កម្ពុជា

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​៖ តាម​នីតិ​វិធី​បច្ចុប្បន្ន​ លោក សម រង្ស៊ី មិន​អាច​ឆ្លើយ​សំណួរ​តុលាការ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ Skype ទេ​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ Siv Channa/RFI

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២ មករា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ តាម​នីតិ​វិធី​បច្ចុប្បន្ន​នេះ​ តុលាការ​មិន​អនុញ្ញត​ឲ្យ​ លោក​សម រង្ស៊ី​ ធ្វើ​ការ​ឆ្លើយ​សំណួរ​តុលាការ​ តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណិត​ឡើយ​។ លោក​ ពន្យល់​ថា​ លោក​ សម រង្ស៊ី ត្រូវ​តែ​បង្ហាញ​វត្ត​មាន​ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ សូម​បញ្ជាក់​ថា នៅ​​ថ្ងៃ​ទី​ ២ មករា​ លោក​ សម រង្ស៊ី បាន​ប្រកាស​​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​ ថា​ លោក​នឹង​ឆ្លើយ​រាល់​សំនួរ​របស់​ចៅ​ក្រម​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ Skype ពី​ក្រៅប្រទេស​ ជុំវិញ ដំណើរ​រឿង​បរិហាកេរ្ត៍​លោក​ ហេង​ សំរិន​ ។

ផ្សាយពាណិជ្ជកម្ម

លោក តាំង ស៊ុនឡាយ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​ វិទ្យុ​បារាំង​អន្តរជាតិ​ថា​ បើ​តាម​នីតិ​វិធី​តុលាការ​បច្ចុប្បន្ន​ ការ​ស្នើ​សុំ​របស់​លោក​ សម រង្ស៊ី​ ដើម្បី​ឆ្លើយ​សំណួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តាម​ប្រព័ន្ធ​អ៊ីនធើរណិត គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ​។

លោក សង្កត់​ធ្ងន់​ថា នីតិ​វិធី​តុលាការ​តម្រូវ​ឲ្យ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ណា​ក៏​ដោយ​ គឺ​ត្រូវ​តែ​បង្ហាញ​វត្តមាន​នៅ​តុលាការ​។

ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​អះអាង​ទៀត​ថា​ ការ​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​​ហ្វ៊េស​ប៊ុក​របស់​លោក​ សម រង្ស៊ី ដោយ​មិន​មាន​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទៀត​សោត ផ្ញើរមកតុលាការ គឺ​ពុំ​អាច​ចាត់​ទុក​ជា​ផ្លូវការ​បាន​ឡើយ​។

សូម​បញ្ជាក់​ថា តាមរយៈ​ទំព័រ​ហេ្វស​ប៊ុក​ផ្លូវការ​របស់​ លោក​សម រង្ស៊ី លោក​ បាន​ប្រកាស​ថា​ នឹង​ឆ្លើយ​តប​រាល់​សំណួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ៤ ខែ​ មករា ខាង​មុខ​នេះ​ ពី​បរទេស​ តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ Skype ក្នុង​គោលបំណង​ ជៀស​វាង​ការ​ចំណាយ​ពេល​ និង​សោហ៊ុយ​ច្រើន​។

ជា​ការឆ្លើយ​តប​ បន្ទាប់​ពី​មាន​ដីកាកោះ​ហៅ​របស់ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ១​ មករា ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​មកកា​ន់​តុលាការ​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង ដំណើរ​រឿង​ បរិហាកេរ្តិ៍​ តាម​រយៈ​បណ្តាញ​សង្គម​ កាល​ពី​ថ្ងៃទី ១៧​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​។ ដីកាកោះ​ហៅ​នេះ​ យោង​តាម​ពាក្យ​បណ្តឹង​របស់​មេធាវី តំណាង​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ រូប​នេះ​ ក៏​បាន​សរសេរ​ទៀត​ថា​ មុន​នឹង​ឆ្លើយ​សំនួរ​ពី​ចៅក្រម លោក​ចង់​សួរ​ចៅ​ក្រម​ថា តើ ​លោក​ ហេង សំរិន ប្តឹង​រូប​លោក​ក្នុង​ឋានៈ​ ឬ​មុខងារ​ជា​អ្វី? ព្រោះ​រាល់​អត្ថបទ​ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក​មិន​មាន​សរ​សេរ​​ឈ្មោះ​លោក ហេង សំរិន​ទាល់​តែ​សោះ។​

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា​៖« មាន​តែវីដេអូ​មួយ​ទេ ដែល​លោក​បាន​បង្ហោះ​ ក្នុង​នោះ​សម្តេច​នរោត្តម​ សីហនុ​ទេ ដែល​ព្រះអង្គ​ថ្កោល​ទោស​ លោក​ ហេង សំរិន​ ថា​បម្រើ​ផល​ប្រយោជន៍​យួន​»៕

អត្ថបទដោយ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI