លោក សម រង្ស៊ី ថាបើមានការព្យូEBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន
ចុះផ្សាយនៅថ្ងៃ៖
លោក សម រង្ស៊ី បានព្រមានថា លោកនឹងបំផុសឲ្យកម្មករ និងប្រជាពលរដ្ឋខ្មែររាប់ទាំងកសិករផង ឲ្យងើបតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើមានការព្យូEBAនៅក្រោយថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០។ នេះជាការឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរីថាតើអាចមានផែនការវិលចូលស្រុកជាលើកទី២ទេ នៅឆ្នាំ២០២០ខាងមុខ ខណៈលោក សម រង្ស៊ី បានខកខានចូលប្រទេសកម្ពុជាកាលពីថ្ងៃទី៩វិច្ឆិកាកន្លងមកនេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថាសាររបស់លោក សម រង្ស៊ី នឹងមិនមានប្រសិទ្ធភាពឡើយ។
លោក សម រង្ស៊ី អះអាងថា ការបំផុសឲ្យកម្មករតវ៉ាគឺជាការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវចំពោះផលវិបាករបស់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ដោយសារតែបញ្ហាEBA។ បើតាមលោក សម រង្ស៊ី ការព្យូEBA គឺជាកំហុសរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែកម្មករនិងពលរដ្ឋខ្មែរជាអ្នករងផលប៉ះពាល់ទៅវិញ។ លោក អះអាងថានៅពេលកម្មករនិងកសិករជួបផលវិបាកពេលផ្តាច់EBAនោះ គឺសារនយោបាយរបស់លោកតាមរយៈហ្វេសប៊ុកនឹងមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពលរដ្ឋ។
ទោះជាយ៉ាងណាលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា ការបំផុសរបស់មេដឹកនាំបក្សប្រឆាំងរូបនេះនឹងមិនមានឥទ្ធិពលអ្វីឡើយដល់កម្មករ។ បើតាមលោក សុខ ឥសាន ការលើកឡើងរបស់លោក សម រង្ស៊ី គឺជារឿងដដែលៗតាំងដើមមកតែគ្មានប្រសិទ្ធភាពអ្វីឡើយ។
លោក សុខ ឥសាន អះអាងជាថ្មីទៀតថា រដ្ឋាភិបាលមិនមានការបារម្ភអ្វីឡើយ ប្រសិនជាសហភាពអឺរ៉ុបព្យូEBAនៅរយៈពេលជាងមួយខែខាងមុខទៀតនេះ។ ការអះអាងយ៉ាងដូច្នេះដោយលោកសំអាងថារដ្ឋាភិបាលត្រៀមលក្ខណៈរួចជាស្រេចហើយ ខណៈដែលមានក្រុមហ៊ុនជាច្រើនទៀតត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យមកវិនិយោគជាបន្តបន្ទាប់។
សូមរំឭកថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជាបានប្រគល់ជូនគណៈកម្មការអឺរ៉ុប នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងការសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន ដែលអឺរ៉ុបទុកពេលមួយខែឲ្យខ្មែរឆ្លើយតបនោះ។ តាមនីតិវិធីការសម្រេចជោគវាសនាបញ្ហារបស់EBAរបស់កម្ពុជានឹងចេញលទ្ធផលជាផ្លូវការនៅក្រោយថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ