លោក សម រង្ស៊ី៖ សហគមន៍អន្តរជាតិគួរតែធ្វើសកម្មភាពការពារលោក កឹម សុខា និងប្រជាធិបតេយ្យ
លោក សម រង្សី អតីតប្រធានគណបក្សសង្រ្គោះជាតិពីក្រៅប្រទេសបន្តវោហារសាស្ត្ររបស់លោកតាមបណ្តាញសង្គម និងសារព័ត៌មានអន្តរជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពការពារលោក កឹម សុខ និងប្រជាធិបតេយ្យនៅកម្ពុជា។ ជាការអំពាវនាវឲ្យមានការការពារលោក កឹម សុខា ក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបន្តព្រមានដោយប្រយោលពីការឃុំខ្លួនលោកកឹម សុខា នៅក្នុងផ្ទះ។
ចុះផ្សាយនៅថ្ងៃ៖
លោក សម រង្ស៊ី បានសរសេរនៅក្នុងបណ្តាញ Twitter កាលពីថ្ងៃទី២៧ ខែមីនា ថា សហគមន៍អន្តរជាតិគួរតែធ្វើសកម្មភាពការពារលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ខណៈលោក កឹម សុខា កំពុងបន្តស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។
ដោយឡែក តាមរយៈអត្ថបទមួយ ដែលចុះផ្សាយនៅលើសារព័ត៌មានភូមិសាស្ត្រនយោបាយ និងត្រូវផ្សាព្វផ្សាយលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី២៧ ខែមីនា លោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា “លោក ហ៊ុន សែន ទទួលស្គាល់ថា លោក កឹម សុខា កំពុងតែជាប់ឃុំឃាំងក្នុងផ្ទះ ហើយ លោក ហ៊ុន សែន នឹងមិនដោះលែង កឹម សុខា ទេ ដែលជាការទទួលស្គាល់មួយទៀត ថាលោក ហ៊ុន សែន ជាអ្នកបញ្ជាតុលាការតាមចិត្ត។ ដូច្នេះ សហគមន៍អន្តរជាតិត្រូវតែការពារ លោក កឹម សុខា និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។”
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ ទី២៥ ខែមីនា បានលើកឡើងថាមានអ្នកខ្លះនៅជាប់ឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យគេសុំសិទ្ធិនយោបាយ។ លោក ហ៊ុន សែន ព្រមានថាលោកមិនឲ្យរួចខ្លួនទេ នៅពេលតុលាការកាត់ទោសហើយ។ តាមរយៈការលើកឡើងដូច្នេះ ត្រូវគេគិតថាសំដៅទៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងតាមរយៈវិទ្យុបារាំងអន្តរជាតិថា បុគ្គលសមរង្ស៊ីត្រូវបានប្រជាជន និងកងទ័ព ក៏ដូចជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស បំភ្លេចចោល លែងនិយាយហើយ ដូច្នេះលោកមិនចង់និយាយពាក់ព័ន្ធជាមួយនឹងលោក សម រង្ស៊ីនោះទេ។ លោកបញ្ជាក់ទៀតថា ទោះបីលោក សម រង្ស៊ី និយាយអ្វី ក៏លោកគ្មានមតិអ្វីឆ្លើយតបដែរ។
ជុំវិញសំណុំរឿងលោក កឹម សុខានេះដែរ, តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៧ ខែមីនា បានបដិសេធជាលើកទី៤ ចំពោះសំណើសុំឲ្យទម្លាក់ចោលបទចោទប្រឆាំងនឹងលោក កឹម សុខា។ ការបដិសេធ ធ្វើឡើងក្រោយពេលក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យស្នើសុំជាថ្មីម្តងទៀត កាលពីថ្ងៃទី ១៤ ខែ មីនា ដោយសារតែការពន្យាឃុំខ្លួនលោក កឹម សុខា លើក២បានផុតកំណត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ