មេឃុំគណបក្សសម រង្ស៊ី ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ
នៅព្រឹកនេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោកស៊ាង ចែត ជាមេឃុំពីគណបក្សសម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី ដែលមានចែងក្នុងមាត្រា ៥៤៨នៃក្រមព្រហ្មទណ្ឌ។ គណបក្សសង្រ្គោះជាតិបានហៅការកាត់ទោសនេះថាជាការពន្លឿននីតិវិធីតុលាការ ឆ្ពោះទៅរកដំណោះស្រាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីបំផុតទៅលោកស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ីត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ នេះបើតាមលោកមេធាវីសំ សុគង់។ ការសម្រេចរបស់តុលាការនេះធ្វើឡើង ក្រោយពីមានការឆ្លើយដាក់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលថាលោកមេឃុំរូបនេះ បានយកលុយចំនួន ៥០០ដុល្លារអាមេរិកឲ្យម្តាយរបស់នាង ក្នុងគោលបំណងមិនឲ្យនាងនិយាយប៉ះពាល់ដល់លោកកឹម សុខាអនុប្រធានគណបក្សសង្រ្គោះជាតិ។
លោកស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ យកមករាជធានីភ្នំពេញពាក់ព័ន្ធនឹងរឿងខាងលើនេះ។
មេធាវីរបស់លោកស៊ាង ចែត បានថ្លែងថា ដោយសារតែលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសថ្មីៗនេះ ជុំវិញរឿងខាងលើនេះដែរ រូបលោកនឹងពិភាក្សាផ្លូវច្បាប់ ចំពោះសេចក្តីសម្រេចរបស់តុលាការនេះ។ លោកសំ សុគង់ បញ្ជាក់ថាការសម្រេចធ្វើបណ្តឹងឧទ្ធរណ៍ ឬក៏អត់គឺលោកស៊ាង ចែត ជាអ្នកសម្រេច។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ មានជំនឿថានឹងមានដំណោះស្រាយនយោបាយ ហើយការពន្លឿននីតិវិធីតុលាការនេះ គឺជាជំហានទៅរកដំណោះស្រាយឲ្យបានឆាប់រហ័យ។ ក្រៅពីនេះលោកបញ្ជាក់ថាអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងសំណុំរឿងនេះ ដូចជាមន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការអាដហុកជាដើមនឹងមានការដោះស្រាយបន្តទៀតនៅពេលខាងមុខ ក្រោយពីលោកកឹម សុខា ត្រូវបានលើកលែងទោស កាលពីថ្ងៃទី ២ ខែធ្នូកន្លងទៅ។
បើតាមលោកកឹម សុខា ការលើកលែងទោសដល់រូបលោកនៅពេលនេះ គឺជាជំហានទី១ ក្នុងការឈានទៅរកដំណោះស្រាយជាដំណាក់កាលបន្តបន្ទាប់ទៀតទៅលើអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដើម្បីអាចមានសេរីភាពឡើងវិញ។
អ្នកពាក់ព័ន្ធក្នុងសំណុំរឿងសូកប៉ាន់សាក្សីនៃរឿងអាស្រូវស្នេហារវាងលោកកឹម សុខា និងអ្នកនាងស្រីមុំ រួមមានមន្ត្រីនៃសមាគមអាដហុក ៤នាក់ គឺលោកណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេត លោកនី សុខា ប្រធានផ្នែកអង្កេតសិទិ្ធមនុស្ស លោកយី សុខសាន្ត ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកស្រីលឹម មុនី្ន និងលោកនី ចរិយា ជាអគ្គលេខាធិការរងនៃគ.ជ.ប។ បើគិតមកដល់ពេលនេះ ពួកគាត់ទាំង ៥នាក់ត្រូវបានឃុំខ្លួនប្រមាណ ២២១ថ្ងៃហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ