លោក សម រង្ស៊ី សម្តែងការសោកស្តាយចំពោះ ការប្រមាថលើគ្រួសារលោក ហ៊ុន សែន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៤ មិថុនានេះ បានសរសេរលិខិតមួយច្បាប់ ផ្ញើរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែលប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី និង ភរិយា ។ (អត្ថបទដោយ ប៉ុន សោភ័ណ)
នៅក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិដែលមានហត្ថលេខាលោក សម រង្ស៊ី ពីទីក្រុង វ៉ាស៊ីនតោន នោះបញ្ជាក់ថា គោលនយោបាយគណៈបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀត ប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហឹង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ។
លោក សម រង្ស៊ី ក៏បានចូលរួមរំលែកនូវការឈឺចាប់ជាមួយលោកនាយករដ្ឋមន្តី្រ ហ៊ុន សែន ហើយសូមថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ។
ដោយមិនទាន់និយាយដល់ជំហរគណបក្ស លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លៃងថា វាជាទង្វើមួយល្អប្រសើរ ស្របទៅនឹងទំនៀមទំលាប់នៃសង្គមខ្មែរ ដែលត្រូវតែមានការសុំទោសពេលដែលធ្វើអី្វមួយមានកំហុសឆ្គង។
គួរជំរាបជូនថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ១៣ មិថុនា បានថ្កោលទោសយ៉ាងខ្លាំង មេដឹកនាំនិងសកម្មជនគណបក្សសង្រ្គោះជាតិ ចំពោះការចោទប្រកាន់ភរិយា និងកូនប្រុសរបស់លោក ថាជាកូនអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកថូ។ លោក ហ៊ុន សែន ចាត់ទុកថា ការចោទប្រកាន់នេះ ជាការប្រមាថធ្ងន់ធ្ងរបំផុតចំពោះភរិយា និងកូនប្រុសរបស់លោក និង ជាទង្វើរដែលមិនអាចលើកលែង ដែលចំាបាច់ត្រូវតែមានការប៉ះប៉ូវ។
សូមបញ្ជាក់ថា កាលពីដើមខែ ឧសភា កន្លងទៅ ប្រធានក្រុមគាំទ្រគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក មួយរូប ដែលមានឈ្មោះថា យ៉ង់ណុយ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយរិះគន់ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថាជាកូនប្រុសរបស់មេដឹកនាំមេដឹកនាំវៀតណាម។
ភ្លាមៗបន្ទាប់ពីការថ្កោលទោសរបស់លោក នាយករដ្ឋមន្រ្តី ចំពោះការរិះគន់នេះ គណបក្សសង្រ្គោះជាតិក៏បានផ្សព្វផ្សាយសេចក្តីសម្រេចជាផ្លូវការស្តីពីការបញ្ចប់សមាជិកភាពគាំទ្រគណបក្សសង្រ្គោះជាតិ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។
គណបក្សសង្រ្គោះជាតិ អះអាងថា គណបក្សប្រកាន់ខ្ជាប់នូវសិលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និង កិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សប្រកាន់យកនូវគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ និង មិនយកបញ្ហាបុគ្គលជាបញ្ហានយោបាយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ