លោក សម រង្ស៊ី បង្ហាញទំនុកចិត្តលើ លោក កឹម សុខា ខណៈលោក ហ៊ុន សែន ថ្លែងព្រមានសំដៅលោក កឹម សុខា
សារនយោបាយឆ្លើយឆ្លងរវាងអ្នកនយោបាយជើងចាស់របស់កម្ពុជាបានលេចឡើងជាថ្មីទៀតនៅសប្តាហ៍នេះ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថាអ្នកដែលកំពុងជាប់ឃុំក្នុងផ្ទះបានគំរាមគេមិនឲ្យទៅសុំសិទ្ធិនយោបាយ។ ការថ្លែងរបស់លោកប្រមុខរដ្ឋាភិបាលដូច្នេះ ត្រូវគេគិតថាសំដៅទៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។ ភ្លាមៗនោះ លោក សម រង្ស៊ី ដែលថាលោកមិនដែលបានទាក់ទងលោក កឹម សុខា ទាល់តែសោះតាំងពីជាប់ឃុំមកនោះ បានបង្ហាញទំនុកចិត្តថែមទៀតមកលើ លោក កឹម សុខា ក្នុងសម្ព័ន្ធភាពរបស់ខ្លួនថាជា«មនុស្សតែមួយ»។
ចុះផ្សាយនៅថ្ងៃ៖
«ដោយសារតែ កឹម សុខា បានបញ្ជាក់ពីភាពស្មោះត្រង់របស់លោក ហើយអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ កុំទៅសុំសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន ឲ្យសោះ ក្នុងកាលៈទេសៈដូចសព្វថ្ងៃ ទើប ហ៊ុន សែន គំរាមកំហែង កឹម សុខា ដែលជាចំណាប់ខ្មាំងរបស់គាត់»។ នេះជាសំណេររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ។
ការលើកឡើងរបស់លោក សម រង្ស៊ី ដែលហាក់មានទំនុកចិត្តលើលោក កឹម សុខា យ៉ាងដូច្នេះ គឺភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងថាមានអ្នកខ្លះនៅជាប់ឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យគេសុំសិទ្ធិនយោបាយ។ តាមរយៈការលើកឡើងដូច្នេះ ត្រូវគេគិតថាសំដៅទៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យមួយ កាលពីព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន ព្រមានថាលោកមិនឲ្យរួចខ្លួនទេ នៅពេលតុលាការកាត់ទោសហើយ។ ប៉ុន្តែ ភា្លមៗ បន្ទាប់ពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង៤រូបរបស់លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកគ្រាន់តែចង់បញ្ជាក់ខ្លីថា "លោក កឹម សុខា មិនបានហាមឃាត់ ឬព្រទ្ធមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ ហើយក៏មិនបានជំរុញឲ្យទៅសុំសិទ្ធិធ្វើនយោបាយដែរ"។
សូមបញ្ជាក់ថា បន្ទាប់ពីច្បាប់ស្តីពីការផ្តល់សិទ្ធិនយោបាយដល់ក្រុមប្រឆាំងឡើងវិញ ត្រូវបានប្រកាសឲ្យប្រើកាលពីខែមករា មកទល់ពេលនេះ គឺមានអ្នកនយោបាយចំនួន៩រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ នៅក្នុងចំណោមអ្នកនយោបាយរបស់អតីតគណបក្សង្រ្គោះជាតិចំនួន១១៨រូប ខណៈលោក សម រង្ស៊ី បានចាត់ទុកសមាជិកដែលទៅសុំសិទ្ធិធ្វើនយោបាយនោះថា ជាមនុស្ស «ក្បត់បក្ស»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ