហើយ​ជា​អ្វី​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ត្រឹមតែ​ការ​សន្យា​នោះ។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ពេល​នេះ លោក សម រង្ស៊ី មាន​ផ្លូវ​តែ​មួយ​គត់​ នោះ​គឺ ត្រូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​បី​ជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ក៏​ដោយ។ ព្រោះ​ថា ផ្លូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ហាក់​បី​ដូច​តូច​ចង្អៀត​ណាស់ សម្រាប់​ប្រមុខ​បក្ស​ប្រឆាំង​លើក​នេះ ​នេះ​បើ​គេ​ផ្អែក​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​សន្យា​កាត់​ដៃ​ស្តាំ​របស់​ខ្លួន​ផង ប្រសិន​បើ​លោក​ចុះ​ហត្ថលេខា​ស្នើ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ជា​លើក​ទី៣។ វា​អាច​ជា​ការ​ចម្លែក​ដែរ ប្រសិន​បើ​ប្រមុខ​បក្ស​ប្រឆាំង ជ្រើសរើស​យក​សេនារី​យោ​មួយ​នេះ ព្រោះ​ចង់​មិន​ចង់ ប្រជាពលរដ្ឋ​ពិត​ជា​ចង់​ដឹង​ថា តើ​លោក សម រង្ស៊ី មាន​ភាព​ក្លាហាន​គ្រប់​គ្រាន់ ដូច​ដែល​លោក​បាន​យក​ខ្លួន​ទៅ​ប្រៀប​ធៀប​នឹង​លោកស្រី អ៊ុងសាន ស៊ូជី មេបក្ស​ប្រឆាំង​ភូមា​ដែរ​ឬ​ទេ?

ផ្ទុយ​ទៅ​វិញ ការ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ធ្វើ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ជាង​២០​ឆ្នាំ​នៅ​កម្ពុជា​នេះ រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ និង​ប្រឈម​ទៅ​នឹង​ឱកាស​កាន់​តែ​តិច​ទៅ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត នោះ​បើ​ផ្អែក​ទៅ​លើ​អាយុ​របស់​លោកសម រង្ស៊ី ដែល​បច្ចុប្បន្ន​ប្រមាណ​ជា​៦៥​ឆ្នាំ​ផ្លាយ​ទៅ​ហើយ និង​បើ​ផ្អែក​លើ​លក្ខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

ជា​ការ​ពិត សារ​ចុង​ក្រោយ​របស់​លោក​សម រង្ស៊ី បាន​លើក​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​ថា "អ្នក​ណា​ចង់​កម្ចាត់ វត្តមាន សម រង្ស៊ី នៅ​កម្ពុជា​បរាជ័យ​ហើយ"។ ការ​ប្រកាស​បែប​នេះ ទំនង​ជា​មាន​ន័យ​ថា វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​លែង​សំខាន់​ទៀត​ទេ​ ហើយ​ប្រមុខ​បក្ស​ប្រឆាំង​នឹង​មិន​វិល​ចូល​ស្រុក​វិញ ក្នុង​ពេល​ឆាប់​ៗ​នោះ​ទេ។ ហើយ​ប្រមុខ​បក្ស​ប្រឆាំង នឹង​បន្ត​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៅ​ទៀត។

លោក សម រង្ស៊ី ដែល​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៥ បាន​បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី នៅ​ឆ្នាំ​១៩៩៨ ក្រោយ​មក​គឺ​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ឆ្នាំ​២០១២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ ក្នុង​ជីវិត​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ជាង​២០​ឆ្នាំនៅ​កម្ពុជា​នេះ លោក សម រង្ស៊ី មា​នពេល​តិច​តួច​ណាស់ ដើម្បី​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស​របស់​លោក​១០០%។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ផ្លូវ​តែ​មួយ​គត់​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ​គឺ​កំណត់​ពេល​ឲ្យ​ពិត​ប្រាកដ ដើម្បី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ក៏​ដោយ។ នៅ​ក្នុង​កែវ​ភ្នែក​របស់​ក្រុម​អ្នក​វិភាគ នេះ​គឺ​គ្រាន់​តែ​ជា​នយោបាយ​ ​«លើក​ស្នា កំឡា​ក្អែក» របស់​រដ្ឋាភិបាល ដូច​ដែល​បាន​ធ្វើ​ពី​មុន​ៗ​មក​ប៉ុណ្ណោះ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែង​តែ​មាន​ការ​ប្រែប្រួល នៅ​គ្រប់​វិនាទី ដែល​គេ​ពិបាក​នឹង​ស្មាន​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI