អានតួអត្ថបទ
កម្ពុជា

លោក​​សម រង្ស៊ី ​វិល​​ត្រឡប់​​មក​ដល់​​កម្ពុជា​ស្ងាត់ៗ ​ ចំ​ពេល​​លោកកឹម សុខា​​ត្រូវ​បាន​​តុលាការ​​កោះហៅ​

លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ @rfi/channa
ដោយ៖ វ៉ា សំណព្វ
4 នាទី

លោក​សម រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ធ្វើ​​ដំណើរ​​មក​ដល់​​ប្រទេស​​កម្ពុជា​​វិញ​ស្ងាត់​ៗ​ នៅ​​ព្រឹក​​ថ្ងៃ​ទី៣១​មី​នា​​នេះ ​បន្ទាប់​ពី​​លោក​​បាន​​ចេញ​ទៅ​​ប្រទេស​​បារាំង​​អស់​​រយៈពេល​​ជិត​១​សប្តាហ៍​។ ​ដំណើ​រ​វិល​​ត្រឡ​ប់​​របស់​លោក​សម រង្ស៊ី ​នៅ​ថ្ងៃ​នេះ ​បាន​ធ្វើ​ឡើង ​ជួន​ចំពេល​​ដែល​​ដៃគូ​​របស់​លោកគឺ​​លោក​កឹម សុខា ​កំពុង​​ត្រូវ​បាន​​តុលាការ​ក្រុង​​ភ្នំពេញ​ ចេញ​​ដីកា​​កោះហៅ​​ឲ្យ​​ចូល​ទៅ​​បំភ្លឺ​​នៅ​​ថ្ងៃ​ទី​៨​ខែ​មេ​សា​​ខាង​មុខ​។​

ផ្សាយពាណិជ្ជកម្ម

លោកសម រង្ស៊ី បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ប្រមាណ​ជា​ម៉ោង៩និង២០នាទី​ព្រឹក​ថ្ងៃទី៣១មីនា ដោយមាន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​តែ៤ទៅ៥នាក់​ប៉ុណ្ណោះ​រង់ចាំ​ទទួល។ ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម លោកសម រង្ស៊ី មិនបាន​ថ្លែង​សារ​អ្វី​នោះទេ។ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​ដំណើរ​វិល​ត្រឡ​ប់​របស់លោក​សម រង្ស៊ី ដោយ​តក់ក្រហល់​នេះ បានធ្វើ​ឡើង ចំ​ពេលដែល​អនុប្រធាន​របស់លោក គឺ​លោកកឹម សុខា កំពុង​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​ក្រុងភ្នំពេញ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី៣មករា​ឆ្នាំ២០១៤។
 
លោកកឹម សុខា ដែល​បច្ចុប្បន្ន គឺជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា ដែលមាន​ឯក​ភ័យ​ឯកសិទ្ធិ​នៅជាប់​នឹង​ខ្លួន​នោះ ត្រូវបាន​ព្រះរាជអាជ្ញារង​តុលាការក្រុង​ភ្នំពេញ លោកលី សុផាន់​ណា ចេញ​ដីកាកោះហៅ​កាលពី​ថ្ងៃទី២៧មីនា​ឱ្យចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី៨ ខែមេសា​ខាងមុខ។ លោកកឹម សុខា បានទទួល​ដីកា​កោះ​នេះ​កាលពី​ថ្ងៃទី៣០មីនា ប៉ុន្តែ​ដីកាកោះហៅ​នេះ មិនបាន​បញ្ជាក់​ពីបទ​ចោទប្រកាន់​អ្វី​នៅឡើយ​ទេ។ ប៉ុន្តែថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យតុលា​ការកសាង​សំណុំរឿង​ប្រឆាំង​លោកកឹម សុខា ក្រោយពី​លោក កឹម សុខា បាន​ថ្លែង​នៅពេល​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​នៅ​ទីក្រុង​ឡុង​ប៉ិច​សហរដ្ឋអាមេរិក​ថា លោក​បាន​បរាជ័យ​ក្នុងការ​ដឹកនាំ​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត។ ប៉ុន្តែភ្លាមៗនោះ លោក កឹម សុខា បាន​បំភ្លឺ​រួចហើយ​ថា លោក​មិន​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ ដោយ​លោក​អះអាងថា លោក​គ្រាន់តែ​ប្រាប់​ក្រុម​អ្នកគាំទ្រ អំពី​ការមិនទទួលបាន​ជោគជ័យ​នៃ «ការផ្លាស់ប្តូរ» បន្ទាប់ពី​ការបោះឆ្នោត​ប៉ុណ្ណោះ។
 
លោក យ៉ែម បុញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា លោក​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា លោកកឹម សុខា នឹង​ចូលទៅ​បំភ្លឺ​ឫ​អត់​នោះទេ ដោយ​រង់ចាំ​ការជជែក​ខាង​ផ្លូវច្បាប់​ជាមុនសិន។ បើតាម​លោក យ៉ែម បុញ​ឬ​ទ្ធិ ព្រឹត្តិការណ៍​ថ្ងៃទី៣មករា​ឆ្នាំ២០១៤ គឺជា​ព្រឹត្តិការណ៍​វាយ​បំបែក​លើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប​បាតុកម្ម​របស់​កម្មករ-កម្មការិនី​នៅ​ផ្លូវ​វេ​ង​ស្រេង។

នៅក្នុង​ពិធី​រំលឹក​ខួប១៨ឆ្នាំ​នៃ​ការ​គប់​គ្រាប់បែកដៃ នៅមុខ​អតីត​មន្ទី​រដ្ឋសភា​កាលពី​ថ្ងៃទី៣០មីនា លោកកឹម សុខា បាន​គាំទ្រ​នូវ​វប្បធម៌​សន្ទនា​ដែល​បានធ្វើ​ឡើង​រវាង​លោក សម រង្ស៊ី ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈ​វប្បធម៌​សន្ទនា​នេះ នឹង​បញ្ចប់​ភាព​តានតឹង​ខាង​ផ្នែក​នយោបាយ​នៅ​កម្ពុជា ដែល​ទំនងជា​កំពុង​ឡើង​កំដៅ​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ