លោកសម រង្ស៊ី៖ ច្បាប់ថ្មីនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត
ប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ីនៅថ្ងៃនេះ បានបញ្ចេញសារប្រតិកម្មទៅនឹងគម្រោងវិសោធនកម្មច្បាប់ថ្មីមួយ ដែលលោកចង់សំដៅទៅលើច្បាប់ស្តីពីគណបក្សនយោបាយ។ លោកសម រង្ស៊ីបានហៅការធ្វើវិសោធនកម្មច្បាប់នេះថា នឹងធ្វើឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។ ប្រតិកម្មរបស់លោកសម រង្ស៊ីធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានស្នើធ្វើវិសោធនកម្មច្បាប់ តាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដែលថាអ្នកមានទោស នឹងមិនអាចធ្វើជាប្រធាន អនុប្រធាន គណបក្ស នយោបាយបានទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី១១ ខែកុម្ភៈ ប្រធានគណបក្សប្រឆាំងដែលកំពុងស្នាក់នៅក្រៅប្រទេសនោះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “រដ្ឋសភាទីងមោង របស់គណបក្សប្រជាជនកម្ពុជា កំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ ដែលមានបំណងចង់រំលាយគណបក្សសង្រ្គោះជាតិ ដោយយករូបលោកធ្វើជាលេស”។
លោកសម រង្ស៊ីបានសរសេរបន្តថា«ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត»។ លោកបន្ថែមថា គេ(គណបក្សប្រជាជន)កំពុងតែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបលោក ក្នុងឋានៈលោកជាប្រធានគណបក្សសង្គ្រោះជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណបក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោតត្រឹមត្រូវ។
លោកសម រង្ស៊ីបញ្ជាក់តាមសំណេរនោះទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺគ្រាន់តែដកហូតតួនាទីពីលោក នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា ហើយលោកនៅតែជាតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានឲ្យដឹងថាលោកមិនបានចាប់អារម្មណ៍នឹងការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី ដែលកំពុងក្លាយខ្លួនជាជនវិកលចរិតនោះទេ ពីព្រោះលោកសម រង្ស៊ីកំពុងតែឆ្លេឆ្លាព្រួយបារម្ភខ្លាចបាត់បង់ជីវិតនយោបាយរបស់គាត់ ហើយគាត់និយាយគ្មានការទទួលខុសត្រូវ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះគឺប្រាកដជាប៉ះពាល់ដល់ជីវិតនយោយបាយរបស់លោកសម រង្ស៊ី ព្រោះក្នុងពិភពលោកគ្មានអ្នកណាយកទណ្ឌិតធ្វើជាប្រធានគណបក្សនយោបាយនោះទេ។
គម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្តួចផ្តើមកាលពីពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកលើកឡើងថាអ្នកមានទោស នឹងមិនអាចធ្វើជាប្រធាន អនុប្រធាន គណបក្ស នយោបាយបានទេ ហើយបើទោសធ្ងន់ធ្ងរ និងអាចរំលាយគណបក្ស ថែមទៀតផង។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ១៩៩៧ ក្នុងអាណត្តិទី១នៃនីតិកាលរដ្ឋសភា។ ច្បាប់នេះមាន១១ជំពូក និង៤៥មាត្រា ហើយត្រូវបានចុះហត្ថលេខាដោយលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៅខែវិច្ឆិកាឆ្នាំដដែល ដែលកាលណោះ លោក ជា ស៊ីម ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ