លោក សម រង្ស៊ី ៖ប្រជារាស្ត្រខ្មែរ ត្រូវតែរើបម្រះ ពីអាណានិគមនិយមចិន
ចុះផ្សាយនៅថ្ងៃ៖
លោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការជួបជុំអ្នកគាំទ្រនៅសហរដ្ឋអាមេរិកបានជំរុញឲ្យកម្មករខ្មែររើបម្រះពីអ្វីដែលលោកហៅថា «អាណានិគមនិយមចិន»មកលើកម្ពុជា ហើយថាផែនការរបស់បក្សប្រឆាំងគឺធ្វើយ៉ាងណាឲ្យអន្តរជាតិជួយប្រទេសកម្ពុជាឲ្យងាកចេញពីក្រោមឥទ្ធិពលរបស់ចិននេះផងដែរ។ ការថ្លែងរបស់លោក សម រង្ស៊ី បែបនេះ ដោយលោកអះអាងថា សម្ពាធអន្តរជាតិមកលើរដ្ឋាភិបាល លោក ហ៊ុន សែន នឹងកាន់ខ្លាំងឡើងនៅពេលដែលសហភាពអឺរ៉ុបចេញសេចក្តីសម្រេចចុងក្រោយ លើវាសនាEBAនៅខែកុម្ភៈឆ្នាំ២០២០។
នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្របក្សប្រឆាំង នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃ ១៣-១៤ ធ្នូ២០១៩ លោក សម រង្ស៊ី បានអះអាងថា ប្រទេសចិនមិនអាចជួយអ្វីដល់កម្មករខ្មែរបានឡើយ នៅពេលដែលសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAនោះ។
ជាមួយគ្នានោះ លោក សម រង្ស៊ី បានជំរុញឲ្យកម្មកររើបម្រះពីអាណានិគមនិយមចិន ក៏ដូចជា រើបម្រះពីរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះដែរ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិដំណើរការនៅពេលឆាប់ៗខាងមុខ ហើយមានការបោះឆ្នោតឡើងវិញ។
បើតាម លោក សម រង្ស៊ី យុទ្ធសាស្ត្ររបស់បក្សប្រឆាំងនៅពេលនេះ គឺកំពុងតែគឺធ្វើយ៉ាងណាឲ្យសហគមន៍អន្តរជាតិជួយប្រទេសកម្ពុជាឲ្យងាកចេញពីក្រោមអាណានិគមរបស់ចិន ខណៈលោកចោទថា លោក ហ៊ុន សែន កំពុងបើកដៃឲ្យចិនធ្វើអាណានិគមលើប្រទេសកម្ពុជាតាមអំពើចិត្ត។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានហៅការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងរូបនេះថាជា«ការញុះញង់» និងគ្រាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្តាញសារព័ត៌មានតែប៉ុណ្ណោះ ក្រោយពីបរាជ័យក្នុងយុទ្ធសាស្ត្រកាលពីពេលកន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី រំពឹងថា ការប្រើយុទ្ធសាស្ត្រស្វែងរកការគាំទ្រពីអន្តរជាតិខាងលោកសេរីដោយឲ្យកម្ពុជាងាកចេញពីក្រោមឥទ្ធិពលចិននៅពេលនេះ គឺនឹងមានប្រសិទ្ធភាព ខណៈសហរដ្ឋអាមេរិកកំពុងតែបារម្ភពីការពង្រីងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ