កម្ពុជា

មេបក្ស​ប្រឆាំង បរិហារ​សា​ជា​ថ្មី បក្ស​កាន់​អំណាច​ រឿង​បោះឆ្នោត​ទន្ទឹម​នឹង​នយោបាយ​ក្តៅ

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ (រូបភាពចាស់)
លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ (រូបភាពចាស់) RFI/ Siv Channa
ដោយ៖ ស៊ុន មេសា
១៨ នាទី

លោក​ សម​ រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​យប់​ម្សិល​មិញ បាន​បើក​ការ​វាយ​សាជា​ថ្មី​មក​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ស្តីពី​កាល​បរិច្ចេទ​ការ​បោះឆ្នោត។ ការ​បោះឆោ្នត​ខាង​មុខ​ដែល​ប្រធាន​បក្ស​ប្រឆាំង​នឹង​មិន​អាច​ធានា​បាន​នូវ​ការ​ជឿ​ទុក​ចិត្ត​ឡើយ។ គណបក្ស​ប្រជាជន​​ថា មេបក្ស​ប្រឆាំង​ផ្តើម​ឡាំ​ប៉ា​ មុន​ការ​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

 

លោក​សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថា​កំពុង​រៀប​ចំ​ត្រៀម​កល​ល្បិច​ ដើម្បី​ដណ្តើម​យក​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ ខណៈ​ដែល​បក្ស​ប្រជាជន​អះអាង​ថា លោក​ សម រង្ស៊ី កំពុង​ផ្តើម​ឡាំ​ប៉ា​ ពី​លទ្ធផល​បោះឆ្នោត​ ដែល​មិន​ទាន់​មក​ដល់។ លោក​ សម រង្ស៊ី​បាន​អះអាង​ថា ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ពី​កាល​បរិច្ឆេទ​បោះឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ខាង​មុខ​នោះ គឺ​មិន​គ្រប់​គ្រាន់​ ដើម្បី​ធានា​ការ​បោះឆ្នោត​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​ការ​ទទួល​យក​បាន​ពី​ប្រជារាស្ត្រ រួម​ទាំង​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។

 

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង បាន​ពន្យល់​ថា​មូលហេតុ​ ដែល​នាំ​ឱ្យ​លោក សម រង្ស៊ី ប្រើ​ពាក្យ​មិន​ធានា​ការ​បោះឆ្នោត​នោះ គឺ​ដោយសារ​ការ​ចាប់​ខ្លួន​លោក​នី ចរិយា អគ្គលេខាធិការ​រង​គ.ជ.ប និង​នីតិវិធី​តុលាការ​មក​លើ​លោក​រ៉ុង ឈុន ដែល​សមាជិក​គ.ជ.ប កូតា​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​ទាំង​នេះ គឺ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​សម្រេច​ចិត្ត​របស់​គ.ជ.ប ដែល​នឹង​លំអៀង និង​ការ​បំផ្លាញ​តុល្យភាព​នយោបាយ​នៅ​ គ.ជ.ប ដែល​អាច​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល​តែ​ម្តង។

ក្រៅ​ពី​នេះ លោក សម រង្ស៊ី បាន​ចោទ​ត្រង់​ៗ​ថា​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​ប្រធាន​បក្ស មិន​ត្រឹម​តែ​បំបាត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លោក​ ឥត​ឈប់ឈរ​ថែម​ទៀត​ផង។ គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ការ​វាយ​ប្រហារ​របស់​មេបក្ស​ប្រឆាំង​នេះ គឺ​ជា​ល្បិច​ចាស់ និង​ការ​ជា​ការ​ត្រៀម​ឡាំប៉ា​សម្រាប់​ការ​បោះឆ្នោត។

លោក សុខ ឥសាន បាន​គូស​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ថា​មិន​ទុក​ចិត្ត​ គ.ជ.ប គឺ​មាន​ន័យ​ថា​ជា​ការ​មិន​ទុក​ចិត្ត​សមាជិក​គ.ជ.ប ដែល​ខ្លួន​បាន​ជ្រើស​រើស និង​ក្បត់​នឹង​ឧត្តម​គតិ​ខ្លួន​ឯង ព្រោះ​ថា កំណែ​ទម្រង់​ គ.ជ.ប ទាំង​មូល​ដែល​មេបក្ស​ប្រឆាំង​ចូលរួម​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។ យ៉ាង​ណា​ក៏​ដោយ លោក សុខឥសាន បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ ថា​ មាន​ការ​គម្រាម​កំហែង​ដល់​បក្ស​ប្រឆាំង​ទាំង​មូល។ សម្រាប់​លោក​ អ្វី​ដែល​បក្ស​ប្រឆាំង​កំពុង​ជាប់​នឹង​បណ្តឹង​តុលាការ​ គឺ​មក​ពី​បក្ស​ប្រឆាំង​អ្នក​ល្មើស​ច្បាប់​ខ្លួន​ឯង​ដែល​មាន​ចេតនា​ នយោបាយ​អាក្រក់​រាប់​ចាប់​តាំង​ពី​បញ្ហា​ព្រំដែន​ឡើង។

សូម​បញ្ជាក់​ថា ការ​វាយ​ប្រហារ​សាជាថ្មី​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ស្តី​ពី​ការ​បោះឆ្នោត​ គឺ​ក្រោយ​ពេល​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ដែល​រក្សា​ពេល​វេលា​កំណត់​ដូច​អាណត្តិ​មុន​ៗ​ដដែល។

ទន្ទឹម​នឹង​វោហាសាស្រ្ត​ ដែល​បាន​វាយ​ប្រហារ​ស្រប​ពេល​នឹង​ស្ថានភាព​នយោបាយ​កំពុង​ពុះ​កញ្ជ្រោល​នេះ​ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​កាន់​តែ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​របស់​ខ្លួន​ពី​ជម្លោះ​នយោបាយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដូច​កាល​ពី​ឆ្នាំ​២០១៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI