ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​បក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​លោក​សម រង្ស៊ី ទាក់ទង​នឹង​បក្ស​សង្គ្រោះ​ជាតិ?

សំឡេង ០៣:៤៧
លោក សម រង្ស៊ី​ អតីត​ប្រ​ធាន​គណបក្ស សង្គ្រោះ​ជាតិ។​
លោក សម រង្ស៊ី​ អតីត​ប្រ​ធាន​គណបក្ស សង្គ្រោះ​ជាតិ។​ RFI/Im Rachna

កាល​ពី​សប្ដាហ៍​មុន ​ប្រមុខ​បក្ស​កាន់​អំណាចបាន​​ជំរុញ​សមាជិក​សភា​របស់​ខ្លួន ស្នើ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​។ ប្រមុខ​បក្ស​កាន់​អំណាច​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះជា​ថ្មី ព្រោះ​លោក​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ទាក់ទង​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​។ តើ​នេះ​ជា​មូលហេតុ​តែ​មួយ​គត់ នៃ​បំណង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​របស់​ប្រមុខ​បក្សកាន់​អំណាច​​ឬ​យ៉ាង​ណា?

ផ្សាយពាណិជ្ជកម្ម

ការ​លា​លែង​ចេញ​ពី​តំណែង មិន​អាច​កាត់​ផ្ដាច់​ លោក ​សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ រហូត​មក​ទល់​ពេល​នេះ គេ​​​កត់​សម្គាល់​ឃើញ​ថា លោក សម រង្ស៊ី នៅ​តែ​បង្ហាញ​ទំនាក់ទំនង​​ជិត​ស្និទ្ធ​ជាមួយ​បក្ស​ប្រឆាំង​ដដែល​​​។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី បន្ត​​បង្ហោះ​សារ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព័ត៌មាន​នានា​ទាក់ទង​នឹង​គណបក្ស​នេះ​។ នៅ​​មុន​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ លោក សម រង្ស៊ី បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថែម​ទាំង​បាន​ចំណាយ​ពេល​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម​ម្ដង​មួយ​ៗ បញ្ជាក់​ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មែន​មាន​លេខ​រៀង​ទី​៧​ដូច​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ទៀត​ទេ គឺ​លេខ​រៀង​ផ្សេង​គ្នា​ទៅ​តាម​ឃុំ​សង្កាត់​នីមួយ​ៗជា​ដើម​​។

មិន​មែន​មាន​តែ​លោក សម រង្ស៊ី តែឯង​ទេ ដែល​បង្ហាញ​ជំហរ​ជិត​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង ក៏​នៅ​តែ​គោរព​លើក​តម្កើង​លោក សម រង្ស៊ី ដដែល បើ​ទោះ​បី​ជា​ពេល​នេះ លោក​លែង​ជា​ប្រមុខដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​​ហើយ​ក៏​ដោយ​។ កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ប្រាស់​ឃ្លីប​សំឡេង​របស់​លោក សម រង្ស៊ី ក្នុង​ការ​ឃោសនា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ការ​ជួប​ជុំ​ផ្សេង​ៗ​របស់​គណបក្ស លោក សម រង្ស៊ី តែង​តែ​មាន​វត្តមាន​ជាប់​ជានិច្ច តាម​រយៈ​ Video Conference។

ទំនាក់ទំនង​រវាងលោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ បាន​ធ្វើ​ឲ្យលោក ហ៊ុន សែន ​ប្រមុខ​គណបក្ស​កាន់​អំណាច​មិន​សូវ​សប្បាយ​ចិត្ត​ទេ​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក ​​ជំរុញ​ឲ្យ​សមាជិក​សភា​របស់​ខ្លួន ស្នើ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​ ដើម្បី​កាត់​ផ្ដាច់​ទំនាក់​ទំនង​រវាង​លោក សម រង្ស៊ី និង​គណបក្ស​ប្រឆាំង​។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា នេះ​មិន​មែន​ជា​ហេតុផល​ពិត​ប្រាកដ​នៃ​បំណង​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ជា​ថ្មី​ទៀត​ទេ​។ បើ​តាម​ក្រុម​អ្នក​វិភាគ ប្រមុខ​បក្ស​កាន់​អំណាច​មិន​ចង់​ឃើញ​លោក សម រង្ស៊ី ទាក់ទង​ជាមួយ​បក្ស​ប្រឆាំង​ជា​រឿង​មួយ​។ ប៉ុន្តែ​សំខាន់​ជាង​នេះ គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​បារម្ភ​ថា ទំនាក់​ទំនង​នេះ អាច​នឹង​មាន​ឥទ្ធិពល​លើ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុ​ខ។

គួរ​កត់​សម្គាល់​ថា ដើម្បី​ទាញ​លោក សម រង្ស៊ី ឲ្យ​ឃ្លាត​ឆ្ងាញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន ធ្លាប់​បាន​​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ម្ដង​រួច​ហើយ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​។ ការ​ធ្វើ​វិសោធនកម្ម​លើក​នោះ បាន​បង្ខំ​ឲ្យ​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​បក្ស​។ ប៉ុន្តែ​ទោះ​គ្មាន​តំណែង​នៅ​ក្នុង​គណបក្ស​ក៏​ដោយ ក៏​​លោក សម រង្ស៊ី នៅ​តែ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ប្រៀប​បាន​ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នោះ​ដែរ​​។

សម្រាប់​អ្នក​វិភាគ ការ​ព្រួយ​បារម្ភ​របស់​គណបក្ស​កាន់​អំណាច​គឺជា​រឿង​ត្រឹម​ត្រូវ​។ ប៉ុន្តែ​ក្នុង​បរិបទ​ឥឡូវ​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា អ្នក​គាំទ្របក្ស​ប្រឆាំង​ផ្ដោត​សំខាន់​លើ​ការ​ផ្លាស់​ប្ដូរ ជា​ជាង​ទៅ​លើ​បុគ្គល ឬ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​​។ មាន​ន័យ​ថា ទោះ​បី​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​នរណា ក៏​អ្នក​​គាំទ្រ​នៅ​តែ​បោះ​ឆ្នោត​ឲ្យ​ដដែល ព្រោះ​ពួក​គេ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្ដូរ​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើប​តែ​កន្លង​ផុត​ទៅ គឺ​ជា​ភស្តុតាង​ស្រាប់​។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​វិភាគ​។

រវាង​ការ​យល់​ឃើញ​របស់​ក្រុមអ្នក​វិភាគ និង​គណបក្ស​កាន់​អំណាច តើ​មួយ​ណា​ត្រឹម​ត្រូវ​ជាង​មួយ​ណា? គេទំនង​ជា​​ត្រូវ​រង់​ចាំ​រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ទើប​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI