លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍នៅ ថ្ងៃទី០៩ វិច្ឆិកា ខណៈអាជ្ញាធរកម្ពុជាប្រកាសត្រៀមចាប់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុតទៅ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៩នេះ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីការតស៊ូដោយនិរទ្ទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលជាយូរ។ ការធ្វើមាតុភូមិនិវត្តន៍នេះ នឹងធ្វើឡើងចំថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិនៅល្ងាចថ្ងៃទី ១៦ សីហា។
ការកំណត់កាលបរិច្ឆេទនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមការចូលរួមពីលោក សម រង្ស៊ី នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី ១៦ សីហានេះ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចដោយកំណត់យកថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលនឹងដឹកនាំដោយលោក សម រង្ស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី ១៦ សីហា នេះ។
គួរជំរាបជូនថា លោក សម រង្ស៊ី ដែលអះអាងថា ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៦ សីហានេះ ដើម្បីជួបប្រជុំជាមួយនឹងយុវជនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលធ្វើដំណើរទៅពីប្រទេសកម្ពុជា។ នៅក្នុងប្រទេសម៉ាឡេស៊ី លោក សម រង្ស៊ី បានអំពាវនាវឲ្យយុវជននៅក្នុងប្រទេសកម្ពុជា ដែលគាំទ្ររូបលោក ត្រៀមមកទទួលស្វាគមន៍នៃមាតុភូមិនិវត្តន៍លោក និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ដែរថា ការប្រកាសពីកាលបរិច្ឆេទនៃមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើនៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ គឺជាការកំណត់លើកទី០១ហើយ បន្ទាប់ពីលោក សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិបានតស៊ូរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស អស់រយៈពេលដ៏យូរ។
ទោះបីជាយ៉ាងណាក៏ដោយចុះ តាមរយៈសេចក្តីប្រកាសមួយ កាលពីថ្ងៃទី ២៧ កក្កដា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា អាជ្ញាធរកម្ពុជានឹងប្រើមធ្យោបាយគ្រប់រូបភាពទាំងអស់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដាក់ពន្ធនាគារ។ ដោយឡែកជុំវិញការលេចមុខរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៦ ខែសីហានេះវិញ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានអះអាងថា កម្ពុជាមិនទាន់បានស្នើសុំឲ្យម៉ាឡេស៊ីចាប់ខ្លួន លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនៅឡើយទេ ខណៈលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចំអកឲ្យលោក សម រង្ស៊ី ថា អាជ្ញាធរកម្ពុជា មិនចាំបាច់ទៅចាប់ខ្លួនលោក សម រង្ស៊ី ដល់ប្រទេសម៉ាឡេស៊ីនោះទេ ត្បិតលោក សម រង្ស៊ី នឹងដើរចូលឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួននៅពេលខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ