ព្រឹត្តិការណ៍នយោបាយឆ្នាំ២០១៩៖ ដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ទទួលបានការចាប់អារម្មណ៍ខ្លាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅឆ្នាំ២០១៩នេះ ការមាតុភូមិនិវត្តរបស់លោកសម រង្ស៊ី មកកម្ពុជាវិញបានទទួលការចាប់អារម្មណ៍ច្រើនពីសារព័ត៌មានជាតិ និងអន្តរជាតិ និងអ្នកប្រើប្រាស់បណ្តាញសង្គម។ បន្ទាប់មកការចាប់ខ្លួនអតីតសមាជិកគណបក្សប្រឆាំងក៏មានច្រើនករណីផងដែរនាឆ្នាំ២០១៩។ ឆ្លៀតក្នុងឱកាសចុងឆ្នាំ២០១៩នេះ សឿង ភារៈសូមធ្វើការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៩។
នៅថ្ងៃទី១២ខែមីនាឆ្នាំ២០១៩ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក តុ វ៉ាន់ច័ន្ទ លោក ឡុង រី និងលោក ម៉ែន សុថាវរិន្ទ្រ។ មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងទាំង៨រូប ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ដូចៗគ្នា គឺរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍នៅកម្ពុជា និងកន្លែងផ្សេងទៀត។
នៅខែឧសភាឆ្នាំ២០១៩ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងលើសលប់ ហើយក៏នឹងឈានទៅគ្រប់គ្រងអាសនៈស្ទើរទាំងស្រុងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ។
នៅថ្ងៃទី២១ ខែកក្កដា កាសែតល្បីឈ្មោះរបស់សហរដ្ឋអាមេរិក បានផ្សាយថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយជាមួយកម្ពុជា ដើម្បីអនុញ្ញាត ឲ្យកងទ័ពរបស់ចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅសមុទ្រភាគខាងលិច។ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្ម ជាថ្មីម្តងទៀត ដោយអះអាងថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា»។
នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៥ ខែកញ្ញា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានបន្តទាមទារឲ្យដោះលែង លោក កឹម សុខា ប៉ុន្តែលោកស្រី មិនគាំទ្រចំពោះសាររបស់លោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលរដ្ឋក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះទេ។
នៅល្ងាចថ្ងៃទី៤ ខែសីហា លោក នួន ជា ប្រធានរដ្ឋសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាបងធំទី២ បានទទួលមរណភាព ក្នុងវ័យ ៩៣ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយឈឺរ៉ាំរ៉ៃដោយជំងឺទឹកនោមផ្អែម។លោក នួន ជា ត្រូវបានសាលាក្ដីខ្មែរក្រហមសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ ដែលសំណុំរឿងវគ្គទី២ នៃសំណុំរឿងនេះ មិនទាន់ចប់ជាស្ថាពរនៅឡើយ។
ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា យ៉ាងតិចណាស់មានសមាជិក ឬសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១២៥នាក់ ត្រូវបានអាជ្ញាធររដ្ឋចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយមនុស្សចំនួន ៧៨នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ។ នេះបើតាមអង្គការលីកាដូ។
នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសកម្ពុជា មុនពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលប្រទេសវិញ។ ដោយឡែក ផែនការនៃការធ្វើមាតុភូមិនិវត្តរបស់លោកសម រង្ស៊ី កម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា មិនទទួលបានជោគជ័យ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា លោកហ៊ុន សែន ប្រកាសមិនយកទោសពៃលើអ្នកគាំទ្រលោក សម រង្ស៊ីដែលបានរត់ទៅស្នាក់នៅប្រទេសថៃ និង ប្រទេសដទៃទៀតផងដែរ។ លោកហ៊ុន សែន បានប្រាប់ឱ្យពួកគេចូលមកស្រុកវិញដោយអាជ្ញាធរនឹងមិនចាប់ខ្លួនពួកគេទេ។ ចំណែក ចំពោះអ្នកគាំទ្រលោកសម រង្ស៊ី នៅក្នុងស្រុកឯណោះវិញ លោកហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីដោះលែងពួកគេឱ្យបាននៅក្រៅឃុំវិញ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែលោកនៅតែមិនមានសេរីភាពក្នុងការចូលរួមក្នុងវិស័យនយោបាយ ហើយបទចោទប្រកាន់ ក៏មិនទាន់ត្រូវបានតុលាការទំលាក់ចោលនៅឡើយ ។ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកោះហៅលោកកឹម សុខា ឱ្យចូលខ្លួនទៅកាន់តុលាការដោយផ្ទាល់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ ដើម្បីជំនុំជម្រះពីសំណុំរឿងក្បត់ជាតិរបស់លោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ